មេបញ្ជាការកងទ័ពជើងទឹកកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ៨ ខែធ្នូ នៅទីក្រុង Hai Phong គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងទឹកកម្ពុជា ដឹកនាំដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម។
លោកឧត្តមនាវីទោ Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍។ បន្ទាប់ពីពិធីទទួលស្វាគមន៍ មេបញ្ជាការកងទ័ពជើងទឹកទាំងពីរបានជួបពិភាក្សាគ្នា។
    |
 |
|
មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ត្រួតពលកងកិត្តិយសនៃកងទ័ពជើងទឹកប្រជាជនវៀតណាម |
ក្នុងកិច្ចពិភាក្សា លោកឧត្តមនាវីទោ Tran Thanh Nghiem បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងពីរដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ សព្វថ្ងៃនេះ ប្រពៃណីដ៏ល្អនេះត្រូវបានពង្រឹង ថែរក្សា និងពង្រីកឥតឈប់ឈរ។
កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈពេលកន្លងមក ហើយយន្តការសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង។
    |
 |
|
មេបញ្ជាការកងទ័ពជើងទឹកវៀតណាម និងមេបញ្ជាការកងទ័ពជើងទឹកកម្ពុជានៅកិច្ចពិភាក្សា |
កិច្ចសហប្រតិបត្តិការសម្រាប់កងទ័ពជើងទឹកតែងតែជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងការពារជាតិវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្ដិការក្នុងវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនួយផ្នែកភស្តុភារ - បច្ចេកទេសជាដើម។ យន្តការយាមល្បាតរួមគ្នាបានរួមចំណែកដល់ការរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងដែនទឹកប្រវត្តិសាស្ត្រ និងដែនសមុទ្រជាប់ព្រំដែនរវាងប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ និងពិភពលោកផងដែរ។
នាពេលខាងមុខ លោកឧត្តមនាវីទោ Tran Thanh Nghiem បានស្នើឱ្យរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក រក្សាការអនុវត្តបទប្បញ្ញត្តិស្ដីពីសម្របសម្រួលការយាមល្បាតរួមគ្នានៅសមុទ្រ។ ភាគីទាំងពីរសិក្សាស្រាវជ្រាវលើយន្តការសម្រាប់ផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពប្រជានេសាទរំលោភដែនទឹករបស់គ្នាទៅវិញទៅមក ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពឲ្យបានឆាប់ៗបំផុត ក្នុងស្មារតីមនុស្សធម៌។
លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពជើងទឹកវៀតណាមដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ពីមុន។ លោកឧត្តមនាវីឯក ទៀ សុខា មានបំណងចង់បន្ដរក្សាសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
នៅយប់ថ្ងៃដដែល មេបញ្ជាការកងទ័ពជើងទឹកវៀតណាម បានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងទឹកកម្ពុជា បានទៅទស្សនកិច្ចនៅកងពលតូចលេខ ៦៧៩ នៃតំបន់លេខ ១ កងទ័ពជើងទឹកប្រជាជនវៀតណាម និងបានទៅទស្សនាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រមួយចំនួននៅទីក្រុង Hai Phong និងទីក្រុងហាណូយ៕
បកប្រែដោយ Pham Diep