អ្នកយកព័ត៌មាន៖ ជាបឋម សូមលោកឲ្យដឹងអំពីអំពីលទ្ធផលដែលក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាមសម្រេចបានក្នុងដំណើរទៅជួយទ្រប្រទេសមិត្តមីយ៉ាន់ម៉ាជម្នះលើផលវិបាកបណ្តាលពីការរញ្ជួយដី?
លោកឧត្តមសេនីយ៍ត្រី Pham Van Ty ៖ អនុវត្តតាមការដឹកនាំរបស់ថ្នាក់លើ ក្រសួងការពារប្រទេសវៀតណាមបានចាត់បញ្ជូននាយទាហាន និងយោធិនជំនាញចំនួន ៨០ នាក់ឱ្យចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមការជួយសង្គ្រោះគ្រោះរញ្ជួយដី ចាប់ពីថ្ងៃទី៣០ ខែមីនា មកសព្វថ្ងៃនេះ។
នៅពេលទៅដល់អាកាសយានដ្ឋាន Yangon ភ្លាមៗក្រុមជួយសង្គ្រោះបានចេញធ្វើដំណើរបន្តជាង ៥០០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់រដ្ឋធានី Naypyidaw។ នៅទីនេះក្រុមជួយសង្រ្គោះ បានជួបពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធយ៉ាន់ម៉ាដើម្បីកំណត់តំបន់ស្វែងរក ក៏ដូចជាវិធីសាស្ត្រសម្របសម្រួល ដើម្បីធានាការស្វែងរកដំណើរយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពបំផុត។
នៅទីក្រុង Naypyidaw ក្រុមជួយសង្គ្រោះបានដាក់ពង្រាយភារកិច្ចស្វែងរកជនរងគ្រោះនៅទីកន្លែងចំនួនបី គឺ៖ អាគារផ្ទះល្វែង Bala Tidi មន្ទីរពេទ្យ Ottara Thiri និងសណ្ឋាគារ Aye Chan Thar។ នៅទីកន្លែងទាំង ៣ នេះ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឆ្កែជំនាញ និងឧបករណ៍ ដើម្បីស្វែងរកទីតាំងចំនួន ៣២ ដែលមានជនរងគ្រោះជាប់គាំងនៅក្រោមគំនរបាក់បែក និងរៀបចំស្វែងរកដោយផ្ទាល់នៅទីតាំងចំនួន ២០ យកសាកសពជនរងគ្រោះចំនួន ២១ នាក់ចេញពីគំនរបែកបាក់។
ជាពិសេស ក្រុមជួយសង្គ្រោះបានសម្របសម្រួលជាមួយកងកម្លាំងជួយសង្គ្រោះនៃប្រទេសមីយ៉ាន់ម៉ា និងតួកគី ដើម្បីជួយសង្គ្រោះយុវជននៅរស់ម្នាក់ អាយុ ២៦ ឆ្នាំ ទទួលបានការគោរពពីប្រជាជនក្នុងតំបន់ និងកងកម្លាំងជួយសង្គ្រោះនៃប្រទេសមិត្ត។ ដោយឡែកនៅទីតាំងទាំងនេះ ក្រុមជួយសង្គ្រោះបានរកឃើញទ្រព្យសម្បត្តិ និងឧបករណ៍ជាច្រើនមានតម្លៃរាប់សែនដុល្លារ បន្ទាប់មកបានប្រគល់ជូនមន្ទីរពេទ្យ Ottara Thiri និងប្រជាពលរដ្ឋ។
    |
 |
លោកឧត្តមសេនីយ៍ត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម |
គួរនិយាយបន្ថែមថា ក្នុងតំបន់ដែលក្រុមជួយសង្គ្រោះដាក់ពង្រាយការស្វែងរក មានអាកាសធាតុក្តៅខ្លាំង សីតុណ្ហភាពលើសពី ៤០ អង្សាសេ សាកសពបានរលួយឬលិចក្នុងទឹក បានបំពុលបរិស្ថានខ្លាំង ហើយកន្លែងបាក់រលំក៏បង្កគ្រោះថ្នាក់ដល់កងកម្លាំងជួយសង្គ្រោះក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។ តាមរយៈការពិភាក្សាការងារជាមួយភាគីមីយ៉ាន់ម៉ា យើងបានដឹងថា ពីមុន មានក្រុមជួយសង្គ្រោះបរទេសជាច្រើនបានមកស្រាវជ្រាវទីតាំងទាំងនេះ ប៉ុន្តែពួកគេទាំងអស់បានចាកចេញទៅ ដោយសារតែភាពស្មុគស្មាញ និងគ្រោះថ្នាក់។ ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ (ក្រសួងមហាផ្ទៃ នៃប្រទេសមីយ៉ាន់ម៉ា) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលពោលខាងលើ ហើយបាននិយាយថា ក្រុមជួយសង្គ្រោះវៀតណាម ជាក្រុមបានរកឃើញសាកសពជនរងគ្រោះច្រើនបំផុត និងមានសកម្មភាពដ៏មានន័យបំផុតក្នុងចំណោមក្រុមជួយសង្គ្រោះបរទេសដែលបានមករដ្ឋធានី Naypyidaw។
