ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការចូលរួមយ៉ាងសកម្មពីអង្គការនយោបាយសង្គម ការទទួលប្រាក់កម្ចីអនុគ្រោះតាមរយៈកម្មវិធីឥណទានគោលនយោបាយសង្គមបាននាំមកនូវប្រសិទ្ធភាព និងជាជំហានដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល និង​តំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងស្ថេរភាពជីវភាពរស់នៅជាបណ្ដើរៗ។

Dan Tien ជាឃុំដាច់ស្រយាលមួយនៃស្រុក Vo Nhai ដែលមានប្រជាជនភាគច្រើនជាជនជាតិភាគតិច។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រភពទុនកម្ចីអនុគ្រោះបានជួយគ្រួសារជាច្រើនមានលក្ខណ្ឌអភិវឌ្ឍការចិញ្ចឹមសត្វ និងផលិតកម្ម រួចផុតពីភាពក្រីក្រ ក្នុងនោះមានគ្រួសារលោកស្រី Ban Thi Tho ជនជាតិ Dao នៅភូមិ Lang Muoi។ ដោយមានការណែនាំនិងការគាំទ្រពីសមាគមនារីឃុំ Dan Tien លោកស្រី Tho បានខ្ចីទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គមដើម្បីអភិវឌ្ឍផលិតកម្មបសុសត្វ។

leftcenterrightdel
រូបថតឧទាហរណ៍ ( vnanet.vn)

ដោយខំប្រឹងប្រែងធ្វើការរហូតមកដល់ពេលនេះ គ្រួសារលោកស្រីបានរួចផុតពីភាពក្រីក្រ ហើយមានលក្ខណ្ឌសម្រាប់ជួសជុលផ្ទះកំពុងធ្លាក់ទ្រុឌទ្រោម ឡើងវិញ។ លោកស្រី Tho ឲ្យដឹងថា៖ "កាលពីមុន គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់ ទោះបីធ្វើការពេញមួយឆ្នាំក៏ដោយក៏នៅមានពេលការហូបចុកមិនគ្រប់គ្រាន់នោះទេ។ ដោយមានទុនកម្ចីអនុគ្រោះ ខ្ញុំបានទិញគោដើម្បីពង្រីកការចិញ្ចឹមសត្វ និងដាំព្រៃឈើ។ ឥឡូវជីវភាពរស់នៅគ្រួសារកាន់តែប្រសើឡើង"។

មិនត្រឹមតែជួយប្រជាជនក្នុងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងកម្មវិធីផ្ដល់កម្ចីអនុគ្រោះគោលនយោបាយសង្គមបានជួយបងប្អូនជនរួមជាតិនៅស្រុក Vo Nhai មានធនធានសេដ្ឋកិច្ចកាន់តែច្រើន និងលើកកម្ពស់គុណសម្បត្តិដែលមានស្រាប់ដើម្បីរួចផុតពីភាពក្រីក្រ។  ក្នុងនោះមានគ្រួសារលោក Kieu Thuong Chat ជនជាតិ Tay នៅភូមិ Phuong Hoang ឃុំ Phu Thuong ពីមុនមានចម្ការទៀបលើផ្ទៃដីជាង ១ ហិកតា។

នៅឆ្នាំ ២០២១ លោក Chat បានខ្ចីប្រាក់ចំនួន ៨០ លានដុង ពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគលើប្រព័ន្ធទឹកស្រោចស្រពសម្រាប់ចម្ការទៀបរបស់គ្រួសារគាត់។ ដោយមានប្រព័ន្ធទឹកស្រោចស្រពនេះ បានជួយបង្កើនទិន្នផលផ្លែទៀប និងសន្សំសំចៃពេលវេលា និងកម្លាំងពលកម្ម។ បើពីមុន ចម្ការទៀបរបស់គ្រួសារលោក Chat រកចំណូលបានត្រឹមតែ ៧០ លានដុងក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវនេះរកបានជាង ១០០ លានដុង។ លោក Chat បន្ថែមថា៖ "ដោយមានប្រភពទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គម ខ្ញុំបានវិនិយោគយ៉ាងច្រើនលើដំណាំដាំដុះ។ នាពេលខាងមុខ បើមានដើមទុនច្រើនជាង ខ្ញុំនឹងពង្រីកតំបន់ដាំដើមទៀប ដើម្បីបង្កើនប្រាក់ចំណូល"។

ចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន ធនាគារគោលនយោបាយសង្គមស្រុក Vo Nhai បានសម្របសម្រួលជាមួយអង្គការសង្គម-នយោបាយ ដើម្បីផ្តល់ទុនកម្ចីដល់អតិថិជនជាង ៦៧ ពាន់លានដុង។

លោក Pham The Vinh នាយករងការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមស្រុក Vo Nhai ឲ្យដឹងថា “មិនត្រឹមតែអនុវត្តភារកិច្ចបែងចែកដើមទុនដល់គ្រួសារក្រីក្រ មុខសញ្ញាគោលនយោបាយ ជាពិសេសជនជាតិភាគតិច  យើងខ្ញុំក៏សម្របសម្រួលជាមួយអង្គការនយោបាយសង្គមជាច្រើនដូចជា សមាគមនារី សមាគមកសិករ... និងណែនាំឲ្យប្រជាជន​អនុវត្ដ ទម្រង់ និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងរៀបចំថ្នាក់បណ្តុះបណ្តាល និងបង្កលក្ខណៈសម្រាប់ប្រជាជនទៅទស្សនា និងសិក្សាពីទម្រង់ផលិតកម្ម និងធ្វើអាជីវកម្មដែលមានប្រសិទ្ធភាពដើម្បីអនុវត្តនៅមូលដ្ឋាន"។

ការពិតបានបង្ហាញថា ទុនកម្ចីអនុគ្រោះគោលនយោបាយសង្គមបាននិងកំពុងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅស្រុក Vo Nhai។ ឆ្នាំ ២០២២ ទូទាំងស្រុកបានកាត់បន្ថយគ្រួសារក្រីក្រជិត ៦០០ គ្រួសារ បើធៀបនឹងឆ្នាំ ២០២១ (ថយចុះជាង ៣%); រហូតដល់ឆ្នាំ ២០២៣ ស្រុក Vo Nhai មានត្រឹមតែ ២,១៥៦ គ្រួសារ ធ្លាក់ចុះ ៧៤១ គ្រួសារ បើធៀបនឹងឆ្នាំ ២០២២ (ធ្លាក់ចុះជាង ៤%) លើសពីគោលដៅ បើធៀបនឹងផែនការដែលបានដាក់ចេញ៕

បកប្រែដោយ Pham Diep