ក្នុងបំណងអនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិ បក្ស និងរដ្ឋ បានដាក់ចេញនូវគោលការណ៍ និងគោលនយោបាយជាច្រើន ដើម្បីទាញយកសក្តានុពលទាំងអស់របស់ប្រទេស បម្រើជីវភាពរស់នៅរបស់ប្រជាជនគ្រប់ជនជាតិ ជម្នះបន្តិចម្តងៗនូវគម្លាតសង្គម លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

បញ្ហាបន្ទាន់មួយដែលទទួលបានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ គឺការធានាបាននូវសុខុមាលភាពសម្រាប់ជនជាតិភាគតិច។ កាលពីប្រហែល ២០ ឆ្នាំមុន នៅទីក្រុង Nghe An ខេត្ត Ha Tinh ជនជាតិភាគតិចថ្មីត្រូវបានរកឃើញជាលើកដំបូង ដោយរស់នៅក្នុងរូងភ្នំដ៏ជ្រៅនៃភ្នំ Truong Son ឬនៅក្នុងព្រៃជាតិ Pu Mat គឺជនជាតិ Chut និងជនជាតិ Dan Lai ។ ដំណើរការនាំប្រជាជនទាំងនោះត្រឡប់ទៅរកជីវភាពប្រក្រតី ទទួលបានគោលនយោបាយជួយគាំទ្រជាក់ស្តែង និងមានប្រសិទ្ធភាពរបស់រដ្ឋ និង​មូលដ្ឋាន។

leftcenterrightdel
គោលនយោបាយជួយគាំទ្រប្រជាពលរដ្ឋជនជាតិភាគតិចលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ (រូបថត៖ vnanet.vn)

ចំពោះជនជាតិភាគតិច Dan Lai ក្នុងបំណងអនុវត្តសេចក្តីសម្រេចចិត្តលេខ 280/2006/QD-TTg របស់នាយករដ្ឋមន្ត្រីស្ដីពីការអនុម័តគម្រោង “ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃជនជាតិ Dan Lai ដែលបច្ចុប្បន្នរស់នៅក្នុងឧទ្យានជាតិ Pu Mat ស្រុក Con Cuong ខេត្ត Nghe An” ក្រុមគ្រួសារ Dan Lai រាប់រយគ្រួសារត្រូវបានបម្លាស់ទីលំនៅទៅកាន់តំបន់ថ្មី។ នៅលំនៅដ្ឋានថ្មីនេះ គ្រឿងបរិក្ខារដូចជា អគ្គិសនី ផ្លូវថ្នល់ សាលារៀន ស្ថានីយ៍ ផ្ទះវប្បធម៌ និងសំណង់បន្ថែម ត្រូវបានកសាងយ៉ាងពេញលេញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនអភិវឌ្ឍផលិតកម្ម និងមានស្ថិរភាពក្នុងជីវភាពរស់​នៅ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ស្ថាប័ន ក្រសួងនានាក៏មានគោលនយោបាយជាច្រើនដើម្បីជួយជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច។

លោក Thao Duc Minh អនុលេខាគណៈកម្មាធិការបក្សឃុំ Sung Chang បានឲ្យដឹងថា ចាប់តាំងពីទទួលបានការជួយគាំទ្រពីរដ្ឋ គ្រប់វិស័យនៃជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្តូរជាច្រើន។ គ្រួសារក្រីក្រនីមួយៗដែលមានតម្រូវការចិញ្ចឹមសត្វ ក៏​ត្រូវបានឧបត្ថម្ភគោ ១ ក្បាល ហើយសិស្សដែលទៅរៀននឹងទទួលឧបត្ថម្ភជាថវិកាផងដែរ។ នេះជាកម្លាំងចលករសម្រាប់គ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ។ អាចនិយាយបានថា ដោយមានគោលនយោបាយជួយគាំទ្រ មុខមាត់ជនបទនៅ Sung Chang មានការផ្លាស់ប្តូរជាវិជ្ជមាន ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានវិនិយោគដោយព្រមៗគ្នា ស្អាត និងរឹងមាំ…។

គោលនយោបាយមួយទៀតដែលបក្ស និងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពេលអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច គឺការធានាអត្ថប្រយោជន៍សុខភាពសម្រាប់ប្រជាជន។ សេចក្តីសម្រេចចិត្តលេខ ២០-NQ/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ នៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ស្តីពីការពង្រឹងការការពារ ការថែទាំ និងលើកកម្ពស់សុខភាពនៃប្រជាជនក្នុងស្ថានភាពថ្មី បានបញ្ជាក់ថា សុខាភិបាលបំរុងបង្ការជាគន្លឹះ សុខាភិបាលមូលដ្ឋានជាមូលដ្ឋានគ្រឹះដើម្បីបំពេញតួនាទីឈានមុខក្នុងការការពារជំងឺ និងការថែទាំសុខភាពសម្រាប់ប្រជាជន។

ក្នុងប៉ុន្មានឆ្នាំកន្លងមក ទន្ទឹមនឹងគោលនយោបាយពង្រឹងនិងពង្រីកបណ្តាញសុខាភិបាលមូលដ្ឋាន រដ្ឋនៅមានគោលនយោបាយជួយគាំទ្រការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ធានាសមធម៌ក្នុងការថែទាំសុខភាព។ យោងតាមអនុក្រិត្យលេខ 20/2021/ND-CP របស់រដ្ឋាភិបាល ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ក្រុមចំនួន ៣ បន្ថែមទៀត នឹងទទួលបានប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ រួមទាំងជនចាស់ជរា ឬកុមារអាយុក្រោម ៣ ឆ្នាំ ដែលជាក្រុមគ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រនៅក្នុងឃុំ និងភូមិជនជាតិភាគតិច ជាពិសេសគឺក្រុមគ្រួសារជួបការលំបាក។

រហូតមកដល់ពេលនេះ ប្រព័ន្ធគោលនយោបាយជនជាតិត្រូវបានចេញផ្សាយយ៉ាងពេញលេញ គ្របដណ្តប់លើគ្រប់វិស័យ ដើម្បីជួយគាំទ្រប្រជាពលរដ្ឋជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ កម្មវិធី និងគោលនយោបាយស្តីពីជនជាតិភាគតិចពិតជានាំមកនូវប្រសិទ្ធភាព ជួយកែលំអជីវភាពរស់នៅរបស់ប្រជាជនជនជាតិភាគតិចទាំងខាងសម្ភារៈ និងស្មារតី៕

បកប្រែដោយ Thuy Anh