លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបគណៈប្រតិភូធុរកិច្ចអាមេរិក
កប.អនឡាញ - នាយប់ថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបគណៈប្រតិភូធុរកិច្ចនៃវិស័យអាកាសចរណ៍ អវកាស ការពារជាតិ និងសន្តិសុខ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន (USABC) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមក្នុងឱកាសចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម។
ដោយវាយតំលៃខ្ពស់ចំពោះការចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ របស់គណៈប្រតិភូធុរកិច្ចនៃ USABC លោក Pham Minh Chinh បានចាត់ទុកថា ការតាំងពិព័រណ៍ឆ្នាំនេះមានអត្ថន័យដ៏សំខាន់ ដែលគឺជាសកម្មភាពលេចធ្លោក្នុងចំណោមព្រឹត្តិការណ៍ក្នុងឱកាសពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល។
យោងតាមលោកនាយករដ្ឋមន្ត្រី បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក បន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងជាក់ស្ដែង។ ទំនាក់ទំនងនយោបាយទ្វេភាគីកំពុងអភិវឌ្ឍល្អបំផុត ចាប់តាំងពីការធ្វើឲ្យប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក (ឆ្នាំ១៩៩៥) ហើយប្រទេសទាំងពីរកំពុងឆ្ពោះទៅការរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក។
|
|
លោក Pham Minh Chinh ទទួលជួបគណៈប្រតិភូធុរកិច្ចនៃ USABC (រូបថត៖ baochinhphu.vn) |
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកិច្ចសហប្រតិបត្តិការស្នូល និងជាកម្លាំងចលករក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនេះនៅតែមានច្រើនណាស់ និងមានអត្ថន័យជាច្រើនសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ USABC និងធុរកិច្ចអាមេរិកបន្តផ្លាស់ប្តូរនិងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គការ និងធុរកិច្ច សាជីវកម្មវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ ផលិតកម្មនៅវៀតណាម បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យដែលកំពុងរីកចម្រើន កិច្ចសហប្រតិបត្តិការលើកកំពស់សមត្ថភាពគ្រប់គ្រងឆ្លាតវៃ និងជួយឧបត្ថម្ភដើមទុន។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពង្រីកសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកឱកាសសហប្រតិបត្តិការថ្មី។ ភាគីវៀតណាមប្តេជ្ញាធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ និងកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ធុរកិច្ចអាមេរិកវិនិយោកប្រកបដោយជោគជ័យនៅវៀតណាម។
សមាជិកគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងសក្ដានុពលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់វៀតណាម ហើយសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ សមាជិកគណៈប្រតិភូអះអាងថា សក្តានុភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ ព្រមទាំងឲ្យដឹងថា នឹងបន្តជួយគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ ហើយនឹងបង្កើនការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh