គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានអញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាហ្សង់ទីន និងឈីលី ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា។

leftcenterrightdel
គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយក្រុមសមាជិកសភាមិត្តភាពអាហ្សង់ទីន-វៀតណាម (រូបថត៖ vnanet.vn)

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម នាថ្ងៃទី២ ខែសីហា លោកស្រី Luciana Termine ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសភាតំណាងអាហ្សង់ទីនបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភា រវាងប្រទេសទាំងពីរក្នុងវេទិកាទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌនៃវេទិកាអន្តរសភាអន្តរជាតិ រួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមបានស្នើជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ដើម្បីជំរុញបន្ថែមទៀតការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមចំណែកពង្រីកបន្ថែមទៀតនូវទំហំពាណិជ្ជកម្មរវាងវៀតណាម និងប្រទេសសមាជិក Mercosur និយាយរួម និងអាហ្សង់ទីននិយាយដោយឡែក។ លោក Vu Hong Thanh បានអះអាងថា វៀតណាម និងអាហ្សង់ទីននៅតែមានសក្ដានុពលជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា កសិកម្ម ឧស្សាហកម្ម ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ កីឡា និងកីឡាបាល់ទាត់ ព្រមទាំងបានស្នើឱ្យបើកការហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

គួររំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឈីលី គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានជួបធ្វើការជាមួយលោកស្រី Karol Cariola ប្រធានសភាតំណាងប្រទេសឈីលី;​ បណ្តាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចព្រឹទ្ធសភា និងសភាតំណាង Victor Pino និង Rojo Edward និងប្រធានគណៈកម្មាធិការថាមពលព្រឹទ្ធសភា Juan Luis Castro ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក៏ដូចជាស្ថាប័នរបស់រដ្ឋសភា។ ភាគីទាំងពីរបានឯកភាពបន្តលើកកំពស់តួនាទីនីតិបញ្ញត្តិក្នុងដំណើរការជំរុញទំនាក់ទំនងទ្វេភាគី លើកកំពស់តួនាទីក្រុមសមាជិកសភាមិត្តភាព ហើយទន្ទឹមនឹងនោះ សភានៃប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី។

បកប្រែដោយ Duy Hoan