កងទ័ពជើងទឹកវៀតណាម និងកម្ពុជាដកបទពិសោធន៍ពីការយាមល្បាតរួម
កប.អនឡាញ - នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីក្រុង Phu Quoc ខេត្ត Kien Giang វៀតណាម បញ្ជាការដ្ឋានតំបន់លេខ៥ កងទ័ពជើងទឹក បានសហការជាមួយមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា រៀបចំកិច្ចប្រជុំលើកទី៣៤ ដើម្បីដកបទពិសោធន៍ពីការយាមល្បាតរួមលើកទី៧៥ និងទី៧៦ រវាងកងទ័ពជើងទឹកទាំងពីរ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការយាមល្បាតរួមលើកទី៧៥ និងលើកទី៧៦ ត្រូវបានអនុវត្តក្នុងខែមិថុនា និងខែកញ្ញា ឆ្នាំ២០២៤ នៅដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។ កងទ័ពជើងទឹកទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីកិច្ចសហការយាមល្បាតរួម និងបង្កើតបណ្ដាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជាដែលចុះហត្ថលេខាដោយបញ្ជាការដ្ឋានកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០២។
|
|
ពិធីទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា នៅកំពង់ផែយោធានៃបញ្ជាការដ្ឋានតំបន់លេខ៥ កងទ័ពជើងទឹក |
ភាគីទាំងពីរបានសហការប្រកបដោយប្រសិទ្ធភាពក្នុងការយាមល្បាត ការត្រួតពិនិត្យ ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងដែនទឹកប្រវត្តិសាស្ត្រ។ ក្នុងអំឡុងពេលយាមល្បាត នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរតែងតែរក្សាការទាក់ទងជាមួយការិយាល័យប្រចាំការនៃប្រទេសនីមួយៗ ផ្លាស់ប្តូរជាទៀងទាត់នូវព័ត៌មានអំពីស្ថានភាពដែនសមុទ្រ និងបញ្ហាពាក់ព័ន្ធ រៀបចំការសង្កេត និងការត្រួតពិនិត្យ។ល។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។
នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការឃោសនា និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទប្បញ្ញត្តិស្តីពីការនេសាទនៅសមុទ្រ សហការជាមួយកងកម្លាំង ស្ថាប័នគ្រប់គ្រងដែនសមុទ្រនៃប្រទេសទាំងពីរក្នុងការទប់ស្កាត់ និងប្រឆាំងអំពើភេវរកម្មឆ្លងដែន ការជួញដូរ ការដឹកជញ្ជូនទំនិញ និងការឆ្លងព្រំដែនខុសច្បាប់។
ភាគីទាំងពីរបានឯកភាពបន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនង និងកិច្ចសហការដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅសមុទ្រក្នុងស្មារតីសហប្រតិបត្តិការ និងគោរពច្បាប់អន្តរជាតិ ឯករាជ្យ និងអធិបតេយ្យភាព រួមចំណែករក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ៕
បកប្រែដោយ Thuy Anh