លោកគ្រូ Mai Manh Cuong នាយករងអនុវិទ្យាល័យ Nguyen Du បានឲ្យដឹងថា៖ “អនុវិទ្យាល័យ Nguyen Du ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៥។ ឆ្នាំសិក្សា ២០២៣-២០២៤ នេះ សាលាមានបន្ទប់រៀនចំនួន ១២ បន្ទប់ ដែលមានសិស្សសរុបចំនួន ៥១២ នាក់ និងកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកចំនួន ៣០ នាក់។ Dak Nue ជាឃុំលំបាកខ្លាំង ដូច្នេះអនុវិទ្យាល័យ Nguyen Du មានសិស្សជាង ៣៥% ជាសិស្សក្រីក្រ និងកៀកបន្ទាត់នៃភាពក្រីក្រ ដែលក្នុងនោះ សិស្សសាលាមាន ៦០%  ជាជនជាតិភាគតិច។

leftcenterrightdel
អ្នកគ្រូនៅអនុវិទ្យាល័យ Nguyen Du ទៅផ្សារនិងធ្វើម្ហូបសម្រាប់សិស្ស

បច្ចុប្បន្ននេះ សាលាមានសិស្សជាង ៤០០ នាក់ ត្រូវបានទទួលបានគោលនយោបាយអនុគ្រោះតាមអនុក្រឹត្យលេខ ៨១/២០២១/ND-CP ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល “ការកំណត់ស្តីពីការប្រមូលថ្លៃសិក្សា និងគ្រប់គ្រងថ្លៃសិក្សាសម្រាប់គ្រឹះស្ថានអប់រំដែលស្ថិតនៅក្នុងប្រព័ន្ធអប់រំជាតិ និងគោលនយោបាយស្តីពីការលើកលែង និងកាត់បន្ថយថ្លៃសិក្សា ជួយឧបត្ថម្ភសម្រាប់ការសិក្សា និងតម្លៃសេវាកម្មក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល"; សិស្សចំនួន ៧៦ នាក់ ទទួលបានគោលនយោបាយតាមអនុក្រឹត្យលេខ ១១៦/២០១៦/ND-CP ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ របស់រដ្ឋាភិបាល “កំណត់គោលនយោបាយជួយឧបត្ថម្ភសិស្ស និងវិទ្យាល័យនៅតាមឃុំ និងភូមិ ដែលជួបការលំបាកខ្លាំង”។

ឆ្នាំសិក្សា ២០១៣-២០១៤ អនុវិទ្យាល័យ Nguyen Du ត្រូវបានបណ្តាក់ទុនសាងសង់ទីតាំងស្នាក់នៅដែលមានបន្ទប់ចំនួន ៥ បន្ទប់ សម្រាប់សិស្សដែលផ្ទះនៅឆ្ងាយពីសាលារៀន។ ចាប់ពីឆ្នាំសិក្សា ២០១៣-២០១៤ មក ទីតាំងនេះមានសិស្សជាង ៤០ នាក់ មកពីភូមិ៖ Dlay, Dak Sar, (ឃុំ Dak Nue ) ស្នាក់នៅ។ ភូមិទាំងនេះមានចម្ងាយពីសាលាប្រហែល ១៥ ដល់ ៣៥ គីឡូម៉ែត្រ ដូច្នេះ សិស្សត្រូវស្នាក់នៅក្នុងទីតាំងនេះដើម្បីសិក្សា។ ដោយសារស្ថានភាពគ្រួសារជួបការលំបាក សិស្សត្រឹមតែយកអង្ករ អំបិល និងទឹកត្រី មកកន្លែងស្នាក់នៅនិងធ្វើម្ហូបជាមួយគ្នា។ មុខម្ហូបអាហាររបស់សិស្សនៅទីតាំងស្នាក់នេះភាគច្រើនមានតែអង្ករ បន្លែស្ងោរ ទឹកត្រី និងអំបិល។ គ្មានសាច់ឬត្រីទេ។

