ជាច្រើនឆ្នាំមកនេះ គ្រួសាររបស់លោកស្រី Ly Thi Dinh ជនជាតិ Mong រស់នៅភូមិ Can Chu Phin ឃុំ Can Chu Phin តែងតែស្ថិតក្នុងបញ្ជីគ្រួសារក្រីក្រនៅក្នុងមូលដ្ឋាន។ ពីមុនសេដ្ឋកិច្ចគ្រួសារទាំងមូលពឹងតែលើស្រែដាំពោតបន្តិចបន្តួច ជួនកាលមិនសូវមានហូប ដូច្នេះអ្នកស្រីមិនដែលគិតថាមានថ្ងៃណាមួយគ្រួសារខ្លួននឹងអាចសង់ផ្ទះថ្មីបានដោយផ្ទះចាស់ចុះទ្រុឌទ្រោមបានទេ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៣ ភាពសប្បាយរីករាយបានកើតឡើងនៅពេលដែលគ្រួសាររបស់អ្នកស្រីបានទទួលការគាំទ្រក្នុងការសាងសង់លំនៅដ្ឋានពីប្រភពថវិកានៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់រយៈពេល ២០២១-២០៣០, ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩)។

leftcenterrightdel
មិន​ត្រឹម​តែ​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​សាងសង់​ផ្ទះ​នោះ​ទេ អ្នកស្រី Ly Thi Dinh ក៏​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១៥ លាន​ដុង ដើម្បី​ចិញ្ចឹមបសុសត្វថែមទៀត

នៅក្នុងផ្ទះទើបសាងសង់ថ្មីទំហំជាង ៧០ ម៉ែត្រការ៉េ អ្នកស្រី Ly Thi Dinh បាននិយាយដោយក្តីរំភើបថា៖ “នៅពេលដែលខ្ញុំទទួលបានដំណឹងថា គ្រួសារខ្ញុំ ទទួលបានការឧបត្ថម្ភសង់ផ្ទះដោយស្រង់ថវិកាពីកម្មវិធី ១៧១៩ គ្រួសាររបស់ខ្ញុំពិតជារំភើបណាស់។ មិនត្រឹមតែគ្រួសារខ្ញុំបានទទួលការឧបត្ថម្ភថវិកាដើម្បីសង់ផ្ទះថ្មីនោះទេ ថែមទាំងគ្រួសារខ្ញុំក៏ត្រូវបានទទួលថវិកាចំនួន ១៥ លានដុង ដើម្បីទិញគោសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ នេះជាកម្លាំងចិត្តសម្រាប់គ្រួសារខ្ញុំឱ្យរួចផុតពីភាពក្រីក្រទៅថ្ងៃអនាគត”។

រីឯចំណែកគ្រួសារលោក Phan Chi Chiem ជាជនជាតិ Dao នៅភូមិ Sung Nhi A ឃុំ Sung Mang កាលពីមុនគ្រួសារទាំងមូលធ្លាប់រស់នៅយ៉ាងចង្អៀតក្នុងផ្ទះទំហំមិនដល់ ៤០ ម៉ែត្រការ៉េ។ ដោយសារមានការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋ រួមជាមួយនឹងប្រាក់សន្សំបាន គ្រួសាររបស់លោក Chiem  ពេលនេះបានសាងសង់ផ្ទះមួយខ្នងដែលមានភាពរឹងមាំ ។ ក្នុងផ្ទះថ្មី លោក Chiem មិនអាចលាក់ភាពត្រេកអរបានទេ៖ “ដោយទទួលបានជំនួយពីថវិកា គ្រួសារខ្ញុំមានផ្ទះរឹងមាំសម្រាប់រស់នៅ សមាជិកគ្រួសារទាំងអស់រំភើបចិត្តណាស់ ហើយអរគុណចំពោះការជួយរបស់រដ្ឋ បក្សនិងអាជ្ញាធរមូលដ្ឋាន"។

