ថ្លែងក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក   Dong Jun ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋាភិបាល និងកងទ័ពចិនចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកអនុវត្ដការព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខ ដែលជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងវៀតណាម-ចិន។

លោករដ្ឋមន្ត្រី Dong Jun បានអបអរសាទរសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបាននាពេលកន្លងមក ក៏ដូចជាសមិទ្ធិផលដែលកងទ័ពប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាង និងរីកចម្រើន ព្រមទាំងសំដែងការជំនឿជាក់ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស To Lam វៀតណាមពិតជានឹងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនក្នុងកិច្ចការផ្លាស់ថ្មីនិងកសាងសង្គមនិយម។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន

ក្នុងបរិយាកាសស្និទ្ធស្នាលនិងមិត្តភាព លោក To Lam អគ្គលេខាបក្ស បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនចិនក្នុងដំណាក់កាលប្រវត្តិសាស្ត្រ។ លោកអគ្គលេខាបក្ស វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរ។ លោកបន្ថែមថាកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិត្រូវបានជំរុញកាន់តែប្រសិទ្ធភាព រួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ ការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ 

លោកអគ្គលេខាបក្ស បានស្នើឱ្យក្រសួងការពារជាតិនិងកងទ័ពនៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការដែលមានស្រាប់ ក៏ដូចជាការស្រាវជ្រាវនិងជំរុញកិច្ចសហប្រតិបត្តិការថ្មីក្នុងវិស័យសក្តានុពល; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនយោបាយ សតិអារម្មណ៍ និងការបណ្តុះបណ្តាលកម្មាភិបាល; ពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន គ្រប់គ្រងនិងដោះស្រាយជម្លោះនៅសមុទ្រ ស្របតាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។

លោករដ្ឋមន្ត្រី Dong Jun បានអះអាងថា ចិនយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរ; កងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្ដការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយរួមជាមួយកងទ័ពប្រជាជនវៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទូលំទូលាយ រួមចំណែកកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យជាយុទ្ធសាស្ត្រ។

* នារសៀលថ្ងៃទី ១៩ ខែធ្នូ លោកឧត្តមសេនីយ៍ឯក Dong Jun និងគណៈប្រតិភូកងទ័ពចិនបានទៅដាក់កម្រងផ្កានៅទីបញ្ចុះសពយោធិន និងអ្នកជំនាញចិនដែលជួយបដិវត្តន៍វៀតណាមនៅសង្កាត់ Sai Dong ខ័ណ្ឌ Long Bien ទីក្រុងហាណូយ។

សូមរំលឹកថា នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Dong Jun និងគណៈប្រតិភូកងទ័ពចិន បានដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងទស្សនាកេរ្ដិ៍ដំណែលប្រធានហូជីមិញ៕

បកប្រែដោយ Pham Diep