កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ចិន
កប.អនឡាញ - នាថ្ងៃទី ៦ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានជំរុញឲ្យកាន់តែជាក់ស្តែង ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនង វៀតណាម-ចិន ស្របតាមទស្សនៈរួមដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; រក្សាប្រសិទ្ធភាពនៃយន្តការសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី។ល។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត He Wei |
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវបំណងប្រាថ្នាស្វាគមន៍ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិចិន មកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ នៅខែធ្នូនេះ។
រីឯលោកឯកអគ្គរដ្ឋទូត He Wei បានសម្តែងនូវសេចក្តីរីករាយជាមួយនឹងការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក ដោយសម្រេចបានលទ្ធផលល្អជាច្រើន។ លោកបានវាយតំលៃខ្ពស់ចំពោះសំណើ និងផែនការជួសជុលផ្នូររបស់យោធិន និងអ្នកជំនាញចិន ពិធីសម្តែងការដឹងគុណចំពោះអតីតយុទ្ធជន និងអ្នកជំនាញចិន ដែលបានចូលរួមជួយបដិវត្តន៍វៀតណាម ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងនៃភាគីវៀតណាមក្នុងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ ឆ្នាំ២០២៤៕
បកប្រែដោយ Huyen Trang