វៀតណាម និងអូស្ត្រាលីចុះហត្ថលេខាលើផែនការរយៈពេល ៣ ឆ្នាំដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាព
កប.អនឡាញ - ដើម្បីអនុវត្តគោលនយោបាយការបរទេសការពារជាតិ ចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យការពារជាតិ និងយន្តការពហុភាគីស្តីពីការពារជាតិ និងសន្តិសុខ រួមទាំងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី ២៨ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារជាតិអូស្ត្រាលី លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងលោក Bernard Philip ប្រធាននាយកដ្ឋានគោលនយោបាយអន្តរជាតិអូស្ត្រាលី បានចុះហត្ថលេខាលើផែនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាពសម្រាប់ដំណាក់កាល ២០២៥-២០២៧។
ផែនការកំណត់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមមាន៖ ការរៀបចំវគ្គហ្វឹកហ្វឺនជំនាញ ការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនការចូលរួមរបស់យុទ្ធនារី និងការសម្របសម្រួលសម្រាប់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ដើម្បីដាក់ពង្រាយទៅកាន់ស្ថានបេសកកម្មអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា នៅក្នុងជំនួបធ្វើការមុនពេលចុះហត្ថលេខា ភាគីទាំងពីរបានជម្រាបជូន និងផ្លាស់ប្តូរអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៃប្រទេសនីមួយៗ ដោយបញ្ជាក់ពីកិច្ចសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានជម្រាបជូនអំពីទិសដៅរបស់វៀតណាមក្នុងការចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការរក្សាសន្តិភាពដែលត្រូវបានអនុម័តដោយរដ្ឋសភាវៀតណាម កាលពីខែមិថុនាកន្លងទៅ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនេះ។
    |
 |
ភាគីទាំងពីរចុះហត្ថលេខាលើផែនការរយៈពេល ៣ ឆ្នាំ ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាព |
រីឯលោក Bernard Philip បានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាព ព្រមទាំងសម្តែងនូវទំនុកចិត្តលើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញសកម្មភាពសំខាន់ៗបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងពន្លឿនការទទួលស្គាល់កម្មវិធីហ្វឹកហ្វឺនការរក្សាសន្តិភាពរបស់វៀតណាមស្របតាមស្តង់ដារអង្គការសហប្រជាជាតិ៕
បកប្រែដោយ Thanh Cong