ក្នុងជំនួបជាមួយលោក He Wei ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម ដែលមកជូនសារតាំង និងសម្តែងការគួរសមនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសម្ដែងការជឿជាក់ថា លោកឯកអគ្គរដ្ឋទូត He Wei ក្នុងអាណត្តិបេសកកម្មនៅវៀតណាម នឹងបំពេញបានល្អនូវតួនាទីជាស្ពានដ៏សំខាន់ រួមចំណែកជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ដោយចាត់ទុកនេះជាជម្រើសយុទ្ធសាស្ត្រ ជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទទួលសារតាំងពីលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោកនឹងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; ជំរុញឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់ចិន សម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីអនុវត្តយ៉ាងជាក់ស្ដែង និងប្រកាន់ខ្ជាប់ទស្សនៈរួមកម្រិតខ្ពស់ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ; បន្តបង្កើនការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ជាប្រចាំ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ; ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យការពារជាតិ និងសន្តិសុខ; ធ្វើឲ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម; ជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជន និងប្រជាជន; រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងវេទិកាអន្តរជាតិ; រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែល្អជាងមុន។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទទួលសារតាំងពីលោក Poshitha Perera ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក Poshitha Perera ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជឿជាក់ថាលោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាក់ស្តែងជាច្រើនក្នុងការជំរុញទំនាក់ទំនងវៀតណាម-ស្រីលង្កា ឱ្យអភិវឌ្ឍបានល្អ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងនូវការប្តេជ្ញារបស់វៀតណាម ជួយស្រីលង្កាក្នុងការអភិវឌ្ឍកសិកម្ម; ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន អភិវឌ្ឍទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងយល់ព្រមបើកការហោះហើរត្រង់រវាងប្រទេសទាំងពីរ។ វៀតណាមត្រៀមខ្លួនជាស្រេចជាស្ពានរវាងស្រីលង្កាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងគាំទ្រស្រីលង្កាក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទទួលជួបលោក Philipp Agathonos ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក Philippo Agathonnos ឯកអគ្គរដ្ឋទូតអូទ្រីស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានឲ្យដឹងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយប្រទេសអូទ្រីស ព្រមទាំងស្នើឲ្យលោកឯកអគ្គរដ្ឋទូតជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដោយហេតុនោះបង្កើតកម្លាំងចលករ សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA); លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអូទ្រីស បង្កើនកិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម; លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ជឿជាក់ថា រដ្ឋសភាអូទ្រីសឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU-វៀតណាម (EVIPA)៕

បកប្រែដោយ Huyen Trang