ក្រសួងការពារប្រទេសវៀតណាម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងអ្នកជំនាញចិន
កប.អនឡាញ - នាថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងប៉េកាំង (ប្រទេសចិន) គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម បានរៀបចំជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងអ្នកជំនាញចិនដែលជួយបដិវត្តន៍វៀតណាម ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សម្ដែងនូវក្តីរីករាយដែលបានជួបអតីតយុទ្ធជន និងអ្នកជំនាញចិនដែលជួយបដិវត្តន៍វៀតណាម និងសាច់ញាតិរបស់ពួកគេ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកថា ក្នុងការតស៊ូដើម្បីឯករាជ្យជាតិរបស់វៀតណាម ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលជួយវៀតណាមយ៉ាងច្រើនទាំងផ្នែកសព្វាវុធ បរិក្ខារ ភស្តុភារ បច្ចេកវិជ្ជា និងការបង្វឹកបង្ហាត់ បណ្ដុះបណ្ដាលកម្មាភិបាល យុទ្ធជន និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជំនះរបស់ប្រជាជនវៀតណាមក្នុងការតស៊ូប្រយុទ្ធនានា។ វៀតណាមតែងតែចងចាំ និងដឹងគុណចំពោះជំនួយដ៏ធំធេង ទាន់ពេលវេលា ស្មោះស្ម័គ្ររបស់បក្ស រដ្ឋាភិបាល ប្រជាជន កងទ័ពចិន និងការលះបង់ដោយមិនគិតអំពីផលប្រយោធន៍ផ្ទាល់ខ្លួនរបស់អតីតយុទ្ធជន និងអ្នកជំនាញយោធាចិនចំពោះវៀតណាម។
|
|
លោករដ្ឋមន្ត្រី Bui Thanh Son និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រួមទាំងអតីតយុទ្ធជន អ្នកជំនាញចិននិងសាច់ញាតិ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា បច្ចុប្បន្ននេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម កំពុងពិនិត្យដើម្បីជួសជុលទីបញ្ចុះសពយុទ្ធជនពលី ផ្នូររបស់យុទ្ធជនពលីនិងអ្នកជំនាញចិនដែលជួយបដិវត្តន៍វៀតណាមក្នុងអតីតកាល។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរអតីតយុទ្ធជនចិននិងក្រុមគ្រួសារមានសុខភាពល្អ ហើយក្លាយជាគំរូល្អ និងអប់រំឲ្យយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងវៀតណាមនិងចិន និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម និងចិន ដើម្បីសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ វិបុលភាព ឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជាតិទាំងពីរ។
លោក Zhang Wenbin ប្រធានក្រុមអតីតយុទ្ធជន និងអ្នកជំនាញចិន បានចែករំលែកថា កន្លះសតវត្សបានកន្លងផុតទៅហើយ យុទ្ធជនដែលបានជួយវៀតណាមមានសក់ស្កូវ ប៉ុន្តែមិនបានភ្លេចបេសកកម្មពូនជ្រំមិត្តភាពចិន-វៀតណាមទេ។ លោកសង្ឃឹមថា ចិននិងវៀតណាមរួមគ្នាសរសេរទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមជូនដល់អតីតយុទ្ធជនចិន និងសាច់ញាតិរបស់ពួកគេ៕
បកប្រែដោយ Thuy Anh