អ្នកយកព័ត៌មាន (PV)៖ តើលោកអាចប្រាប់ឲ្យដឹងអំពីលទ្ធផលលេចធ្លោដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន ក្នុងរយៈពេលថ្មីៗនេះបានទេ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ៖ វៀតណាម និងចិនជាអ្នកជិតខាងជិតស្និទ្ធ ហើយប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង។ ចាប់តាំងពីភាគីទាំងពីរបង្កើតក្របខណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០០៨ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងរឹងមាំ ទូលំទូលាយ និងគួរឱ្យកត់សម្គាល់ក្នុងវិស័យជាច្រើន។
ការជឿទុកចិត្តផ្នែកនយោបាយត្រូវបានពង្រឹង តាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ លោក Nguyen Phu Trong អគ្គលេខាបក្ស (ខែតុលា ឆ្នាំ ២០២២) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី ៣ នៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (ខែធ្នូ ឆ្នាំ ២០២៣) ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយកសាង "សហគមន៍ចែករំលែកអនាគតវៀតណាម - ចិន មានអត្ថន័យយទ្ធសាស្ត្រ" តាមទិសដៅបើកទូលាយ “៦ ជាង” បើក ដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនរបស់ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម (ខែសីហា ឆ្នាំ២០២៤) ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ បានបន្តអះអាងថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាអាទិភាពកំពូល ដែលជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេស និងទំនាក់ទំនងការទូតជិតខាងរបស់វៀតណាម និងចិន និងបានឯកភាពគ្នាក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្គ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្រ្ត" រវាងប្រទេសទាំងពីរ អាស្រ័យលើនេះ បង្កើនកម្លាំងចលករ ដើម្បីរក្សាការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី បង្កើតការរីករាលដាលដ៏ខ្លាំងក្លាដល់គ្រប់កម្រិត និងគ្រប់វិស័យ នៃភាគីទាំងពីរ បង្កើតបរិយាកាសសហប្រតិបត្តិការដ៏រស់រវើក និងជាក់ស្តែង និងជំរុញការសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
អំពីក្របខ័ណ្ឌពហុភាគី ប្រទេសទាំងពីរបានពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគីអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាតំបន់ ដូចជា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS) ជាដើម។ ថ្មីៗនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមសន្និសីទ GMS8 នៅប្រទេសចិន (ខែវិច្ឆិកា ឆ្នាំ២០២៤) ដែលមេដឹកនាំនៃប្រទេសវៀតណាម ចិន និងបណ្តាប្រទេសជាសមាជិកបានអះអាងនូវកិច្ចសហប្រតិបត្តិការមិត្តភាព និងសាមគ្គីភាពរវាងបណ្តាប្រទេស ហើយបានឯកភាពគ្នាសម្រេចបាននូវសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមសម្រាប់អនាគតដ៏ភ្លឺស្វាង ជាមួយនឹងការប្តេជ្ញាចិត្តរួម សំឡេងរួម និងសកម្មភាពរួមសម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។
លើសពីនេះ ភាគីទាំងពីរគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាបានសមស្រប រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ដោយឈរលើមូលដ្ឋាន “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្រវៀតណាម-ចិន” ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១១ និងតាមរយៈយន្តការនៃការចរចារថ្នាក់រដ្ឋាភិបាលស្តីពីព្រំដែនគោកវៀតណាម-ចិន រួមជាមួយនឹងយន្តការផ្លាស់ប្តូរ និងចរចាលើបញ្ហាសមុទ្រ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរទៀងទាត់ ជំរុញការដោះស្រាយទាន់ពេលវេលានៃបញ្ហាដែលកើតឡើង ដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសមស្រប និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យមិនសូវរសើបនៅសមុទ្រ រួមចំណែករក្សាស្ថិរភាព និងស្ថិរភាពក្នុងតំបន់។
អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់ឲ្យដឹងអំពីអត្ថន័យ និងការរំពឹងទុកនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្សរ និងជាប្រធានរដ្ឋចិន បានទេ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ៖ ដោយប្រព្រឹត្តទៅមិនដល់មួយឆ្នាំក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសចិន ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន គឺជាព្រឹត្តិការណ៍នយោបាយបរទេសដ៏សំខាន់របស់បក្ស និងប្រទេសទាំងពីរ ជាមួយនឹងអត្ថន័យជាយុទ្ធសាស្ត្រ និងជះឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានចូលយុគសម័យថ្មី។ នេះគឺជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក Xi Jinping ទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាមេដឹកនាំកំពូលនៃបក្ស និងរដ្ឋចិន និងជាដំណើរទស្សនកិច្ចលើកទីពីរក្នុងអាណត្តិ មហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម និងមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។ ជាពិសេសេ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាស “ឆ្នាំផ្លាស់ប្តូរមនុស្សសាស្រ្តវៀតណាម - ចិន” រំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (១៩៥០-២០២៥)។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម កំពុងទន្ទឹងរង់ចាំ និងរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានលទ្ធផលល្អក្នុងវិស័យដូចខាងក្រោម៖
ទីមួយ ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ជាពិសេសការជួបប្រាស្រ័យទាក់ទងរវាងមេដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ អាស្រ័យលើនេះពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយ ការចែករំលែកបទពិសោធន៍ក្នុងអភិបាលកិច្ច និងការអភិវឌ្ឍជាតិ តម្រង់ទិសការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញក្នុងស្ថានភាពអន្តរជាតិ និងតំបន់។
ទីពីរ កំណត់ទិសដៅសំខាន់ៗ និងផ្នែកសំខាន់ៗសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសទាំងពីរ ក្នុងទិសដៅបង្កើនគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។ ជំរុញការបង្កើត “ចំណុចភ្លឺ” ក្នុងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ជាពិសេស លើវិស័យដែលវៀតណាមមានតម្រូវការ ហើយចិនមានឧត្តមភាព ដូចជា ផ្លូវដែក ពាណិជ្ជកម្មកសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង… ដើម្បីបំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ តាមការរំពឹងទុក ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការប្រមាណ ៤០ លើវិស័យជាច្រើន បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត នាពេលខាងមុខ។
ទីបី ផ្សព្វផ្សាយផលវិជ្ជមាននៃដំណើរទស្សនកិច្ចទៅកាន់គ្រប់កម្រិត គ្រប់វិស័យ និងប្រជាជននៃភាគីទាំងពីរ ជំរុញការអនុវត្តជោគជ័យនៃ “ឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន” ឆ្នាំ ២០២៥ បង្កើនការផ្លាស់ប្តូរមិត្តភាពរវាងអង្គការមហាជន និងអង្គការនយោបាយសង្គម ពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា នៃប្រទេសទាំងពីរ អាស្រ័យលើនេះបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក លើកកម្ពស់មិត្តភាពជាប្រពៃណី និងការពង្រឹងទំនាក់ទំនងទ្វេភាគី។
ទីបួន៖ តាមរយៈការផ្លាស់ប្តូរក្នុងស្មារតីស្មោះត្រង់ ការយោគយល់គ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឲ្យបានសមស្រប ការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្របានល្អប្រសើរ ស្របតាមទស្សនៈរួមកម្រិតខ្ពស់ និងមិនទុកឱ្យបញ្ហាដែនសមុទ្រប៉ះពាល់ដល់ការអភិវឌ្ឍល្អនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើពិភពលោក។
នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះនឹងប្រព្រិត្តទៅ។ ខ្ញុំជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការរៀបចំយ៉ាងយកចិត្តទុកដាក់របស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន នឹងទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ក្លាយជាព្រឹត្តិការណ៍សំខាន់ថ្មី ក្នុងទំនាក់ទំនងមិត្តភាពជិតខាង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង "សហគមន៍ចែករំលែកអនាគតរួម វៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ"។
អ្នកយកព័ត៌មាន៖ សូមអរគុណ
បកប្រែដោយ Duy Hoan