ព្រឹត្តិការណ៍អនឡាញនេះត្រូវបានកត់សម្គាល់ដោយសុន្ទរកថារបស់លោក Philemon Yang ប្រធានមហាសន្និបាត លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើននៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។

ក្នុងសារ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានបង្កើតជំនឿ និងក្តីសង្ឃឹមសម្រាប់សន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ និងប្រជាជនទាំងអស់ ដែលជួយបង្ហាញអំពីសារៈសំខាន់ និងភាពរឹងមាំនៃពហុភាគីនិយម និងបញ្ជាក់ពីតួនាទីដែលមិនអាចជំនួសបានក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នារបស់មនុស្សជាតិសម្រាប់ពិភពលោកដ៏ល្អប្រសើរមួយ ដែលបានកសាងឡើងនៅលើតំលៃសកលនៃឯករាជ្យជាតិ អធិបតេយ្យភាពជាតិ យុត្តិធម៌សង្គម និងវឌ្ឍនភាពសង្គម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ក្នុងបរិបទនៃស្ថានការណ៍អន្តរជាតិ និងតំបន់កាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ហើយពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរជាមូលដ្ឋាននៃសម័យកាល ប្រទេសនានាត្រូវខិតខំប្រឹងប្រែងដើម្បីគាំទ្រពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសឯទៀត មិនប្រើកម្លាំងយោធា ឬគំរាមកំហែងប្រើកម្លាំងទ័ព និងដោះស្រាយជម្លោះដោយសន្តិវិធី។ លោកប្រធានរដ្ឋបានចាត់ទុកថា នេះគឺជាពេលវេលាសម្រាប់អង្គការសហប្រជាជាតិធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីបន្ស៊ាំខ្លួនឱ្យកាន់តែល្អប្រសើរទៅនឹងបរិបទថ្មី និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។

ក្នុងឱកាសនេះ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា វៀតណាមនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ រួមដំណើរជាមួយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការដោះស្រាយការលំបាក ជំនះឧបសគ្គ ជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនិមួយៗ តំបន់ និងពិភពលោកទាំងមូល នាំមកនូវសុភមង្គល និងភាពសម្បូរធូធាដល់ប្រជាជនទាំងអស់។

សាររបស់លោក Luong Cuong ប្រធានរដ្ឋ និងប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការសហប្រជាជាតិនឹងបន្តបង្ហាញនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ចាប់ពីពេលនេះរហូតដល់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ នៅខែកញ្ញា ឆ្នាំ ២០២៥៕

បកប្រែដោយ Huyen Trang