លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី
កប.អនឡាញ - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីដែលមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
ដំណើរទស្សនកិច្ចនេះសំដៅរក្សាការជួបជុំថ្នាក់ជាន់ខ្ពស់ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជាក់ស្តែង និងប្រសិទ្ធភាព ឆ្ពោះទៅការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៥ / ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥) និងជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Sjafrie Sjamsoeddin ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាការងារជាមួយលោក Sjafrie Sjamsoeddin។
នៅក្នុងកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីសម្រេចបានលទ្ធផលល្អ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដែលភាគីទាំងពីរវាយតម្លៃខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព និងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រនៅតែបន្តជាចំណុចភ្លឺ។ កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិសម្រេចបានលទ្ធផលវិជ្ជមាន។ កិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងរវាងស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រត្រូវបានលើកកម្ពស់។ល។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការគួរឱ្យទុកចិត្ត គ្រប់ជ្រុងជ្រោយ និងជាក់ស្តែង។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ជាពិសេសយន្តការសន្ទនាគោលនយោបាយ ការពារជាតិ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព លើវិស័យឧស្សាហកម្មការពារជាតិ និងការសហការយ៉ាងជិតស្និទ្ធ នៅយន្តការ និងវេទិកាពហុភាគី។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Sjafrie Sjamsoeddin |
លោក Sjafrie Sjamsoeddin បានស្នើឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្របតាមក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើង ក្នុងកំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងខែមីនា ឆ្នាំ២០២៥។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការដោះស្រាយរាល់ការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕
បកប្រែដោយ Huyen Trang