កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាស្នូលនៃទំនាក់ទំនង វៀតណាម-សហរដ្ឋអាមេរិក
កប.អនឡាញ - នារសៀលថ្ងៃទី១០ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក David Petraeus ដែលជាសហម្ចាស់ម្នាក់នៃមូលនិធិវិនិយោគ Kohlberg Kravis Roberts (KKR-សហរដ្ឋអាមេរិក) ហើយក៏ជាប្រធានវិទ្យាស្ថានសកលរបស់ KKR ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានអះអាងថា សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ច និងវិនិយោគឈានមុខគេរបស់វៀតណាម ព្រមទាំងជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។ លោកអគ្គលេខាបក្ស To Lam មានបំណងចង់ឱ្យវិនិយោគិនបរទេស រួមទាំងវិនិយោគិនអាមេរិក បន្តបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ថាមពលកកើតឡើងវិញ ថាមពលស្អាត ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
លោកអគ្គលេខាបក្ស To Lam ក៏បានស្នើឱ្យធុរកិច្ចអាមេរិក រួមទាំងមូលនិធិ KKR បន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។
|
|
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក David Petraeus |
រីឯលោក David Petraeus បានចែករំលែកថា មូលនិធិ KKR មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនវិស័យវិនិយោគនៅវៀតណាម។ វៀតណាមមានប្រៀបខ្លាំងទាំងអស់ដែលវិនិយោគិនប្រាថ្នា ហើយវិស័យអាទិភាពរបស់វៀតណាមក៏ជាការផ្តោតសំខាន់លើការវិនិយោគរបស់ KKR ដូចជា៖ ទូរគមនាគមន៍ ការអភិវឌ្ឍថាមពលបៃតង មជ្ឈមណ្ឌលទិន្នន័យ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក David Patraeus បានអះអាងថា មូលនិធិ KKR កំពុងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម ព្រមទាំងបានសន្យាបន្តគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកនាពេលខាងមុខ។
នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក David Petraeus។
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរនៅមានធំធេងណាស់ ជាពិសេសការវិនិយោគរបស់សហរដ្ឋអាមេរិកនៅវៀតណាមនៅមានឱកាសជាច្រើនសម្រាប់បន្តអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យវិនិយោគិនអាមេរិកបន្តបង្កើនការវិនិយោគថ្មី និងពង្រីកការវិនិយោគនៅវៀតណាម ដើម្បីឲ្យអាមេរិកក្លាយជាប្រទេសវិនិយោគធំជាងគេបំផុតមួយនៅវៀតណាមក្នុងពេលឆាប់ៗនេះ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក David Petraeus |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តជំហានទម្លុះទម្លាយយុទ្ធសាស្ត្រចំនួន៣; យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងវិនិយោគពីសហគ្រាសអាមេរិក; ត្រៀមខ្លួនជាស្រេចក្នុងកាផ្ទៀងស្តាប់ និងសន្ទនាដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិន កែលម្អបរិយាកាសវិនិយោគធុរកិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្មអាមេរិកទទួលបានជោគជ័យនៅវៀតណាម។ លោកបានស្នើឲ្យមូលនិធិវិនិយោគ KKR បន្តពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិត semiconductor ការកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ បរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនោះ ធ្វើការផ្លាស់ប្តូរ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ; តភ្ជាប់វៀតណាមជាមួយសាជីវកម្ម និងដៃគូរបស់មូលនិធិ KKR នៅជុំវិញពិភពលោក ដើម្បីស្វែងរកឱកាស ពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគ។
រីឯលោក David Petraeus បានឲ្យដឹងថា មូលនិធិវិនិយោគ KKR មានសក្តានុពល និងមានបំណងចង់វិនិយោគនៅវៀតណាម។ លោកបានស្នើឲ្យវៀតណាមបន្តកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយនីតិវិធីរដ្ឋបាល ... ដើម្បីឱ្យសហគ្រាស រួមទាំងមូលនិធិវិនិយោគ KKR អាចនឹងនរចិត្តក្នុងការវិនិយោគកាន់តែមានប្រសិទ្ធភាព យូរអង្វែង និងនិរន្តរភាព។
នាថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំធុរកិច្ចដូចជា Intel, Ampere, Marvell, Cirrus Logic, Infineon, Skyworks នៃសមាគមឧស្សាហកម្ម semiconductor សហរដ្ឋអាមេរិក (SIA) ដឹកនាំដោយលោក John Neuffer ប្រធានសមាគមដែលកំពុងបំពេញទស្សនកិច្ចដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ semiconductor នៅវៀតណាម៕
បកប្រែដោយ Thanh Cong