Meo Vac ជាស្រុកខ្ពង់រាបជាប់ព្រំដែនខេត្ត Ha Giang ដែលមានប្រជាជនជាង ៩៦% ជាជនជាតិភាគតិច។ ដោយសារសណ្ឋានដីភ្នំថ្ម និងទំហំដីកសិកម្មតូច អត្រាគ្រួសារក្រីក្រក្នុងមូលដ្ឋានមានជាង ៥០%។ ទន្ទឹមនឹងអត្រានៃភាពក្រីក្រ ចំនួនគ្រួសារដែលមានលំនៅដ្ឋានរឹងមាំនៅតែមានកម្រិតទាបណាស់។ ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ កម្មវិធីគោលដៅជាតិចំនួនបីនឹងត្រូវបានដាក់ពង្រាយគឺកម្មវិធីសាងសង់ជនបទថ្មី; កម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធី ១៧១៩ បានបង្កើតធនធានដ៏អស្ចារ្យដើម្បីជួយដល់ស្រុក Meo Vac ជាមូលដ្ឋានដោះស្រាយបញ្ហាសន្តិសុខលំនៅដ្ឋាន ជាពិសេសការលុបបំបាត់ផ្ទះចុះទ្រុឌទ្រោមបណ្តោះអាសន្នសម្រាប់ជនជាតិភាគតិច។

ដោយចាប់ផ្តើមអនុវត្តគោលនយោបាយគាំទ្រលំនៅឋានសម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ ស្រុក Meo Vac បានដាក់ពង្រាយផែនការជាក់លាក់សម្រាប់ទីភ្នាក់ងារ និងមូលដ្ឋាន។ ជាពិសេស គណៈកម្មាធិការប្រជាជនស្រុកបានដឹកនាំស្ថាប័នជំនាញ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំនានាធ្វើការពិនិត្យគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ ដែលត្រូវការជំនួយសាងសង់ថ្មី ឬជួសជុល ដើម្បីបញ្ចូលក្នុងបញ្ជីសម្រាប់ការវិនិយោគ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនស្រុក Meo Vac គិតចាប់ពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ស្រុក Meo Vac ទាំងមូលមានប្រជាជនជិត ១,០០០ គ្រួសារទទួលបានជំនួយសាងសង់ផ្ទះថ្មី និងជួសជុល ក្នុងនោះ ២៥៨ គ្រួសារក្រីក្រជាជនជាតិភាគតិច ទទួលបានជំនួយសាងសង់ផ្ទះថ្មីពីថវិកានៃកម្មវិធី ១៧១៩ (គ្រួសារនីមួយៗទទួលបានថវិកា ៤៤ លានដុង) ។ និយាយជាមួយលោក Ngo Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac បានមានប្រសាសន៍ថា៖ “ស្រុក Meo Vac ជាស្រុកភ្នំដែលមានការលំបាកជាច្រើន ជីវភាពរស់នៅរបស់ប្រជាជននៅមានកម្រិតទាប ដូច្នេះគោលនយោបាយជួយដល់គ្រួសារក្រីក្រ គ្រួសារដែលនៅបន្ទាត់ជិតក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនបានតាំងទីលំនៅ ក្នុងផ្ទះរឹងមាំដែលស្របតាមស្តង់ដារ។ ក្រៅពីការជួយជ្រោមជ្រែង និងការវិនិយោគរបស់រដ្ឋ ការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ស្មារតីសាមគ្គីភាព និងជំនួយរបស់រាល់អង្គការ សមូហភាព ប្រជាពលរដ្ឋនៅតាមភូមិ ក៏ជាធនធានដ៏ធំធេង ដែលរួមចំណែកក្នុងការជួយដល់គ្រួសារដែលមានស្ថានភាពលំបាកឆាប់ៗលុបបំបាត់ផ្ទះទ្រុឌទ្រោម និងផ្ទះដែលមិនធានាគុណភាពនៅក្នុងតំបន់”។

អាចបញ្ជាក់បានថា ដោយសារធនធានពីកម្មវិធីគោលដៅជាតិ ជាពិសេសកម្មវិធី ១៧១៩ បាននិងកំពុងរួមចំណែកធានាសន្តិសុខសង្គមជាវិជ្ជមានសម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំបន់ព្រំដែនដែលនៅតែជួបការលំបាកដូចជាស្រុក Meo Vac ៕

បកប្រែដោយ Minh Trung