ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន
កប.អនឡាញ - នាព្រឹកថ្ងៃទី២៩ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Tamura Takao អនុព័ន្ធយោធាជប៉ុនប្រចាំនៅវៀតណាម ក្នុងឱកាសមកបំពេញបេសកកម្មនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Tamura Takao ត្រូវបានតែងតាំងជាអនុព័ន្ធយោធាជប៉ុនប្រចាំនៅវៀតណាម ហើយសំដែងនូវការជឿជាក់ថា លោកវរសេនីយ៍ឯក Tamura Takao នឹងមានគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន ឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រក្សាបាននូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាគ្រប់លំដាប់ថ្នាក់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី។ ភាគីទាំងពីរបានអនុវត្តខ្លឹមសារសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កម្មវិធីលើកកម្ពស់សមត្ថភាពលើគ្រប់វិស័យ។ល។
អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា លោកអនុព័ន្ធយោធានឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសហប្រតិបត្តិការដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកបានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកវរសេនីយ៍ឯក Tamura Takao បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។
ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Tamura Takao បានសង្កត់ធ្ងន់ថា ដោយផ្អែកលើការយល់ព្រមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន នាខែមេសាឆ្នាំនេះ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរ លោកវរសេនីយ៍ឯក Tamura Takao មានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពបន្ថែមទៀត៕
បកប្រែដោយ Thuy Anh