ក្រៅពីការងារជួយសង្គ្រោះ ក្រុមជួយសង្គ្រោះមានសកម្មភាពមនុស្សធម៌ជាច្រើននៅតំបន់រងគ្រោះរញ្ជួយដី ដែលបានជួយឧបត្ថម្ភ និងប្រគល់អាហារស្ងួតចំនួន ៤០ តោន និងតង់មួយចំនួន ជូនមីយ៉ាន់ម៉ា (មិនរាប់បញ្ចូលទំនិញដែលក្រសួងការពារប្រទេសវៀតណាមទើបតែសម្រេចផ្តល់ជំនួយបន្ថែម)។ សមាជិក នៃក្រុមជួយសង្គ្រោះបានរៃអង្គាសប្រាក់ចំនួន ៥០០០ ដុល្លារ ជូនគ្រួសារជនរងគ្រោះ ហើយបានរៀបចំពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ជាង ២០០ នាក់ ក្នុងបរិបទដែលមន្ទីរពេទ្យក្នុងទីក្រុង Naypyidaw ត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី ខ្វះថ្នាំពេទ្យ និងឧបករណ៍ពេទ្យ។
លើសពីនេះ ក្នុងអំឡុងពេលស្នាក់នៅប្រទេសមីយ៉ាន់ម៉ា ក្រុមជួយសង្រ្គោះបានអនុវត្តល្អសកម្មភាពកិច្ចការបរទេស ជួបប្រាស្រ័យទាក់ទង និងចែករំលែកបទពិសោធន៍ជួយសង្គ្រោះជាមួយស្ថាប័នជំនាញ នៃប្រទេសមីយ៉ាន់ម៉ា តួកគី និងអេមីរ៉ាតអារ៉ាប់រួម (UAE)។
អ្នកយកព័ត៌មាន៖ តើក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាមបានដកបទពិសោធន៍អ្វីខ្លះពីការចូលរួមជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ាលើកនេះ?
លោកឧត្តមសេនីយ៍ត្រី Pham Van Ty៖ អាចបញ្ជាក់បានថា ការដែលវៀតណាមចាត់បញ្ជូនកងកម្លាំងនៃកងទ័ពប្រជាជនវៀតណាមទៅចូលរួមសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានរួមចំណែករីកសាយភាយស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ ប្រពៃណីល្អរបស់ប្រទេសជាតិ និងភាពថ្លៃថ្នូររបស់កងទ័ពលោកអ៊ំហូ និងមានអត្ថន័យជ្រាលជ្រៅក្នុងទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា អាស្រ័យលើនេះ បានចែករំលែក និងជួយប្រជាជននៃប្រទេសមិត្តឆ្លងកាត់ការលំបាកនាពេលបច្ចុប្បន្ន។
កម្លាំងមានសមត្ថកិច្ច នៃប្រទេសមិត្ត ក៏ដូចជាកងកម្លាំងជួយសង្គ្រោះ នៃប្រទេសផ្សេងៗ បានវាយតម្លៃខ្ពស់ចំពោះជំនាញវិជ្ជាជីវៈ សមត្ថភាព ភាពក្លាហាន ភាពវៃឆ្លាត និងការច្នៃប្រឌិត របស់កម្លាំងវិស្វកម្ម កម្លាំងពេទ្យយោធា និងឆ្កែជំនាញ របស់ក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម ក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ជាពិសេសក្នុងករណីលំបាកដែលប្រទេសសាមី និងក្រុមជួយសង្គ្រោះបរទេសមួយចំនួនមិនអាចដោះស្រាយបាន។ ដំណើរទៅជួយសង្រ្គោះគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាបានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់កម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាម ជួយពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ។ ហើយតាមគំនិតរបស់ខ្ញុំ បទពិសោធន៍ទាំងនេះត្រូវតែបូកសរុប និងរៀបរៀងជាឯកសារយោង ដើម្បីបម្រើសម្រាប់ការចាត់បញ្ជូនក្រុមជួយសង្គ្រោះទៅក្រៅប្រទេស និងធ្វើការក្នុងលក្ខណៈអន្តរជាតិ នាពេលអនាគត។
ចំណុចមួយទៀតដែលធ្វើឱ្យសមាជិកម្នាក់ៗក្នុងក្រុមមានមោទនភាពយ៉ាងខ្លាំងនោះគឺ នៅតំបន់ដែលក្រុមជួយសង្គ្រោះឆ្លងកាត់ ឬដាក់ពង្រាយការស្វែងរកជនរងគ្រោះនោះ យើងតែងតែត្រូវបានប្រជាជនទទួលស្វាគមន៍ ផ្តល់ទឹកសុទ្ធ រួមទាំងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត្តរបស់ពួកគេ។
អ្នកយកព៌ត៌មាន ៖ បន្ទាប់ពីប៉ុន្មានថ្ងៃបំពេញបេសកកម្ម ដោយត្រូវប្រើកម្លាំងខ្ពស់ និងប្រឈមមុខនឹងការលំបាកជាច្រើននោះ តើសុខភាព និងស្មារតីរបស់សមាជិកនៃក្រុមជួយសង្រ្គោះនាពេលនេះយ៉ាងដូចម្តេចដែរ?
លោកឧត្តមសេនីយ៍ត្រី Pham Van Ty ៖ ក្នុងការរៀបចំ ដាក់ពង្រាយការងារជួយសង្គ្រោះ ក្រុមជួយសង្គ្រោះទទួលបានការដឹកនាំ ការយកចិត្តទុកដាក់ និងការលើកទឹកចិត្ត ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងស្ថាប័ន អង្គភាពពាក់ព័ន្ធមួយចំនួន។ ចាប់ពីពេលដែលបានទៅដល់ប្រទេសមីយ៉ាន់ម៉ា ក្រុមជួយសង្គ្រោះក៏ទទួលបានការគាំទ្រយ៉ាងមានប្រសិទ្ធភាពពីស្ថានទូត ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុន Mytel ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍ យោធា (Viettel) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការគាំទ្រ និងលើកទឹកចិត្តទាន់ពេលវេលានោះ រួមជាមួយនឹងស្មារតីទទួលខុសត្រូវ សាមគ្គីភាព គោរពវិន័យ សមត្ថភាព និងភាពក្លាហានជម្នះការលំបាករបស់សមាជិកម្នាក់ៗក្នុងក្រុម គឺជាកត្តាដែលជួយយើងបំពេញល្អកិច្ចការដែលបានប្រគល់ជូន។
ក្រុមទាំងមូលនៅតែមានសុខភាពល្អ និងស្មារតីល្ អហើយមានក្តីរំភើបជាខ្លាំងដែលបានបញ្ចប់បេសកកម្មដ៏មានអត្ថន័យ ពោលគឺជួយប្រទេស និងប្រជាជនមីយ៉ាន់ម៉ា បន្ធូរបន្ថយការឈឺចាប់ និងការបាត់បង់ ដែលបណ្តាលមកពីគ្រោះមហន្តរាយរញ្ជួយដី។
ដោយស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងជួយគាំទ្រប្រទេសជាមិត្តនោះ ក្រុមជួយសង្គ្រោះទទួលបានសារលិខិតកោតសរសើរ និងលើកទឹកចិត្ត ពីលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ មេបញ្ជាការសក្រុមជួយសង្គ្រោះក៏បានស្នើក្រសួងការពារប្រទេស ឲ្យមានការកោតសរសើរសមស្របសម្រាប់អង្គភាព និងបុគ្គលនានាដែលបានបំពេញភារកិច្ចបានល្អក្នុងការចូលរួមជួយសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕
អ្នកយកព័ត៌មាន៖ សូមអរគុណ