តាមរយៈការស្វែងយល់ យើងបានដឹងថា បច្ចុប្បន្ននេះ ទីតាំងស្នាក់នៅនៃអនុវិទ្យាល័យ Nguyen Du មានសិស្សស្នាក់នៅចំនួន ៦២ នាក់ ដែលភាគច្រើនជាជនជាតិភាគតិច ដែលធ្វើចំណាកស្រុកពីខេត្តនៅតំបន់ភ្នំភាគខាងជើងមកខេត្ត Dak Lak ហើយសិស្សជាច្រើនមិនទាន់ចុះសំបុត្រអត្រានូលដ្ឋានទេ ដូច្នេះពួកគេមិនទទួលបានគោលនយោបាយអនុគ្រោះតាមអនុក្រិត្យរបស់រដ្ឋាភិបាល ជីវភាពរស់នៅកាន់តែជួបការលំបាក។ ចែករំលែកការលំបាកជាមួយសិស្ស  កម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកនៃអនុវិទ្យាល័យ Nguyen Du បានបង្កើត "ផ្ទះបាយស្នេហ៍" ដែលផ្ដួចផ្ដើមដោយលោកគ្រូ Nguyen Lam Minh ប្រធានក្រុមកុមារឈានមុខនៃអនុវិទ្យាល័យ Nguyen Du ។

អាស្រ័យហេតុនេះ ជារៀងរាល់ខែ គ្រូបង្រៀន និងបុគ្គលិកនៃសាលាបានស្ម័គ្រចិត្តរួមចំណែកប្រាក់ចំណូលមួយផ្នែកគឺ ៣ លានដុង។ បន្ទាប់មក លោកគ្រូអ្នកគ្រូប្តូរវេនគ្នាទៅផ្សារ ហើយធ្វើម្ហូបផ្ទាល់ជូនសិស្សជារៀងរាល់សប្តាហ៍ដែលមានសាច់ជ្រូក គោ ត្រី ពង បន្លែ មើម និងផ្លែឈើ។ គោលបំណងដ៏ធំបំផុតរបស់គ្រូបង្រៀននៅសាលាគឺចង់ចំអិនអាហារបន្ថែមដែលមាន"សាច់" ដើម្បីផ្ដល់ជូនសិស្សជារៀងរាល់ខែ។ ប៉ុន្តែដោយសមត្ថភាពមានកម្រិត បច្ចុប្បន្នសាលាអាចចម្អិនអាហារបានតែមួយពេលសម្រាប់សិស្សក្នុងមួយសប្តាហ៍។

លោកគ្រូ Nguyen Lam Vinh បានចែករំលែកថា៖ "ផ្តើមចេញពីសេចក្តីស្រឡាញ់ចំពោះសិស្សដូចជាកូនៗរបស់ខ្លួន ដូច្នេះចាប់តាំងពីទីតាំងស្នាក់នៅបានបង្កើតឡើង យើងយល់ពីការលំបាក និងការខ្វះខាតរបស់សិស្ស ក្នុងការហូបចុកប្រចាំថ្ងៃ។ ចាប់តាំងពីពេលនោះមក គ្រូបង្រៀនបានឧបត្ថម្ភអាហារដល់សិស្សជាទៀងទាត់ដើម្បីកែលម្អអាហារ  អាស្រ័យហេតុនេះ សាលា​បានសម្រេចចិត្តបង្កើត "ផ្ទះបាយស្នេហ៍"។

អមដំណើរលោកគ្រូ Mai Manh Cuong ទៅទស្សនាទីតាំងស្នាក់នៅដើម្បីសួរសុខទុក្ខសិស្ស យើងខ្ញុំបានដឹងថា ដោយសារការយកចិត្តទុកដាក់ ការគាំទ្រពីកម្មាភិបាល គ្រូបង្រៀន បុគ្គលិកនោះ សិស្សទាំងអស់សិក្សាកាន់តែល្អ។ ហើយផ្ដើមចេញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់និងការចែករំលែករបស់លោកគ្រូ អ្នកគ្រូ ក៏បានផ្ដល់កម្លាំងដល់សិស្សានុសិស្សចំនួន ៦២ នាក់  នៅទីតាំងស្នាក់នៅទៅ​សាលារៀន​ ​និង​បន្ត​សិក្សា​​៕

បកប្រែដោយ Pham Diep