លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបព្រះរាជសវនាការ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។
ក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាលើកនេះ បានបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ។
|
|
លោកប្រធានរដ្ឋសភា Tran Thanh Man និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី |
លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវមនោសញ្ចេតនាល្អ និងការគាំទ្រដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំគ្រប់ជនាន់ និងប្រជាជនកម្ពុជាជូនចំពោះប្រទេស និងប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន ក៏ដូចជាការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃនេះ។ លោក Tran Thanh Man បានអះអាងថានឹងរួមជាមួយរដ្ឋសភាវៀតណាមខិតខំអស់ពីសមត្ថភាពដើម្បីរួមជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យនីតិបញ្ញត្តិ ត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានបន្ទូលថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមលើកនេះ ពិតជាមានសារសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។ កម្ពុជានិងវៀតណាមជាអ្នកជិតខាងល្អ និងជួយគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
ក្នុងឱកាសនេះ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទុលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ននេះ។
|
|
លោកប្រធានរដ្ឋសភា Tran Thanh Man និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី |
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស To Lam វៀតណាមនឹងអភិវឌ្ឍលើគ្រប់វិស័យ រួមចំណែកពង្រឹងកិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
* នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋ Luong Cuong បានរៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកគណៈប្រតិភូកម្ពុជា។
* គួររំលឹកថា មុននេះ នារសៀលថ្ងៃដដែល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី បានយាងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលី និងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕
បកប្រែដោយ Pham Diep