បង្ហាញទំនាក់ទំនងមិត្តភាព ទំនុកចិត្ត និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា
កប.អនឡាញ - ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គធ្វើឡើង តបតាមការយាងរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយវៀតណាម។ ចាប់តាំងពីឡើងសោយរាជ្យនៅឆ្នាំ២០០៤មក ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាមជាច្រើនលើក ដែលបន្តបង្ហាញពីទំនាក់ទំនងមិត្តភាព ការជឿទុកចិត្ត និងការយកព្រះទ័យទុកដាក់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រចំពោះប្រទេសវៀតណាម។
ជាមួយនឹងភាពជិតខាងភូមិសាស្ត្រ និងភាពស្រដៀងគ្នានៃវប្បធម៌ និងប្រវត្តិសាស្ត្រ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានរួមគ្នាកសាងទំនាក់ទំនងមួយជាមួយនឹងប្រពៃណីដ៏យូរអង្វែងនៅអាស៊ីអាគ្នេយ៍។ ក្នុងសតវត្សទី២០ ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងអំឡុងឆ្នាំនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ដែលផ្តួចផ្តើមដោយលោកប្រធានហូជីមិញ និងមេដឹកនាំនៃចលនារំដោះជាតិកម្ពុជា បានបង្កើតកម្លាំងរួមដ៏ធំធេងសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីសម្រេចបាននូវគោលដៅរំដោះជាតិ សិទ្ធិរស់នៅក្នុងសេរីភាព សុភមង្គល និងកសាងប្រទេសឱ្យរីកចម្រើន។
|
|
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជានៅឆ្នាំ ១៩៦៧ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ដែលជា "ការបង្ហាញដ៏ត្រចះត្រចង់នៃមិត្តភាពជិតស្និទ្ធ និងសាមគ្គីភាពប្រយុទ្ធ" ដូចដែលលោកប្រធានហូជីមិញ ធ្លាប់បានបញ្ជាក់នៅក្នុងសារទូរលេខផ្ញើជូនព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម-សីហនុ។ ព្រឹត្តិការណ៍នោះបានបើកដំណាក់កាលដ៏ពិសេសមួយ ដែលត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន នៅពេលដែលប្រជាជនវៀតណាម និងកម្ពុជា ទោះបីជាមានការលំបាក និងបញ្ហាប្រឈមក៏ដោយ ក៏បានរួមសុខរួមទុក្ខ ពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីដ៏ល្អ ក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ពិសិដ្ឋ និងរឹងមាំយូរអង្វែង របស់ប្រជាជនទាំងពីរ។ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំយូរអង្វែង និងការតស៊ូប្រឆាំងអាណានិគមនោះ ការបង្កើតទំនាក់ទំនងការទូតបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាម និងកម្ពុជា បន្តប្រកៀកស្មានឹងគ្នា និងដណ្តើមបានជ័យជំនះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ១៩៧៥ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅរ ក្នុងឆ្នាំ ១៩៧៩ រារាំងការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងនាំមកនូវការរស់ឡើងវិញដល់ប្រទេសកម្ពជា។
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ នៅកម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយ ស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ និងបរិបទអន្តរជាតិ។ ចាប់តាំងពីឆ្នាំ២០០៥មក ទំនាក់ទំនងទ្វេភាគីត្រូវបានបង្កើតឡើងស្របតាមបាវចនាថ្មីដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានកំណត់នោះគឺ “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង”។ ជាមួយនឹងការតម្រង់ទិសនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-កម្ពុជា ដែលត្រូវបានពូនជ្រំដោយការខិតខំប្រឹងប្រែង សាច់ស្រស់ឈាមស្រស់ របស់ប្រជាជនវៀតណាម និងកម្ពុជាជាច្រើនជំនាន់ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។
កិច្ចសហប្រតិបត្តិការលើបណ្តាញបក្សដើរតួនាទីស្នូលក្នុងការតម្រង់ទិសទំនាក់ទំនងវៀតណាម-កម្ពុជា។ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែរក្សាដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាប្រចាំ។ យន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់ ដែលកាន់តែរីកចម្រើនយ៉ាងជិតស្និទ្ធ និងជាក់ស្តែង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨.៣ ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំដល់ចុងខែតុលា ឆ្នាំ២០២៤ កើនឡើង ១៧.៥% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ វៀតណាម និងកម្ពុជាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការអនុតំបន់ ដែលរួមចំណែកលើកកំពស់តួនាទី និងកិត្យានុភាពនៃប្រទេសនីមួយៗក្នុងតំបន់ និងពិភពលោក។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតត្រូវបានលើកកម្ពស់ដោយភាគីទាំងពីរ ហើយមានការផ្លាស់ប្តូរអំពីទម្រង់។
សមិទ្ធិផលនៃទំនាក់ទំនងវៀតណាម-កម្ពុជាដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ធ្វើឱ្យយើងសប្បាយរីករាយ និងមានមោទនភាព ហើយទន្ទឹមនឹងនោះមានជំនឿបន្ថែមទៀតចំពោះអនាគតដ៏ភ្លឺស្វាងនៃសាមគ្គីភាព និងមិត្តភាពប្រពៃណីដ៏មានតម្លៃរវាងប្រទេសជិតខាងជិតស្និទ្ធទាំងពីរ។ សូមថ្វាយព្រះពរ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពថែមទៀត។ ជូនពរទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើន សក្តិសមចំពោះការរួមវិភាគទាន និងការលះបង់របស់ជំនាន់មុនៗ បំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាពក្នុងតំបន់ និងលើពិភពលោក៕
បកប្រែដោយ Duy Hoan