ប្រទេសចំនួន ៦ បានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកម្មវិធីជួបប្រាស្រ័យ "កងឆ្មាំសមុទ្រវៀតណាម និងបណ្តាមិត្ត" លើកទី២
កប.អនឡាញ - នារសៀលថ្ងៃទី៥ ខែធ្នូ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមបានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យ "កងឆ្មាំសមុទ្រវៀតណាម និងបណ្តាមិត្ត" លើកទី២ ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្របានធ្វើជាអធិបតីនៃកិច្ចប្រជុំ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានស្នើឱ្យស្ថាប័ន អង្គភាពនានាត្រូវបញ្ចប់ការត្រៀមរៀបចំជាបន្ទាន់ យកចិត្តទុកដាក់លើប្រធានបទ “កិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅលើសមុទ្រ” និងរំលេចសារ “សាមគ្គីភាពជាកម្លាំង” នៃកម្មវិធីជួបប្រាស្រ័យ។ ដោយសង្កត់ធ្ងន់លើគោលបំណង និងអត្ថន័យនៃកម្មវិធីជួបប្រាស្រ័យ គឺដើម្បីរួមចំណែកកសាងទំនុកចិត្ត និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រនៃប្រទេសក្នុងតំបន់ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានចាត់ទុកថា កម្មវិធីត្រូវតែត្រូវបានរៀបចំឡើងយ៉ាងឱឡារិក ប្រកបដោយសុវត្ថិភាពពិតប្រាកដ ដើម្បីបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អនៅក្នុងដួងចិត្តរបស់មិត្តអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំ តំណាងស្ថាប័ន អង្គភាពនានាបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្រអំពីវឌ្ឍនភាពនៃការអនុវត្តផែនការ និងការលំបាកក្នុងការរៀបចំកម្មវិធីជួបប្រាស្រ័យ "កងឆ្មាំសមុទ្រវៀតណាម និងបណ្តាមិត្ត" លើកទី២ ឆ្នាំ២០២៤។ កម្មវិធីជួបប្រាស្រ័យគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែធ្នូនៅទីក្រុងហាណូយ។ មកទល់បច្ចុប្បន្ននេះ កងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រនៃប្រទេសចំនួន៦ ក្នុងតំបន់បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីជួបប្រាស្រ័យរួមមាន៖ ចិន កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី៕
បកប្រែដោយ Huyen Trang