ធនធានហិរញ្ញវត្ថុចល័តនៅតែមានកម្រិតទាប

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Bui Quang Tuan នាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម ឱ្យដឹងថាក្នុងដំណាក់កាល ២០១១-២០២១ ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគៀងគរការវិនិយោគសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងការអភិរក្សធនធាន និងបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ធនធានហិរញ្ញវត្ថុដែលត្រូវបានប្រមូលដើម្បីអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងនៅមានកម្រិតទាបនៅឡើយបើធៀបនឹងតម្រូវការជាក់ស្តែង។ ការគណនារបស់ក្រសួងផែនការ និងវិនិយោគបង្ហាញថា វៀតណាមត្រូវការថវិកាប្រមាណ ៦០ ពាន់លានដុល្លារ ដើម្បីអនុវត្តកម្មវិធីគោលដៅស្តីពីការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងសម្រាប់ដំណាក់កាល ២០១៦-២០២១។ ជាពិសេស ផែនការវិនិយោគសាធារណៈរយៈពេលមធ្យមអាចសម្រេចបានប្រហែល ២៦ ពាន់លានដុល្លារអាមេរិក ចំនួននៅសល់ត្រូវប្រមូលពីវិស័យធុរកិច្ច។ ការបង្រួមគម្លាតរវាងតម្រូវការវិនិយោគ និងលំហូរហិរញ្ញវត្ថុជាក់ស្តែង កំពុងតែធ្វើឱ្យមានតម្រូវការសម្រាប់ការកែលម្អយន្តការ និងគោលនយោបាយដើម្បីទាក់ទាញការវិនិយោគពីសហគ្រាសរដ្ឋ និងឯកជន ដែលមិនទាន់ត្រូវបានទាញយកសក្តានុពល ឱ្យបានពេញលេញនោះទេ។

លោក Nguyen Duc Minh អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានសង្កត់ធ្ងន់ថា ទោះបីជាវៀតណាមទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនក្នុងការអនុវត្តកំណើនបៃតងនាពេលថ្មីៗនេះក៏ដោយ ក៏នៅតែមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយនាពេលខាងមុខ។ ជាពិសេសតាមគោលដៅជាក់លាក់នៃយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពអនុវត្តយុទ្ធសាស្ត្រកំណើនបៃតងរបស់វៀតណាម។ យើងត្រូវកំណត់អត្តសញ្ញាណឧបសគ្គ និងឱកាសក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពលើកំណើនបៃតង ជាពិសេសផ្នែកស្ថាប័ន និងធនធាន និងមានដំណោះស្រាយ អនុសាសន៍ពីគោលនយោបាយ ដើម្បីអនុវត្តយុទ្ធសាស្ត្រ និងផែនការកំណើនបៃតងប្រកបដោយប្រសិទ្ធភាព។

វាយតំលៃលើការអនុវត្តគោលដៅកំណើនបៃតង លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន វៀតណាមសម្រេចបានសមិទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការផ្លាស់ប្តូរថ្មី។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែស្ថិតក្នុងស្ថានភាពតិចតួចទាក់ទងនឹងប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ ក៏ដូចជាការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងពិភពលោក។ ដូច្នេះហើយ ប្រទេសរបស់យើងត្រូវតែយកចិត្តទុកដាក់ជាពិសេសលើផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការអនុវត្តផែនការដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រកំណើនបៃតងជាតិ ក្នុងបរិបទដែលធនធានថវិការដ្ឋនៅមានកម្រិត ហើយត្រូវតែឆ្លើយតបទៅនឹងបញ្ហាតំបន់ និងពិភពលោកជាច្រើន។

leftcenterrightdel
សវនករធ្វើសវនកម្មលើការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គ

