នៅតាមមូលដ្ឋានជាច្រើន តាមរយៈការច្នៃប្រឌិត និងការលើកកម្ពស់ធនធានផ្ទៃក្នុងជួរកម្មាភិបាល បក្ខជន និងអ្នកមានកិត្យានុភាព ចលនាអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មីជាច្រើន ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ស្រុក Meo Vac (ខេត្ត Ha Giang ភាគខាងជើងវៀតណាម) គឺជាស្រុកក្រីក្រមួយក្នុងចំណោមស្រុកក្រីក្របំផុតរបស់ប្រទេសដែលមានជនជាតិភាគតិចចំនួន ១៧ រស់នៅ ក្នុងនោះជនជាតិ Mong មានចំនួន ៧៨% នៃចំនួនប្រជាជន។ ជាមូលដ្ឋានដែលមានលក្ខខណ្ឌធម្មជាតិមិនអំណោយផល ភូមិសាស្ត្រស្មុគស្មាញ ការធ្វើដំណើរជួបការលំបាក ខ្វះដីផលិតកម្ម ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ… ដូច្នេះ ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាក។ ប្រឈមមុខនឹងស្ថានភាពនោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្រៅពីគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ស្រុក Meo Vac បានដាក់ពង្រាយចលនាកម្មាភិបាល និងបក្ខជន ជួយឧបត្ថម្ភគ្រួសារក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។

leftcenterrightdel
ផ្ទះស្នាក់ Auberge de Meovac (Chung Pua) (រូបថតឧទាហរណ៍៖ vnexpress.net)

ចលនាបក្ខជនជួយឧបត្ថម្ភគ្រួសារក្រីក្រ និងជនជាតិភាគតិចនៅស្រុក Meo Vac បានចាប់ផ្តើមនៅឆ្នាំ ២០១៤ នៅពេលអនុវត្តផែនការលេខ ១២៧-KH/HU របស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈកម្មាធិការបក្សស្រុក ស្តីពីការជួយឧបត្ថម្ភគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ ចាត់តាំងស្ថាប័ន អង្គភាព កម្មាភិបាល បក្ខជន ដើម្បីជួយឧបត្ថម្ភ និងតាមដានដោយផ្ទាល់ដល់គ្រួសារក្រីក្រចំនួន ១ ឡើងទៅ។ អាស្រ័យហេតុនេះ ដើម្បីឲ្យចលនាជួយឧបត្ថម្ភគ្រួសារក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាក់ស្តែង និងនិរន្តរភាព ស្ថាប័ន សាខាគ្រប់លំដាប់ថ្នាក់របស់ស្រុក ត្រូវអនុវត្តដំណើរការជួយឧបត្ថម្ភគ្រួសារក្រីក្រ ពីការពិនិត្យជាក់ស្តែងដល់ការផ្តល់ដើមទុន ត្រួតពិនិត្យដំណើរការផលិតកម្មរបស់គ្រួសារនីមួយៗ។

ទន្ទឹមនឹងនោះ កម្មាភិបាល និងបក្ខជន បានចុះទៅផ្ទះនីមួយៗ ដើម្បីស្ទង់មើលតម្រូវការជាក់ស្តែងរបស់គ្រួសារក្រីក្រ ដើម្បីមានទិសដៅជួយឧបត្ថម្ភជាក់ស្តែង។ មកទល់បច្ចុប្បន្ននេះ នៅស្រុក Meo Vac មានគ្រួសារជាង ៦០០០ បានរួចផុតពីភាពក្រីក្រ។ កាលពីមុន គ្រួសារលោក Chau Van Binh ជនជាតិ Mong នៅភូមិ Na Tieng ឃុំ Niem Son ស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ អាស្រ័យដោយមានការជួយឧបត្ថម្ភពីកម្មាភិបាលឃុំ លេខាបក្សភូមិ និងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង ឥឡូវនេះ ជីវភាពរស់នៅរបស់គ្រួសារគាត់បានផ្លាស់ប្តូរច្រើន។ លោក Binh បានចែករំលែកថា៖ “លោក Hoang The Dien លេខាបក្សភូមិ បានណែនាំគ្រួសារខ្ញុំឲ្យខ្ចីលុយពីធនាគារគោលនយោបាយសង្គម ដើម្បីទិញក្របី និងជ្រូកសម្រាប់ចិញ្ចឹម ហើយតែងតែមកណែនាំគ្រួសារអំពីរបៀបចិញ្ចឹមសត្វ។ អាស្រ័យហេតុនេះ គ្រួសាររបស់ខ្ញុំមានប្រាក់ចំណូលពី ៥០ ទៅ ៦០ លានដុង ក្នុងមួយឆ្នាំ ហើយឥឡូវនេះបានរួចផុតពីភាពក្រីក្រ”។

មិនត្រឹមតែគ្រួសារលោក Chau Van Binh ប៉ុណ្ណោះទេ នៅស្រុក Meo Vac នៅមានគ្រួសារជាច្រើនដែលទទួលបានផលប្រយោជន៍ពីចលនាកម្មាភិបាល និងបក្ខជនជួយឧបត្ថម្ភគ្រួសារក្រីក្រទៀតផង។ យោងតាមលោក Hong Mi Sinh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac ក្រៅពីការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋ កម្មាភិបាល និងបក្ខជនដែលត្រូវបានចាត់តាំង ដើម្បីជួយឧបត្ថម្ភប្រជាជនពីរបៀបធ្វើការរកស៊ីក្នុងគ្រួសារឱ្យចេះអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យដោយអនុវត្តដំណោះស្រាយស៊ីសង្វាក់គ្នាជាច្រើន រួមទាំងគោលនយោបាយចាត់តាំងកម្មាភិបាល និងបក្ខជន ដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រ ដល់ដំណាច់ឆ្នាំ២០២៣ ចំនួនគ្រួសារក្រីក្រសរុបនៅក្នុងស្រុកមានចំនួន ៩,០៣៥ គ្រួសារ ថយចុះ ១,១៧១ គ្រួសារ បើធៀបនឹងឆ្នាំ២០២២ លើស ៦.៧% នៃផែនការដែលបានកំណត់៕

បកប្រែដោយ Huyen Trang