ជំនះផលវិបាកដោយព្យុះ និងទឹកជំនន់៖ អន្តរជាតិផ្តល់ជំនួយដល់វៀតណាមតាមមធ្យោបាយជាក់ស្តែងជាច្រើន
កប.អនឡាញ - ដោយបង្ហាញពីសាមគ្គីភាព និងការចែករំលែកជាមួយវៀតណាម ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំប្រទេសជុំវិញពិភពលោកបានផ្ញើសារទូរលេខ និងសារចូលរួមរំលែកទុក្ខអំពីការខូចខាតដែលបណ្តាលមកពីព្យុះលេខ ៣ (Yagi)។ ទន្ទឹមនឹងនោះ បណ្តាប្រទេស និងអង្គការអន្តរជាតិក៏បានផ្តល់ជំនួយទាំងធនធានមនុស្ស ទាំងសម្ភារៈដោយផ្ទាល់ និងប្រយោលដល់វៀតណាម ដើម្បីជំនះនូវផលវិបាកនៃព្យុះ។
យោងតាមក្រសួងការបរទេស រហូតមកដល់ពេលនេះ មានប្រទេស និងអង្គការអន្តរជាតិជាង២០ បានសម្រេចចិត្ត ឬគ្រោងនឹងផ្តល់ជំនួយ ដែលមានតម្លៃសរុបជាង ២២ លានដុល្លារអាមេរិក (ប្រហែល ៥៥០ ពាន់លានដុង) និងឧបករណ៍ជាច្រើន ទឹកស្អាត អនាម័យ... រាល់ពាក្យលើកទឹកចិត្តល្អៗ ការសួរសុខទុក្ខ និងការឧបត្ថម្ភជាសម្ភារៈ បង្ហាញពីស្មារតីនៃការចែករំលែក និងការជួយគាំទ្រ ហើយជាប្រភពលើកទឹកចិត្តដ៏មានតម្លៃសម្រាប់វៀតណាមយកឈ្នះលើផលវិបាកនៃព្យុះលេខ ៣ យ៉ាងឆាប់រហ័ស។
ដើម្បីគាំទ្រវៀតណាមជំនះផលវិបាកធ្ងន់ធ្ងរដោយព្យុះលេខ ៣ នោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្យាផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃ ២ លានដុល្លារអាមេរិក ដើម្បីជួយប្រជាជនវៀតណាមស្តារឡើងវិញនូវតំបន់ដែលរងការខូចខាត។ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ក៏ឲ្យដឹងថា ខ្លួននឹងបញ្ជូនទំនិញសង្គ្រោះទៅកាន់ប្រទេសវៀតណាម រួមទាំងតង់ចំនួន ៣០០ និងប្រព័ន្ធចែកចាយទឹកស្អាតចំនួន ២ សម្រាប់បម្រើប្រជាពលរដ្ឋចំនួន ១០០០០ នាក់។ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារ USAID បានផ្តល់ជំនួយចំនួន ១ លានដុល្លារអាមេរិក ដោយសង្កត់ធ្ងន់លើការសន្យារយៈពេលវែងរបស់ខ្លួនចំពោះប្រទេសវៀតណាម ក្នុងការកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ រដ្ឋាភិបាលនូវែលសេឡង់ក៏បានប្រកាសផ្តល់ជំនួយចំនួន ១ លាន NZD ដើម្បីជួយវៀតណាមក្នុងការជម្នះផលវិបាកធ្ងន់ធ្ងរដោយព្យុះ ដោយផ្តោតលើការឆ្លើយតបជាបន្ទាន់ និងការស្តារជីវភាពរស់នៅឡើងវិញ។
|
|
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Andrew Goledzinowski បានប្រគល់ជំនួយដល់លោកស្រី Vu Thi Hien Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Yen Bai (ប្រភព៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម) |
ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Caroline Beresford បានចែករំលែកថា៖ «យើងយល់អំពីផលវិបាកដ៏អាក្រក់ដែលព្យុះ Yagi បានបង្កឡើងលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ប្រជាជនវៀតណាម ពីព្រោះប្រទេសនូវែលសេឡង់ខ្លួនឯងក៏ត្រូវឆ្លងកាត់ការលំបាកយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ និងព្យុះនាបុន្មានឆ្នាំថ្មីៗនេះផងដែរ។ ក្នុងអំឡុងពេលដ៏លំបាកនេះ យើងសង្ឃឹមថាការគាំទ្ររបស់នូវែលសេឡង់នឹងទៅដល់អ្នកដែលត្រូវការជំនួយយ៉ាងឆាប់រហ័ស និងរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ ដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់អាចស្តារឡើងវិញយ៉ាងឆាប់រហ័ស និងត្រឡប់ទៅរកជីវិតធម្មតាវិញ។ ហើយខ្ញុំគ្រាន់តែចង់ឲ្យប្រជាជនវៀតណាមដឹងថាយើងតែងតែប្រកៀកស្មានឹងមិត្ត»។
ដោយបានចូលរួមជួយដល់ប្រទេសវៀតណាម រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយដំបូងដែលមានតម្លៃ ៣ លាន AUD រួមទាំងកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌ ការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងសេវាសំខាន់ៗផ្សេងទៀត; ជាពិសេសចំពោះសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុត និងក្រុមងាយរងគ្រោះបំផុត ដូចជាស្ត្រី កុមារ និងជនពិការ... ផ្ញើការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះការបាត់បង់ដែលបណ្តាលមកពីគ្រោះធម្មជាតិ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Andrew Goledzinowski បានសង្កត់ធ្ងន់លើសាមគ្គីភាព និងការត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងដំណើរការជំនះផលវិបាក និងការកសាងឡើងវិញក្រោយព្យុះ។ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski ក៏បានវាយតំលៃខ្ពស់ចំពោះទិសដៅប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបរហ័សរបស់រដ្ឋាភិបាលវៀតណាមក្នុងការសម្របសម្រួលសកម្មភាពសង្គ្រោះ និងការឆ្លើយតបបន្ទាន់នៅតំបន់រងគ្រោះ។
