នៅក្នុងខែតុលា ឆ្នាំ២០២៤ គម្រោងធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម បានចាប់ផ្តើមសាងសង់ជាផ្លូវការ ដោយចំណាយថវិកាសរុបចំនួន ២៧៤ ពាន់លានដុង បន្តបើកច្រករបៀងសេដ្ឋកិច្ចឆ្លងដែន និងត្រូវបានចាត់ទុកថាជាស្ពានមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
ច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ខេត្ត Tay Ninh វៀតណាម

ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនដែលបានធ្វើសមកាលកម្ម ពង្រីកលំហសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន

យោងតាមលោក Truong Van De នាយកគណៈកម្មាធិការគ្រប់គ្រងគម្រោងវិនិយោគសំណង់ខេត្ត Tay Ninh (ម្ចាស់វិនិយោគ) គម្រោងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម កំពុងត្រូវបានអនុវត្តជាមួយនឹងសមិទ្ធផលសំខាន់ៗចំនួន ៥ រួមមាន៖ ឃ្លោងទ្វារជាតិ ស្ថានីយ៍ត្រួតពិនិត្យរួមគ្នាដែលភ្ជាប់ទៅនឹងទីលាន និងទីធ្លាពិធី; ស្ថានីយ៍ត្រួតពិនិត្យព្រំដែន; ផ្លូវធំនៃច្រកទ្វារព្រំដែន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស អគ្គិសនី ទឹក និងបង្ការ និងពន្លត់អគ្គីភ័យ។ រហូតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលត្រូវបានបញ្ចប់ជាស្ថាពរ។

មិនត្រឹមតែមានអត្ថន័យសារៈសំខាន់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគន្លឹះនោះទេ ការដាក់ឱ្យដំណើរការជាផ្លូវការនៃច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម-ម៉ឺនជ័យ ត្រូវបានគេរំពឹងថានឹងបើក "ទ្វារមាស" សម្រាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ រួមជាមួយនឹងគុណសម្បត្តិខាងសេដ្ឋកិច្ច ច្រកទ្វារព្រំដែននេះក៏រួមចំណែកដល់ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ពង្រីកសកម្មភាពទេសចរណ៍ និងពង្រឹងទំនាក់ទំនងការបរទេសរវាងប្រជាជន និងប្រជាជនរវាងតំបន់ព្រំដែនទាំងពីរផងដែឬ។ ដោយហេតុនេះនឹងជួយពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជាទាំងមូល។

យោងតាមលោក Truong Van De ចាប់តាំងពីឆ្នាំ ២០២១ មក ទោះបីជាខ្វះសម្ភារៈក៏ដោយ កម្លាំងគយ កងកម្លាំងការពារព្រំដែន និងកម្លាំងចត្តាឡីស័ក... មានវត្តមាននៅក្នុងតំបន់ច្រកទ្វារ Tan Nam ដោយទទួលខុសត្រូវលើការធ្វើអន្តោប្រវេសន៍ និងការគ្រប់គ្រងមនុស្ស និងទំនិញដែលឆ្លងកាត់។ រហូតមកដល់ពេលនេះ នៅពេលដែលគម្រោងថ្មីត្រូវបានបញ្ចប់ កម្លាំងនៅតែបន្តធ្វើការត្រួតពិនិត្យបច្ចេកទេស សាកល្បងដំណើរការប្រតិបត្តិការ ធានាថារបស់របរទាំងអស់ត្រូវបានដាក់ពង្រាយប្រកបដោយសុវត្ថិភាព ស៊ីសង្វាក់គ្នា ត្រៀមខ្លួនសម្រាប់ពេលវេលាបើក និងដាក់ឱ្យដំណើរការជាផ្លូវការបន្ទាប់ពីការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែន។ នេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ដែលរួមចំណែកដល់ការបញ្ជាក់ពីតួនាទីនៃការតភ្ជាប់ កិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន និងការកសាងព្រំដែនសន្តិភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