នៅមានភាពមិនគ្រប់គ្រាន់ក្នុងយន្តការ និងគោលនយោបាយ

តាមរយៈការធ្វើសវនកម្មលើប្រធានបទអំពីការគ្រប់គ្រង និងការប្រើប្រាស់ដើមទុននៃកម្មវិធីគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងសម្រាប់រយៈពេល ២០១៦-២០២០ ដែលអនុវត្តដោយសវនកម្មរដ្ឋក្នុងឆ្នាំ ២០២១ សវនកម្មរដ្ឋបានរកឃើញ ហើយមានការវាយតម្លៃ និងអនុសាសន៍ដ៏មានប្រយោជន៍ដើម្បីកែលម្អ លើកប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនបៃតង។

សវនកម្មរដ្ឋបានវាយតម្លៃថា ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមជាអធិបតីក្នុងការអនុវត្តកម្មវិធីគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងសម្រាប់ឆ្នាំ ២០១៦-២០២០ តាមភារកិច្ចដែលបានចាត់តាំងជាម្ចាស់នៃកម្មវិធី បានជាក្រសួងផែនការ និងវិនិយោគ បានធ្វើជាអធិបតីលើការវាយតម្លៃ ការធ្វើឱ្យមានតុល្យភាព និងការបែងចែកដើមទុនវិនិយោគអភិវឌ្ឍន៍នៃកម្មវិធី។ អង្គភាពនានាដែលត្រូវបានបែងចែកដើមទុនដើម្បីអនុវត្តកម្មវិធីបានខិតខំប្រឹងប្រែងជាច្រើនដើម្បីអនុវត្តគោលដៅ និងខ្លឹមសារដែលបានកំណត់។ រាល់គម្រោង និងភារកិច្ចដែលបានបញ្ចប់បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង និងអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិក្នុងការការពារអាកាសធាតុលើផែនដី កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

តាមរយៈការពិនិត្យមើលដំណើរការគ្រប់គ្រង និងការប្រើប្រាស់ដើមទុននៃកម្មវិធីគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងសម្រាប់រយៈពេល ២០១៦-២០២០ សវនកម្មរដ្ឋបានចង្អុលបង្ហាញពីភាពមិនគ្រប់គ្រាន់មួយចំនួននៅក្នុងយន្តការ និងគោលនយោបាយ។ មានចំណុចខ្វះខាតអំពីពេលវេលាដែលវាត្រូវការដើម្បីបញ្ចប់គម្រោងអភិវឌ្ឍន៍ព្រៃឈើ។ យោងតាមបទប្បញ្ញត្តិក្នុងសេចក្តីណែនាំបច្ចេកទេសសម្រាប់ដាំព្រៃឈើក្នុងសេចក្តីសម្រេចលេខ ១២០៥/QD-BNN-TCLN ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ គម្រោងដាំដើមឈើត្រូវការពេល ៤-៥ ឆ្នាំដើម្បីអនុវត្ត បណ្តាជំហាន៖ ដាំ ថែទាំ និងការពារព្រៃឈើ។ ទោះជាយ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ព្រៃឈើថ្មីមួយចំនួនត្រូវបានអនុវត្តនៅឆ្នាំ២០១៩ និង២០២០ ដូច្នេះមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ចប់ក្នុងរយៈពេលអនុវត្តកម្មវិធី (ពីឆ្នាំ២០១៦ ដល់២០២០)។

ដើម្បីបន្តផ្តល់នូវការវាយតម្លៃយ៉ាងទូលំទូលាយ និងស៊ីជម្រៅ នៅឆ្នាំ២០២៤ សវនកម្មរដ្ឋនឹងបន្តធ្វើសវនកម្មតាមប្រធានបទស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មូលនិធិការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងកំឡុងឆ្នាំ ២០២១-២០២៣ នៅក្រសួងធនធានធម្មជាតិ និង បរិស្ថាន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងខេត្ត-ក្រុង៖ Hai Phong, Quang Binh, Quang Tri, Ca Mau, Kien Giang, Quang Ninh, Dien Bien, Lam Dong, Khanh Hoa, An Giang, Dong Thap, Ba Ria-Vung Tau៕

បកប្រែដោយ Minh Trung