“មានគោលការណ៍ចំនួនបីដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី គឺមិត្តភាព ទំនុកចិត្ត និងសាមគ្គីភាព។ យើងបានប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនោះក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ហើយជាពិសេសបានរីកចម្រើននៅពេលប្រឈមមុខនឹងការលំបាកខ្លាំងដូចជាព្យុះលេខ ២។ ពេលនេះធ្វើឱ្យគោលការណ៍របស់យើងក្លាយជាការពិតមានអត្ថន័យជាងពេលណាៗទាំងអស់។ វាជារឿងធម្មតាណាស់ដែលអូស្ត្រាលីប្រកៀកស្មា និងគាំទ្រវៀតណាម។ ម៉្យាងវិញទៀត នេះក៏ជាសក្ខីភាពនៃប្រវត្តិសាស្ត្រទាំងមូលរបស់វៀតណាមផងដែរ ដែលគឺចំណងសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងការខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។ ដូច្នេះអារម្មណ៍របស់ខ្ញុំមិនភ្ញាក់ផ្អើលទេ ប៉ុន្តែមានការកោតសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះប្រពៃណីដ៏ល្អរបស់អ្នក”។
|
|
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម Sandeep Arya បានប្រគល់ជំនួយដល់តំណាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (រូបថត៖ vov.vn) |
រួមជាមួយនឹងប្រទេសដទៃទៀត ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការ Sadbhav (បកប្រែជាបណ្តោះអាសន្ន៖ សុច្ឆន្ទៈ) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម Sandeep Arya បាននិយាយថា រដ្ឋាភិបាលឥណ្ឌាទើបតែបានដឹកជញ្ជូនសម្ភារៈជំនួយមនុស្សធម៌ទម្ងន់ ៣៥ តោន ដែលមានតម្លៃ ១ លានដុល្លារទៅកាន់ប្រទេសវៀតណាម។
“ដើម្បីគាំទ្រ និងបង្ហាញចំណងសាមគ្គីភាពជាមួយវៀតណាម រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនយន្តហោះជំនួយពិសេសមួយ ដែលផ្ទុកទំនិញចំនួន ៣៥ តោន រួមមាន៖ ម៉ាស៊ីនបន្សុទ្ធទឹក ភួយ មុង ឧបករណ៍ផ្ទះបាយ ធុងទឹក អំពូលសូឡា ជាតម្រូវការរបស់សហគមន៍ដែលរងផលប៉ះពាល់ ជាពិសេសនៅខេត្ត Tuyen Quang"
ឯកអគ្គរដ្ឋទូត Sandeep Arya ក៏បានអះអាងដែរថា សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌សម្រាប់វៀតណាម គឺជាសក្ខីភាពនៃទំនាក់ទំនងរឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ ដែលត្រូវបានសម្គាល់ដោយភាពជាដៃគូយុទ្ធសាស្ត្រលំទូលាយ; គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់ឥណ្ឌាក្នុងការរួមចំណែកដល់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ាន ស្របតាមគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។
ចំពោះផលវិបាកដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះលេខ៣ ចែករំលែកការលំបាក និងការបាត់បង់ជាមួយប្រជាជនវៀតណាម រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានសម្រេចបញ្ជូនទំនិញជំនួយជាបន្ទាន់ រួមទាំងឧបករណ៍ចម្រោះទឹក និងបន្ទះប្លាស្ទិកពហុមុខងារដល់ ខេត្ត Yen Bai ។ អាស៊ាន និងអង្គការយូនីសេហ្វ ក៏បានដាក់ពង្រាយជំនួយសំខាន់ៗ ដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទឹកស្អាត និងរបស់របរអនាម័យ ទៅកាន់តំបន់រងផលប៉ះពាល់។
អង្គការផ្សេងទៀតដូចជា UN Women និងស្ថានទូតនៃប្រទេសអ៊ឺរ៉ុបកំពុងសម្របសម្រួលជាមួយវៀតណាមដើម្បីកំណត់តម្រូវការបន្ទាន់ និងផែនការគាំទ្រសមស្រប ដើម្បីជួយប្រជាជននៅតំបន់រងគ្រោះជំនះពុះពារផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិយ៉ាងឆាប់រហ័ស។
បកប្រែដោយ Duy Hoan