ការរៀបចំដ៏ល្អបំផុតសម្រាប់ភារកិច្ចដង្ហែក្បួនព្យុហយាត្រា
កប.អនឡាញ - នារសៀលថ្ងៃទី ៣១ ខែកក្កដា លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានអនុគណៈកម្មការរៀបចំដង្ហែក្បួនព្យុហយាត្រា បានជាអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។
ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្តីពីការអនុម័តលើគម្រោងរៀបចំដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អនុគណៈកម្មការរៀបចំដង្ហែក្បួនព្យុហយាត្រា បានសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីកសាង និងបំពេញគម្រោងរៀបចំដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ សុក្រិតឯកសារ កម្មវិធីហ្វឹកហ្វឺន ផែនការហ្វឹកហ្វឺនរួម... ដើម្បីបម្រើដល់ពិធីដង្ហែក្បួនព្យុហយាត្រា។
    |
 |
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ធ្វើជាអធិបតីនៃកិច្ចប្រជុំ |
ទន្ទឹមនឹងការរៀបចំវគ្គហ្វឹកហ្វឺនតាមកម្មវិធី អនុគណៈកម្មការរៀបចំដង្ហែក្បួនព្យុហយាត្រា បានសម្របសម្រួល និងដាក់ពង្រាយអង្គភាពឈ្លបយកការណ៍ កំណត់ផ្លូវប្រតិបត្តិការ ទីតាំងប្រមូលផ្តុំកងកម្លាំងនៅទីក្រុងហាណូយ មុន និងក្រោយពីពិធីដង្ហែក្បួនព្យុហយាត្រា តាមដងផ្លូវ...
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើឱ្យស្ថាប័ន និងអង្គភាពបំពេញផែនការត្រៀមប្រយុទ្ធជាស្រេច រៀបចំការសម្របសម្រួលជាក់លាក់ និងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដាច់ខាត។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់លើអត្ថន័យនិងសារៈសំខាន់នៃពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ក៏បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចសម្របសម្រួលរៀបចំការងារឃោសនាឱ្យបានល្អលើបណ្តាញសារព័ត៌មានអំពីសកម្មភាពដង្ហែក្បួនព្យុហយាត្រា ដឹកនាំ និងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈយ៉ាងល្អរវាងកងកម្លាំងនានាជាមួយកម្មាភិបាល យុទ្ធជន និងប្រជាជនក្នុងតំបន់ លើកសរសើរ និងផ្តល់រង្វាន់ដល់អង្គភាព និងបុគ្គលទាំងឡាយ ដែលបំពេញភារកិច្ចបានល្អ។ល៕
បកប្រែដោយ Huyen Trang