ពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅឯបរទេស
កប.អនឡាញ - នាថ្ងៃទី ៥ ខែធ្នូ នៅទីក្រុង Minsk ស្ថានទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាមប្រចាំនៅបេឡារុស បានប្រារព្ធពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤)។
ថ្លែងនៅក្នុងពិធី លោក Nguyen Van Ngu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស បានអះអាងថា កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងនយោបាយពិសេស ជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តរបស់បក្សកុម្មុយនិស្ត រដ្ឋ និងប្រជាជនវៀតណាម។ លោកឯកអគ្គរដ្ឋទូត Nguyen Van Ngu បានឲ្យដឹងថា៖ ដោយអនុវត្តគោលនយោបាយការបរទេសឥតងាករេរបស់ប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កងទ័ពប្រជាជនវៀតណាមបានជំរុញយ៉ាងសកម្មនូវការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិទាំងទ្វេភាគី និងពហុភាគី។ កងទ័ពប្រជាជនវៀតណាម ចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ ការស្វែងរក និងជួយសង្គ្រោះ និងជម្នះពុះពារផលវិបាកដោយសារសង្គ្រាម រួមចំណែកដ៏សក្តិសមក្នុងការបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
លោកឧត្តមសេនីយ៍ត្រី Leanid Victorovich Kasinski អគ្គនាយកនៃអគ្គនាយកដ្ឋានការងារសតិអារម្មណ៍នៃក្រសួងការពារជាតិបេឡារុស្ស បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេលជាង ៨០ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍដោយឥតឈប់ឈរ និងក្លាយជាកងទ័ពដ៏រឹងមាំ ដើម្បីប្រជាជន ត្រៀមខ្លួនប្រយុទ្ធដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេស។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាំមកនូវលទ្ធផលវិជ្ជមាន និងជាកត្តាសំខាន់ក្នុងការធានាសន្តិសុខជាតិ។
* នាថ្ងៃដដែល ស្ថានទូតវៀតណាម និងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅម៉ិកស៊ិក ឥណ្ឌូនេស៊ី ... ក៏បានរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូលផងដែរ៕
បកប្រែដោយ Huyen Trang