នាវាកងឆ្មាំសមុទ្រលេខ៨០០៤ របស់វៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ច និងជួបប្រាស្រ័យនៅប្រទេសកូរ៉េខាងត្បូង
កប.អនឡាញ - នាថ្ងៃទី ៤ ខែវិច្ឆិកា នាវាកងឆ្មាំសមុទ្រលេខ៨០០៤ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Le Thanh Hai មេបញ្ជាការរងតំបន់លេខ១ កងឆ្មាំសមុទ្រ បានចូលចតនៅកំពង់ផែ Yeosu (កូរ៉េខាងត្បូង) ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង។
ថ្លែងមតិក្នុងពិធីស្វាគមន៍គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ថ្នាក់ដឹកនាំបណ្ឌិត្យសភាកងឆ្មាំសមុទ្រកូរ៉េខាងត្បូង បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អក្នុងទំនាក់ទំនងរវាងកងកម្លាំងទាំងពីរ ព្រមទាំងអះអាងថា កងឆ្មាំសមុទ្រកូរ៉េខាងត្បូងនិយាយរួម និងបណ្ឌិត្យសភានិយាយដោយឡែក នឹងខិតខំប្រឹងប្រែងជាមួយគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម រៀបចំកម្មវិធីជួបប្រាស្រ័យនៅកូរ៉េខាងត្បូងប្រកបដោយជោគជ័យ។
|
|
តំណាងថ្នាក់ដឹកនាំ និងបុគ្គលិកនៃកងឆ្មាំសមុទ្រកូរ៉េខាងត្បូង ជាមួយកម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាម ក្នុងពិធីទទួលស្វាគមន៍នាវាកងឆ្មាំសមុទ្រលេខ៨០០៤ |
លោកវរសេនីយ៍ឯក Le Thanh Hai បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាកងឆ្មាំសមុទ្រកូរ៉េខាងត្បូងដែលបានរៀបចំពិធីស្វាគមន៍គណៈប្រតិភូយ៉ាងឱឡារិក ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យនេះនឹងទទួលបានជោគជ័យ និងបន្តរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងកងកម្លាំងទាំងពីរឲ្យកាន់តែអភិវឌ្ឍ នាពេលខាងមុខ។ តាមផែនការ គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមនឹង ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ទស្សនា និងជួបប្រាស្រ័យនៅបណ្ឌិត្យសភាកងឆ្មាំសមុទ្រកូរ៉េខាងត្បូង ការផ្លាស់ប្តូរកីឡា ការផ្លាស់ប្តូរវប្បធម៌ និងការហ្វឹកហាត់រួមគ្នាក្នុងការស្វែងរក និងជួយសង្គ្រោះ ការការពារភ្លើង និងការផ្ទុះជាមួយនាវានៃកងឆ្មាំសមុទ្រកូរ៉េខាងត្បូង។
នារសៀលថ្ងៃដដែល បានប្រព្រឹត្តទៅការជួបសម្តែងការគួរសម ការទស្សនាកន្លែងហ្វឹកហាត់នៅបណ្ឌិត្យសភាកងឆ្មាំសមុទ្រកូរ៉េខាងត្បូង និងទទួលស្វាគមន៍គណៈប្រតិភូពីកងឆ្មាំសមុទ្រកូរ៉េខាងត្បូង មកទស្សនានាវាកងឆ្មាំសមុទ្រលេខ៨០០៤៕
បកប្រែដោយ Huyen Trang