ផ្តល់អាទិភាពដល់សហគ្រាសវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅឡាវ

ក្នុងជំនួបជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ធានាការគាំទ្រដ៏រឹងមាំសម្រាប់គ្នាទៅវិញទៅមក បន្តរក្សាសន្តិសុខ និងកសាងបន្ទាត់ព្រំដែន វៀតណាម-ឡាវ ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងឯកភាពបន្តបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបទ្វេភាគីជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានអះអាងថា ឡាវជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់សហគ្រាសវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅឡាវ ព្រមទាំងមានគោលបំណងចង់ជំរុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ កិច្ចសហប្រតិបត្តិការកែលម្អប្រព័ន្ធច្បាប់ ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។

ដោយវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការបើកគម្រោងសំខាន់ៗមួយចំនួន ក្នុងរយៈពេលកន្លងមក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីររក្សានូវសន្ទុះវិជ្ជមាន និងប្តេជ្ញាដោះស្រាយបញ្ចប់នូវការលំបាក និងឧបសគ្គនៃគម្រោងសំខាន់ៗផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបន្តផ្តល់អាទិភាពជួយឧបត្ថម្ភឡាវដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការវប្បធម៌ និងជំរុញថែមទៀតនូវការឃោសនាអំពីប្រពៃណីនៃទំនាក់ទំនង វៀតណាម-ឡាវ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្ត ការចែករំលែកព័ត៌មានទាន់ពេលវេលា ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នាំទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗនេះ

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា ប្រពៃណីនៃសាមគ្គីភាព ការតភ្ជាប់ និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកត្តាសំខាន់មួយនៃការតស៊ូដើម្បីការរំដោះជាតិកាលពីមុល និងកិច្ចការកសាង និងអភិវឌ្ឍន៍របស់ប្រទេសនីមួយៗនាពេលបច្ចុប្បន្ន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធិផលលេចធ្លោ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីទាំងពីរសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវត្តន៍ថ្មីៗក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធទប់ស្កាត់ឧបាយកលរបស់កងកម្លាំងអរិភាពក្នុងការបំផ្លិចបំផ្លាញ និងបំបែកបំបាក់ទំនាក់ទំនងនៃប្រទេសទាំងពីរ; លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ និងការធ្វើអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ; ប្តេជ្ញាជំរុញការតភ្ជាប់ចរាចរណ៍ ជាពិសេសនៅតាមតំបន់ព្រំដែន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថាភាគីទាំងពីរជំរុញការដោះស្រាយការងារពាក់ព័ន្ធដល់តំបន់ដែលការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកមិនទាន់បានបញ្ចប់។

នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ និងតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនង វៀតណាម-ឡាវ-កម្ពុជា ព្រមទាំងអះអាងថានឹងបន្តរក្សាយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងបីលើគ្រប់បណ្តាញ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជានៅលើពិភពលោក៕

បកប្រែដោយ Huyen Trang