លោក Nguyen Hoang Vu តំណាងក្រុមហ៊ុន Uu Viet Import-Export Transport Trading Company Limited (ខេត្តតៃនិញ) បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម គឺជាជំហានដ៏សំខាន់មួយដើម្បីបើកចេញនូវរបៀងពាណិជ្ជកម្មថ្មីមួយទៀតនៅលើព្រំដែន Tay Ninh និង កម្ពុជា។ ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើបៗ និងស៊ីសង្វាក់គ្នានោះ សហគ្រាសអាជីវកម្មរំពឹងថាពេលវេលានៃការបោសសម្អាតគយនឹងត្រូវបានកាត់បន្ថយ ថ្លៃដឹកជញ្ជូននឹងត្រូវបានកាត់បន្ថយ ដោយហេតុនេះបង្កើនភាពប្រកួតប្រជែងនៃទំនិញនាំចេញ បង្កើតភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់សកម្មភាពភស្តុភារកម្មដោយកាត់បន្ថយផ្លូវដឹកជញ្ជូន កាត់បន្ថយបន្ទុកសម្រាប់ច្រកទ្វារព្រំដែន Moc Bai និង Xa Mat និងបង្កើនភាពបត់បែនក្នុងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម វត្ថុធាតុដើម និងទំនិញប្រើប្រាស់ដែលមានតម្រូវការអភិរក្សខ្ពស់។

សហគ្រាសអាជីវកម្មបានសម្តែងក្តីសង្ឃឹមរបស់ពួកគេថា តឹនណាមនឹងក្លាយជាចំណុចបោសសម្អាតគយដ៏សំខាន់មួយក្នុងពេលឆាប់ៗនេះ ដែលរួមចំណែកដល់ការបង្កើតខ្សែសង្វាក់តម្លៃឆ្លងដែន និងបង្កើតកម្លាំងចលករដើម្បីទាក់ទាញការវិនិយោគលើសេវាកម្មភស្តុភារកម្ម ការកែច្នៃ និងឃ្លាំងនៅ Tay Ninh។ នេះត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយដើម្បីជួយសហគ្រាសពង្រីកទីផ្សាររបស់ពួកគេ ធ្វើឱ្យសកម្មភាពពាណិជ្ជកម្មមានស្ថិរភាព និងបង្កើនភាពប្រកួតប្រជែងក្នុងបរិបទនៃសមាហរណកម្មស៊ីជម្រៅ។

លោក Tran Thai Binh នាយកក្រុមហ៊ុន Viet Cam Transport Limited (ទីក្រុងហូជីមិញ) បានវាយតម្លៃថា ការអនុវត្តគម្រោងធ្វើឱ្យល្អប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម គឺជាកត្តាសំខាន់មួយដើម្បីជួយកែលម្អសមត្ថភាពដឹកជញ្ជូន និងបង្កើនការតភ្ជាប់នៅលើខ្សែព្រំដែន Tay Ninh - កម្ពុជា។ យោងតាមតំណាងសហគ្រាស នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រូវបានវិនិយោគយ៉ាងពេញលេញ វានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនអន្តរជាតិ ជាពិសេសផ្លូវដឹកជញ្ជូនទំនិញដោយរថយន្តកុងតឺន័រ និងរថយន្តដឹកទំនិញធុនធ្ងន់ ដែលមានតម្រូវការខ្ពស់។

រាល់សហគ្រាសជឿជាក់ថា ការបង្កើតចំណុចឆ្លងកាត់ថ្មីមួយទៀតនៅតឹនណាម នឹងរួមចំណែកដល់ការបែងចែកលំហូរយានយន្តប្រកបដោយប្រសិទ្ធភាព កាត់បន្ថយសម្ពាធចរាចរណ៍នៅច្រកទ្វារព្រំដែនប្រពៃណី ព្រមទាំងបើកឱកាសដើម្បីសាងសង់ផ្លូវដឹកជញ្ជូនខ្លីជាងមុន បង្កើនប្រសិទ្ធភាពពេលវេលាធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់យានយន្ត។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សហគ្រាសក្នុងការពង្រីកបណ្តាញសេវាកម្មដឹកជញ្ជូនឆ្លងដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់។

ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ លើកកម្ពស់ពាណិជ្ជកម្មវៀតណាម-កម្ពុជា

លោកវរសេនីយ៍ទោ Trinh Quoc Giao អនុប្រធានប៉ុស្តិ៍ការពារព្រំដែន ច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម បានមានប្រសាសន៍ថា៖ ពីមុន តឹនណាម គ្រាន់តែជាច្រកទ្វារព្រំដែនក្នុងស្រុកប៉ុណ្ណោះទេ។ នៅឆ្នាំ២០២១ ខេត្តទាំងពីរគឺខេត្ត Tay Ninh វៀតណាម និងខេត្តព្រៃវែង កម្ពុជា បានឯកភាពគ្នាប្រកាសពីការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម-ម៉ឺនជ័យ ប៉ុន្តែពិធីសម្ពោធមិនអាចអនុវត្តបានទេដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ រហូតមកដល់ពេលនេះ ភាគីទាំងពីរនៅតែបន្តបំពេញនីតិវិធីដើម្បីរៀបចំការប្រកាសថ្នាក់ជាតិ។

