ដោយពិនិត្យលើសកម្មភាពការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ចំនួន ៧០០ ដែលបានដាក់ពង្រាយនៅទីភ្នាក់ងារតំណាងវៀតណាមប្រចាំបរទេស និងជាង ៤០០ សកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគនៅតាមមូលដ្ឋាននានាក្នុងស្រុក និងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការងារការទូតសេដ្ឋកិច្ចកាន់តែមានភាពជាក់ស្តែង ជាមួយភាពជាក់ស្តែង ៣ គឺ៖ លទ្ធផលជាក់ស្តែង ផលិតផលជាក់ស្តែង ការរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់ ដែលជាឆ្នាំពន្លឿន និងសម្រេចគោលដៅអភិវឌ្ឍន៍ ដំណាក់កាល២០២១-២០២៥ ផង វាក៏ជាឆ្នាំត្រូវអនុវត្តយ៉ាងប្រញាប់ប្រញាល់ដើម្បីរៀបចំមហាសន្និបាត លើកទី១៤ របស់បក្សផងដែរ។ ដើម្បីឈានដល់គោលដៅនៃប្រាក់ចំណូលមធ្យមកម្រតិខ្ពស់សម្រាប់ប្រជាជននៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវតែសម្រេចបាន ៨% នៅឆ្នាំ ២០២៥ និងសម្រេចបានតួរលេខ ២ ខ្ទង់ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ ដូច្នេះលោកនាយករដ្ឋមន្ត្រីស្នើឱ្យជំរុញការចុះហត្ថលេខាលើក្របខ័ណ្ឌច្បាប់; ផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការ; ពង្រឹងទំនាក់ទំនងរវាងធុរកិច្ចវៀតណាម និងធុរកិច្ចមកពីប្រទេសផ្សេងៗ។ ទន្ទឹមនឹងនោះ ផ្តោតលើការផ្លាស់ប្តូរកម្លាំងចលករជំរុញកំណើនប្រពៃណី ដូចជា៖ ការនាំចេញ ការវិនិយោគ និងការប្រើប្រាស់។ លើកកម្ពស់កម្លាំងចលករជំរុញកំណើនថ្មី ដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក... ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជាក់លាក់ជូនឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារវៀតណាមប្រចាំបរទេសដូចជា៖ ជំរុញឲ្យសហរដ្ឋអាមេរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារក្នុងពេលឆាប់ៗ។ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែន ការតភ្ជាប់ចរាចរណ៍ ជាពិសេសការតភ្ជាប់ផ្លូវដែក។ សហប្រតិបត្តិការជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ាក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ... លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ការទូតសេដ្ឋកិច្ចនឹងបន្តដាក់ពង្រាយយ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពច្នៃប្រឌិត និងសម្រេចបានលទ្ធផលនៅឆ្នាំក្រោយនឹងកាន់តែល្អប្រសើរជាងឆ្នាំមុន។

បកប្រែដោយ Duy Hoan