បង្កើនកិច្ចសហប្រតិបត្តិការលើការងារបក្ស និងការងារនយោបាយរវាងកងទ័ពវៀតណាម និងឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី ១៧ ខែមករា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ លោកឧត្តមសេនីយ៍ឯក Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩/ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥) ក្នុងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Le Quang Minh បានអបអរសាទរចំពោះលោករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ កម្មាភិបាល និងយុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនឡាវ ហើយសម្តែងនូវការជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងឡាវនឹងកាន់តែរឹងមាំ។
|
|
លោកឧត្តមសេនីយ៍ឯក Le Quang Minh ពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone |
លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមជូនដល់កងទ័ពប្រជាជនឡាវ ហើយអះអាងថា ជំនឿទុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្ររវាងកងទ័ពទាំងពីរនឹងកាន់តែកើនឡើង។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏បានសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា យន្តការពហុភាគី និងព្រឹត្តិការណ៍អន្តរជាតិដែលភាគីនីមួយៗរៀបចំឡើង។
នាពេលខាងមុខ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការងារបក្ស និងការងារនយោបាយ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយរវាងកងទ័ពទាំងពីរ ផ្សព្វផ្សាយ និងអប់រំ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ជម្រុញការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលពលីជីវិតនៅប្រទេសឡាវក្នុងសម័យសង្គ្រាម។
* នារសៀលថ្ងៃទី ១៧ ខែមករា នៅរដ្ឋធានីវៀងច័ន្ទ លោកឧត្តមសេនីយ៍ឯក Le Quang Minh បានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការដ្ឋាននយបាយកងទ័ពប្រជាជនឡាវ។
|
|
លោកឧត្តមសេនីយ៍ឯក Le Quang Minh ចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim |
លោកឧត្តមសេនីយ៍ឯក Le Quang Minh បានអបអរសាទរចំពោះលោក Vongsone Inpanphim ដែលត្រូវបានបក្ស រដ្ឋ និងកងទ័ពប្រជាជនឡាវ តែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយជឿជាក់ថា លោកនឹងបំពេញល្អភារកិច្ច រួមចំណែកកសាងកងទ័ពប្រជាជនឡាវដ៏រឹងមាំ។
លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវនាពេលកន្លងមកនេះ រួមចំណែកក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជាមួយបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវនិយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។
* នារសៀលថ្ងៃដដែល នៅទីក្រុងវៀងចន្ទន៍ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយអតីតសិក្ខាកាមយោធាឡាវ ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ៕
បកប្រែដោយ Thuy Anh