បញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពប្រជាជនវៀតណាម ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវ
កប.អនឡាញ - នាថ្ងៃទី ៧ ខែមេសា នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិជូនចំពោះ លោក Thongloun Sisoulith អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីឡាវ។
តាងនាមកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ Ha Tho Binh មេបញ្ជាការយោធភូមិភាគទី៤ បានសម្តែងនូវក្តីទុក្ខសោកចំពោះមរណភាពរបស់លោក Khamtay Siphandone អតីតប្រធានបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ និងប្រជាជនឡាវទាំងអស់។
    |
 |
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ ជូនពរឆ្នាំថ្មីជូនចំពោះលោក Thongloun Sisoulith អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ |
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Ha Tho Binh បានជម្រាបជូនថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលឡាវអំពីស្ថានភាព និងលទ្ធផលលេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ នាពេលកន្លងមកនេះ។ លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំឡាវដែលយកចិត្តទុកដាក់ និងជួយគាំទ្រយោធភូមិភាគទី ៤ បំពេញភារកិច្ចការទូតការពារជាតិដែលបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមប្រគល់ជូន។
នាពេលកន្លងមក បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានសហការយ៉ាងសកម្មជាមួយអង្គភាព និងមូលដ្ឋាននានារបស់ឡាវ ដើម្បីបំពេញភារកិច្ចយោធា និងការពារជាតិប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ យោធភូមិភាគទី៤ បានជួយភាគីឡាវពង្រឹងការពារជាតិ និងសន្តិសុខ។ យោធភូមិភាគទី៤ ក៏បានអនុវត្តដោយជោគជ័យនូវគម្រោងជាច្រើន ដើម្បីគាំទ្រប្រជាជនឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅខេត្ត Xaisomboun ខេត្ត Xiengkhuang ខេត្ត Borikhamxay និងខេត្ត Huaphanh។
បញ្ជាការដ្ឋានយោធភូមិភាគទី ៤ សង្ឃឹមថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវនឹងបន្តយកចិត្តទុកដាក់ដល់ការបញ្ជាឲ្យស្ថាប័នមជ្ឈិម និងមូលដ្ឋាន សហការ និងជួយគាំទ្រកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ ក្នុងការបំពេញភារកិច្ចនៅខេត្ត Huaphanh, ខេត្ត Khammuane ខេត្ត Borikhamxay និងខេត្ត Attapeu។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្នើឲ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមទាំង ៦ នៃយោធភូមិភាគ សម្រេចបានជោគជ័យនូវភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅប្រទេសឡាវ។
    |
 |
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ ជូនពរឆ្នាំថ្មីជូនចំពោះលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ |
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលឡាវ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង តួនាទី និងការរួមចំណែកជាក់ស្តែងរបស់យោធភូមិភាគទី៤ ក្នុងការគាំទ្រការអភិវឌ្ឍរបស់ប្រទេសឡាវ ជាពិសេសនៅតំបន់ដាច់ឆ្ងាយស្រយាល និងមានស្ថានភាពលំបាក។ សកម្មភាពទាំងនេះរួមចំណែករក្សាស្ថិរភាពនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង និងអនុវត្តកម្មវិធីសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាព បន្តពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម។
នាថ្ងៃដដែល ក្រុមបេសកកម្មបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់លោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ៕
បកប្រែដោយ Thuy Anh