វៀតណាមមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូជាមួយបារាំង
កប.អនឡាញ - នេះជាការបញ្ជាក់របស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក្នុងជំនួបជាមួយលោក Laurent Saint-Martin រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងជនជាតិបារាំងនៅឯបរទេសនាថ្ងៃទី ១២ ខែមេសា។
នៅទីស្នាក់ការរដ្ឋាភិបាល ដោយពិភាក្សាអំពីបញ្ហាប្រឈម និងការលំបាកនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សា និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ទន្ទឹមនឹងនោះ ជំរុញពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងក្លា បើកទូលាយទីផ្សារបន្ថែមទៀតដល់គ្នាទៅវិញទៅមក ជាពិសេសតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់បានល្អនូវឱកាសដ៏អស្ចារ្យពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Laurent Saint-Martin រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនិងជនជាតិបារាំងនៅឯបរទេស (រូបថត៖ baochinhphu.vn) |
ភាគីទាំងពីរឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពលកកើតឡើងវិញ ថាមពលបៃតង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ លំហអវអាកាស ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ semiconductor។ល។
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា សុខាភិបាល វប្បធម៌ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ព្រមទាំងស្នើឲ្យអាជ្ញាធរបារាំងយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅបារាំង។ ភាគីវៀតណាមបានអះអាងថា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិបារាំង ក៏ដូចជាសហគ្រាសបារាំងមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងយូរអង្វែងនៅវៀតណាម។
រីឯលោក Laurent Saint-Martin បានអះអាងនូវការសន្យាជំរុញឱ្យរដ្ឋសភាបារាំងធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម៕
បកប្រែដោយ Huyen Trang