យោងតាមលោកវរសេនីយ៍ទោ Trinh Quoc Giao ការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិនេះនឹងបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងសកម្មភាពអន្តោប្រវេសន៍ និងពាណិជ្ជកម្ម។ នៅពេលដាក់ឱ្យដំណើរការ បរិមាណចរាចរណ៍យានយន្ត និងទំនិញត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ដោយហេតុនេះពង្រីកលំហសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែន និងលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ចម្ងាយពីតឹនណាមទៅកាន់រាជធានីភ្នំពេញគឺខ្លីជាងច្រកទ្វារព្រំដែនជាច្រើនទៀត ដែលបង្កើតអត្ថប្រយោជន៍ក្នុងការដឹកជញ្ជូន និងថ្លៃដើមភស្តុភារ ជាពិសេសសម្រាប់ផលិតផលកសិកម្មសំខាន់ៗ។

លោកអនុប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិតឹនណាមបានបន្ថែមថា កម្លាំងការពារព្រំដែនបានរៀបចំផែនការមួយយ៉ាងសកម្ម ដើម្បីសម្របសម្រួលជាមួយរាល់ស្ថាប័នមុខងារ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ កែលម្អទេសភាពនៃតំបន់ច្រកទ្វារព្រំដែន និងដាក់ឱ្យដំណើរការឱ្យរាល់នីតិវិធីឱ្យមានភាពស៊ីសង្វាក់គ្នា។ គោលដៅគឺដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សហគ្រាសអាជីវកម្ម និងប្រជាជន នៅពេលអនុវត្តសកម្មភាពនាំចូល និងនាំចេញ ខណៈពេលដែលរួមចំណែកដល់ការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមលោក Doan Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ឱ្យដឹងថា ខេត្ត Tay Ninh មានទីតាំងស្ថិតនៅលើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយដើរតួនាទីជាច្រកទ្វារតភ្ជាប់កម្ពុជាជាមួយតំបន់អាស៊ាន។ ជាមួយនឹងប្រព័ន្ធច្រកទ្វារព្រំដែនស៊ីសង្វាក់គ្នា ជាមួយនិងបណ្តាញចង្កោមតំបន់ឧស្សាហកម្មរាប់សិបកន្លែង តំបន់មូលដ្ឋាននេះមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ និងពង្រីកពាណិជ្ជកម្មអន្តរជាតិ។

ដោយសារតែការទាញយកអត្ថប្រយោជន៍ទាំងនេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច Tay Ninh បានរក្សាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GRDP) ៩.៥២% ដែលនាំមុខគេនៅតំបន់អាគ្នេយ៍ បានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសជាង ១,៩៥២ ដែលមានដើមទុនសរុបជាង ២៤.៥ ពាន់លានដុល្លារអាមេរិក ចំណូលថវិកាលើសពី ១២៤% នៃការប៉ាន់ស្មាន។ ខេត្ត Tay Ninh មិនត្រឹមតែជាគោលដៅវិនិយោគដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងជាស្ពានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសវៀតណាម និងកម្ពុជាផងដែរ។

លោក Doan Trung Kien បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ខេត្តបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចំនួន ៣ និងបទប្បញ្ញត្តិសម្របសម្រួលចំនួន ៣៦ រវាងមន្ទីរ និងស្ថាប័ននានាជាមួយខេត្តស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំ នៃប្រទេសកម្ពុជា។ សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងជំរុញការវិនិយោគត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា។ ចំណូលនាំចេញ-នាំចូលរវាងខេត្ត Tay Ninh និងកម្ពុជា ចាប់ពីដើមឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ សម្រេចបាន ២.៧៤ ពាន់លានដុល្លារអាមេរិក។ លោក Doan Trung Kien អនុប្រធានខេត្តបានសង្កត់ធ្ងន់ថា “ខេត្ត Tay Ninh នឹងបន្តសហការយ៉ាងទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាពជាមួយខេត្តជិតខាងរបស់កម្ពុជា ដើម្បីឱ្យព្រំដែនអាចក្លាយជាតំបន់សន្តិភាព មិត្តភាព និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ”៕

បកប្រែដោយ Minh Trung