លោក Thongloun Sisoulith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ បានពាំនាំសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សមាតុភូមិឡាវកសាងប្រទេសជាតិជូនចំពោះបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សមាតុភូមិវៀតណាមចំពោះមរណភាពលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋឡាវ ដឹកនាំដោយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

លោកប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការប្រតិបត្តិមជ្ឈិម រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សឡាវកសាងជាតិ ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងកាន់ទុក្ខថ្នាក់ជាតិរយៈពេលពីរថ្ងៃ ជាពិសេសចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោកអគ្គលេខាបក្ស និងប្រធានរដ្ឋឡាវមកចូលរួមពិធីនេះ ដោយបង្ហាញពីមនោសញ្ចេតនាជាសមមិត្ដ បងប្អូនយ៉ាងជ្រាលជ្រៅ ជិតស្និទ្ធ ស្មោះស្ម័គ្រ ប្រកៀកស្មាគ្នា ចែករំលែករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋ To Lam បានអះអាងថា មិនថាកាន់តំណែងអ្វីណាមួយ លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែឲ្យតម្លៃ និងយកចិត្ដទុកដាក់ ពិសេសជាមួយបដិវត្តន៍ឡាវ និងស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំឡាវ និងលោក Thongloun Sisoulith​ ផ្ទាល់តែងតែយកចិត្តទុកដាក់និងពូនជ្រំទំនាក់ទំនងចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

* នារសៀលថ្ងៃទី២៥ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាម តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋបាន​ទទួលជួបលោក  Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។ បេសកជនពិសេសរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន អញ្ជើញមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាមទទួលជួបលោក  Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន

នៅក្នុងជំនួបនេះ លោក Wang Huning បានពាំនាំសាររំលែកទុក្ខរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនជូនចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការបាត់បង់សម្រាប់បក្ស រដ្ឋ និងប្រជាជនចិន ក៏ដូចជាការបាត់បង់បុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាវិជ្ជមានក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយផ្អែកលើការយល់ដឹងរួម និងកិច្ចព្រមព្រៀងសំខាន់ៗ រវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ  និងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចទ្វេភាគីក្នុងឆ្នាំ ២០២២  និងឆ្នាំ ២០២៣ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋ។ លោក Wang Huning បានអះអាងថា ចិនចាត់ទុកវៀតណាមជាជម្រើសអាទិភាព និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសអ្នកជិតខាង។ លោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមឲ្យតម្លៃ និងផ្តល់អាទិភាពកំពូលដល់ទំនាក់ទំនងជាមួយចិនក្នុងគោលនយោបាយការបរទេស ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម។ ភាគីទាំងពីរបានឯកភាពនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរវាងអគ្គលេខាបក្ស Nguyen Phu Trong និងលោក Xi Jinping អគ្គលេខាបក្ស និងប្រធានរដ្ឋ  ជានិច្ចកាលធ្វើឲ្យប្រសើរនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម និងចិនមានអត្ថន័យជាយុទ្ធសាស្ត្រដ៏ល្អ ស្ថិរភាព  និងយូរអង្វែង ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ  រួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើពិភពលោក និងតំបន់។

* នាថ្ងៃទី ២៥ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ To Lam បានទទួលជួបលោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងអញ្ជើញមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

* នាថ្ងៃទី ២៥ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Suga Yoshihide បេសកជនពិសេសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន និងអតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសអញ្ជើញមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong៕

*​ នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ To Lam ទទួលជួបលោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាក្នុងឱកាសអញ្ជើញមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

*​ នារសៀលថ្ងៃទី២៥ ខែកក្កដា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Tolstoy Petr Olegovich អនុប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី ដែលអញ្ជើញមកវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong៕

បកប្រែដោយ Pham Diep