រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម-ឡាវ-កម្ពុជា និងទស្សនាការធ្វើលំហាត់សមយុទ្ធសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា |
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាទទួលជួប និងសង្កត់ធ្ងន់ថា នេះបង្ហាញពីចំណាប់អារម្មណ៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជានិយាយរួម ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងបី។ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវ-កម្ពុជា នាពេលថ្មីៗនេះ តែងតែអនុវត្តតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី ដោយសម្រេចបាននូវលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាព ជាការបង្ហាញការប្តេជ្ញាចិត្តនយោបាយនៃប្រទេសទាំងបីក្នុងការពង្រឹងប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងបី។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីបានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី វៀតណាម-ឡាវ-កម្ពុជា និងលំហាត់សមយុទ្ធសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី និងសង្កត់ធ្ងន់ថា ជោគជ័យនៃព្រឹត្តិការណ៍ទាំងពីរនេះ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងបី និយាយរួម និងកងទ័ពនៃប្រទេសទាំងបីនិយាយដោយឡែក និងវាយតម្លៃខ្ពស់ចំពោះការរៀបចំយ៉ាងហ្មត់ចត់របស់ក្រសួងការពារជាតិកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីរីករាយចំពោះស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសនីមួយៗ និងជឿជាក់ថា ប្រទេសទាំងបីនឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មី និងធំជាងនេះ និងអភិវឌ្ឍកាន់រីកចម្រើនថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើប្រពៃណីនៃចំណងសាមគ្គីភាព និងចំណងមិត្តភាពរវាងប្រទេសទាំងបី និងបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់កងទ័ពនៃប្រទេសទាំងបី ពង្រឹងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងប្រទេស តំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan