ពិធីបើកមហោស្រពយុវជនវៀតណាម-កម្ពុជា-ឡាវ ឆ្នាំ២០២៥
កប.អនឡាញ - នៅព្រឹកថ្ងៃទី២៦ ខែធ្នូ នៅសង្កាត់ Kon Tum ខេត្ត Quang Ngai វៀតណាម មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយមជ្ឈិមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ប្រជាជនឡាវ និងគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីបើកមហោស្រពយុវជនវៀតណាម-កម្ពុជា-ឡាវ ឆ្នាំ២០២៥។
មហោស្រពនេះមានការចូលរួមពីតំណាងយុវជនចំនួន ៩០ នាក់នៃប្រទេសទាំងបី ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសវៀតណាម ឡាវ និងកម្ពុជា។
ក្រោមប្រធានបទ "សាមគ្គីភាព - មិត្តភាព - ការអភិវឌ្ឍ" មហោស្រពនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ជាមួយនឹងសកម្មភាពជាច្រើនដូចជា សិក្ខាសាលាស្តីពី "ដំណើរបៃតងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព" ដំណើរទស្សនា និងស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡារវាងយុវជននៃប្រទេសទាំងបី។
    |
 |
|
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី (រូបថត៖ vnanet.vn) |
មានប្រសាសន៍ក្នុងពិធីបើក លោក Nguyen Ngoc Sam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានបញ្ជាក់ថា វៀតណាម កម្ពុជា និងឡាវ គឺជាប្រទេសជិតខាងទាំងបី ដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងនេះតែងតែត្រូវបានពូនជ្រំដោយបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី ហើយត្រូវបានពង្រឹង និងអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បញ្ជាក់ថា លទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Quang Ngai និយាយរួម និងយុវជនខេត្ត Quang Ngai និយាយដោយឡែក ជាមួយយុវជនកម្ពុជា និងយុវជនឡាវនាពេលកន្លងមកនេះ បានរួមចំណែកពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជិតខាងនៃប្រទេសទាំងបី។ លោក Nguyen Ngoc Sam សង្ឃឹមថា ការចូលរួមមហោស្រពនេះ នឹងជួយយុវជនឲ្យក្លាយជាស្ពានដ៏រឹងមាំសម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ។
លោក Souliya Keophilavong អនុលេខានៃមជ្ឈិមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ និងលោក ទុំ សារ៉ាវុធ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានចែករំលែកមតិថា មហោស្រពនេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី យូរអង្វែងរវាងយុវជននៃប្រទេសទាំងបី។ តាមរយៈនោះបញ្ជាក់ថា ការបន្តពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជន នឹងរួមចំណែកដល់ការកសាងបរិយាកាសសន្តិភាព មិត្តភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងបី ជាពិសេសសហគមន៍ដែលរស់នៅតាមតំបន់ព្រំដែន៕
បកប្រែដោយ Thuy Anh