ពិធីលៀងសាយភោជន៍ ក្នុងឱកាសរំលឹកខួបលើកទី ៦៨ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
កប.អនឡាញ - នាល្ងាចថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតគុយបាប្រចាំនៅវៀតណាមបានរៀបចំពិធីលៀងសាយភោជន៍ក្នុងឱកាសរំលឹកខួបលើកទី ៦៨ នៃការចុះចតរបស់កប៉ាល់ Granma ទិវាបង្កើតកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៥៦ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤) និងខួបលើកទី ៦៤ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-គុយបា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤)។
អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ មានលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
ថ្លែងមតិក្នុងពិធី លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega អនុព័ន្ធយោធា កងទ័ពជើងទឹក និងទ័ពជើងអាកាសគុយបា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាតរភាពពិសេស ជាប្រពៃណីរវាងគុយបា និងវៀតណាមកំពុងត្រូវបានពង្រីក និងអភិវឌ្ឍលើគ្រប់វិស័យ។ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងកងទ័ពប្រជាជនវៀតណាមត្រូវបានពង្រឹងជាប្រចាំ។ លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានថ្លែងអំណរគុណចំពោះជំនួយរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសក្រសួងការពារប្រទេសវៀតណាមក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។
|
|
ប្រតិភូនានាចូលរួមពិធីលៀងសាយភោជន៍ |
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៦៤ ឆ្នាំកន្លងទៅ ទំនាក់ទំនង វៀតណាម-គុយបា ជាទំនាក់ទំនងគំរូ ភ្លឺថ្លា និងស្មោះត្រង់។ ទន្ទឹមនឹងការអភិវឌ្ឍរបស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងកងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាតែងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងក្រសួងការពារជាតិជាច្រើនជំនាន់ ដើម្បីពង្រឹង ជំរុញ និងក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា ក្នុងនាមជាមិត្តជិតស្និទ្ធ បក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមនឹងបន្តរួបរួម គាំទ្រ និងប្រកៀកស្មាជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាក្នុងការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ និងសង្គមនិយម៕
បកប្រែដោយ Huyen Trang