ក្នុងរយៈពេលកន្លងមក គោលការណ៍ និងគោលនយោបាយជាក់លាក់ជាច្រើនចំពោះជនជាតិភាគតិចរបស់បក្ស រដ្ឋ តែងតែត្រូវបានគណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Bac Lieu យកចិត្តទុកដាក់ និងអនុវត្ដទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសគឺកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ ដោយឡែកក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៣ ពីប្រភពទុនបែងចែកពីមជ្ឈិម និងថវិការបស់មូលដ្ឋាន ខេត្ត Bac Lieu បានបញ្ចេញថវិកាជិត ៤២ ពាន់លានដុង ដើម្បី​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ  ឧបត្ថម្ភផលិតកម្ម លំនៅដ្ឋាន ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ផ្លាស់ប្តូរមុខរបរ... ក្នុងនោះ ខេត្ដបានជួយឧបត្ថម្ភសាងសង់ផ្ទះចំនួន ៣៧៩ ខ្នង (៥០លានដុង/ផ្ទះមួយខ្នង) ផ្លាស់ប្តូរមុខរបរសម្រាប់គ្រួសារចំនួន ៦២៨ គ្រួសារ (១០លានដុង/គ្រួសារ) ឧបត្ថម្ភទឹកស្អាតប្រើប្រាស់; វិនិយោគ និងជួសជុលវិទ្យាល័យអន្ដេវាសិកដ្ឋាន; រៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់មនុស្ស ១,២២៩ នាក់; ផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃចំនួន ១៩,៣៩៨ ប័ណ្ណ ជូនប្រជាពលរដ្ឋជាជនជាតិភាគតិច។

leftcenterrightdel
ដោយសារទុនកម្ចីអនុគ្រោះ លោក Danh Thol នៅភូមិ Co Thum ឃុំ Ninh Thanh Loi ស្រុក Hong Dan បានផ្លាស់ប្ដូរមុខរបរទៅចិញ្ចឹមបង្គា  ហើយមានប្រាក់ចំណូលស្ថិរភាព

គ្រួសាររបស់លោក Danh Cong នៅភូមិ Bien Dong A ឃុំ Vinh Trach Dong ទីក្រុង Bac Lieu កាលពីមុនមានជីវភាពរស់នៅជួបការលំបាកខ្លាំង។ ជាច្រើនឆ្នាំមកនេះ គ្រួសារដែលមានសមាជិកទាំង ៦ នាក់ រស់នៅជុំគ្នាក្នុងផ្ទះមួយដែលធ្លាក់ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែដោយសារមិនមានការងារស្ថិរភាព ដូច្នេះបំណងប្រាថ្នាមានផ្ទះមាំទាំនៅតែមិនអាចសម្រេចបាន។ ដោយដឹងពីស្ថានភាពគ្រួសារលោក Danh Cong ដើមឆ្នាំ២០២៤ ឃុំ Vinh Trach Dong បានស្នើឲ្យថ្នាក់លើជួយឧបត្ថម្ភគ្រួសារចំនួន ៥០ លានដុង ដើម្បីសាងសង់ផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ស្តីពីការចិញ្ចឹមសត្វ ដាំដំណាំ និងជួយផ្លាស់ប្តូរមុខរបរផងដែរ អាស្រ័យហេតុនេះ គ្រួសាររបស់គាត់បានងើបចេញពីភាពក្រីក្រ ។

ចំណែកលោក Danh Thol នៅភូមិ Co Thum ឃុំ Ninh Thanh Loi ស្រុក Hong Dan ចាប់តាំងពីទទួលបានទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គម និងការណែនាំបច្ចេកទេសកសិកម្មនោះ វាលស្រែរបស់គ្រួសារបានបង្វែរទៅចិញ្ចឹមបង្គាដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងនិរន្តរភាព ជំនួសឲ្យដីដែលចោលទំនេរកាលពីមុន។

លោក Thol ឲ្យដឹងថា៖ "ដោយមានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន មិនត្រឹមតែគ្រួសារខ្ញុំប៉ុណ្ណោះទេ ថែមទាំងជីវភាពនិងសេដ្ឋកិច្ចរបស់ប្រជាជននៅក្នុងភូមិមានការកែលំអ និងរីកចម្រើនជាងមុនទៀតផង។ ឥឡូវនេះក្នុងភូមិគ្មានមានផ្ទះបណ្ដោះអាសន្ន ឬ ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមទៀតហើយ ការធ្វើដំណើរងាយស្រួល ហើយសិស្សបានទៅសាលាគ្រប់គ្រាន់"។

ទន្ទឹមនឹងការថែទាំជីវភាពរស់នៅ ការអភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចក៏ត្រូវបានខេត្ត Bac Lieu យកចិត្តទុកដាក់ជាពិសេសផងដែរ។ បច្ចុប្បន្ន វត្តខ្មែរទាំង២២ក្នុងខេត្ត ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងអង្គការនានា បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើពិធីសាសនា។ យោងតាមលោក To Thanh Phuong ប្រធានគណៈកម្មាធិការជនជាតិ និងសាសនាខេត្ត Bac Lieu វត្តអារាមនិងផ្ទះវប្បធម៌សហគមន៍របស់ជនរួមជាតិខ្មែរមិនត្រឹមតែជាកន្លែងអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ព្រះសង្ឃផ្សព្វផ្សាយដល់ពុទ្ធសាសនិកឲ្យបានយល់ច្បាស់ និងគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។

ដើម្បីលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតី និងអភិរក្សតម្លៃប្រពៃណីរបស់ជនជាតិភាគតិច នាពេលខាងមុខ ខេត្ត Bac Lieu នឹងបន្តផ្តល់អាទិភាពលើការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អនុវត្តកម្មវិធីនិងគោលនយោបាយជាច្រើនដើម្បី​ជួយលើកកំពស់ជីវភាពប្រជាពលរដ្ឋដូចជា៖ ជួយឧបត្ថម្ភ គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ភាពក្រីក្រ បង្កើតគំរូចិញ្ចឹមជីវិត ជួយឧបត្ថម្ភផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីភាព  អប់រំ ថែទាំសុខភាពនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ ជួយឧបត្ថម្ភដីលំនៅដ្ឋាន ផ្តល់កម្ចីទុនក្នុងអត្រាការប្រាក់អនុគ្រោះដើម្បីអភិវឌ្ឍផលិតកម្ម ... លោក Ngo Vu Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានឲ្យដឹងថា៖ “ទន្ទឹមនឹងការអនុវត្តកម្មវិធីគោលដៅ និងគម្រោងបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែទាំជីវភាពទាំងខាងសម្ភារៈ និងស្មារតី នាពេលខាងមុខ ខេត្តនឹងយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាល និងលើកកម្ពស់កម្រិតវប្បធម៌ដល់កូនចៅរបស់បងប្អូនជនជាតិខ្មែរ។ ជាពិសេសគឺយកចិត្តទុកដាក់លើការអនុវត្តល្អនៃការបង្រៀនភាសា ដើម្បីលើកកំពស់គុណភាពនៃការអប់រំ តម្រង់ទិសការងារ និងជួយឧបត្ថម្ភថ្លៃសិក្សា បង្កើតការងារសម្រាប់កូនៗជាជនជាតិភាគតិចនៅក្នុងខេត្ដ”៕

បកប្រែដោយ Pham Diep