ចាប់តាំងពីអនុវត្តគម្រោងទី៧ (ការថែទាំសុខភាពប្រជាជន ការកែលម្អកាយសម្បទា និងកម្ពស់របស់ជនជាតិភាគតិច ការទប់ស្កាត់កង្វះអាហារូបត្ថម្ភរបស់កុមារ) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី ១៧១៩) ជនចាស់ជរាជាជនជាតិភាគតិចជាច្រើនទទួលបានសេវាសុខាភិបាល ការថែទាំ និងការកែលម្អសុខភាព។

ស្រុក Nam Dong មានប្រជាជនជិត ៤៥% ជាជនជាតិ Co Tu ជនជាតិ Ta Oi ជនជាតិ Pa Co ជនជាតិ Van Kieu... ដើម្បីថែរក្សាសុខភាពប្រជាជន មណ្ឌលសុខភាពស្រុក Nam Dong តែងតែរៀបចំការពិនិត្យសុខភាព ពិនិត្យជំងឺមួយចំនួនជូនជនចាស់ជរា។ ទន្ទឹមនឹងនោះ សកម្មភាពឃោសនាក៏ត្រូវបានរៀបចំពីថ្នាក់ស្រុក ដល់ឃុំ ភូមិ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការពិនិត្យសុខភាពតាមកាលកំណត់។

leftcenterrightdel
ការថែទាំសុខភាពសម្រាប់ជនជាតិភាគតិច (រូបថត៖ dangcongsan.vn)

លោកស្រី Nguyen Ngoc Thich គ្រូពេទ្យ នាយិការងមណ្ឌលសុខភាពស្រុក Nam Dong បានឲ្យដឹងថា កម្មាភិបាល និងបុគ្គលិករបស់មណ្ឌលសុខភាព បានសហការជាមួយមូលដ្ឋាន និងគិលានដ្ឋាន ចុះទៅឃុំនីមួយៗ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើការថែទាំសុខភាពសម្រាប់ប្រជាជន តាមរយៈនោះ នាំមកនូវលទ្ធផលវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងរកឃើញជំងឺមួយចំនួនរបស់ជនចាស់ជរា ជាពិសេសជនជាតិភាគតិចនៅក្នុងមូលដ្ឋាននេះ។

នាពេលកន្លងមកនេះ នៅស្រុក A Luoi មណ្ឌលសុខភាពស្រុកបានកសាង និងរៀបចំសកម្មភាព និងយុទ្ធនាឃោសនាជាច្រើនដោយផ្គត់ផ្គង់សេវាពិនិត្យសុខភាព ជូនជនចាស់ជរា។ ប៉ុន្តែ យោងតាមរបាយការណ៍របស់ស្រុកក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៤ អត្រាជនចាស់ជរាដែលទទួលបានការពិនិត្យសុខភាពប្រចាំមានត្រឹមតែ ២៤.៦% ប៉ុណ្ណោះ។ ដូច្នេះ អាជ្ញាធរមូលដ្ឋាននានាក្នុងស្រុកតែងតែលើកកម្ពស់ប្រសិទ្ធភាពនៃការឃោសនាលើការថែទាំជនចាស់ជរា។ ទន្ទឹមនឹងនោះ ប្រព័ន្ធសេវាថែទាំសុខភាព សេវាពិនិត្យ និងព្យាបាលជំងឺសម្រាប់ជនចាស់ជរានៅមូលដ្ឋានត្រូវបានអភិវឌ្ឍបន្តិចម្តងៗ បង្កើតគំរូថែទាំសុខភាពសម្រាប់ជនចាស់ជរាក្នុងរយៈពេលវែង។

ជារៀងរាល់ឆ្នាំ មន្ទីរប្រជាសាស្រ្តខេត្ត Thua Thien Hue បានរៀបចំការផ្សព្វផ្សាយរួមបញ្ចូលជាមួយការពិនិត្យសុខភាព និងពិនិត្យជំងឺមួយចំនួនជូនចំពោះជនចាស់ជរា ក្នុងបំណងលើកទឹកចិត្តជនចាស់ជរានៅតាមស្រុកដាច់ស្រយាលមកពិនិត្យសុខភាពជាប្រចាំ។ គិលានដ្ឋាន ក៏បានផ្ដល់យោបល់ដល់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ស្ដីពីការចេញផែនការពិនិត្យសុខភាពប្រចាំខែសម្រាប់ជនចាស់ជរា និងណែនាំមនុស្សចាស់ក្នុងការការពារជំងឺ ការព្យាបាល និងថែទាំសុខភាពរបស់ខ្លួន។

លោក Phan Dang Tam ប្រធានមន្ទីរប្រជាសាស្រ្តខេត្ត Thua Thien Hue បានឲ្យដឹងថា ការអនុវត្តគម្រោងទី ៧ នៃកម្មវិធី ១៧១៩ បានរួមចំណែកលើកកម្ពស់គុណភាពនៃការថែទាំសុខភាពសម្រាប់ជនចាស់ជរា ជាពិសេសគឺជនជាតិភាគតិច។ ប៉ុន្តែ ដើម្បីឲ្យសកម្មភាពនេះប្រព្រឹត្តទៅបានទៀងទាត់ និងមានប្រសិទ្ធភាពខ្ពស់ នាពេលខាងមុខ ចាំបាច់ត្រូវមានការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការឃោសនា និងកៀរគរប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន៕

បកប្រែដោយ Thuy Anh