ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ បញ្ចប់ដោយជោគជ័យ
កប.អនឡាញ - នារសៀលថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាអធិបតីកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានវាយតម្លៃថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលា នៅស្រុក Moc Chau (ខេត្ត Son La វៀតណាម) និងស្រុក Sop Bao (ខេត្ត Houaphanh ប្រទេសឡាវ) បានបន្តបញ្ជាក់ពីជាគំរូសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងមានសារៈសំខាន់នយោបាយយ៉ាងជ្រាលជ្រៅ ដែលត្រូវបានផ្តល់អាទិភាពដោយគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។ ជោគជ័យនៃជំនួបនេះ រួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ ការយោគយល់គ្នាទៅវិញទៅមក និងការរឹតចំណងសាមគ្គីភាព និងភាពជិតស្និទ្ធ រវាងប្រជាជន អាជ្ញាធរមូលដ្ឋាន និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងមតិនៅកិច្ចប្រជុំ |
ថ្លែងមតិនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារប្រទេស ដែលត្រៀមរៀបចំយ៉ាងសកម្ម និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួង ស្ថាប័ន និងមូលដ្ឋានដែលបានសហការយ៉ាងជិតស្និទ្ធ ធានាឲ្យជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ ទទួលបានជោគជ័យ មានអត្ថន័យជាក់ស្តែង និងបង្កើតឥទ្ធិពលយ៉ាងទូលំទូលាយ។ ដោយឈរលើលទ្ធផលដែលសម្រេចបានតាមរយៈការរៀបចំជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារប្រទេស បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ សហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ហើយសង្ឃឹមថា ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រក្នុងការប្រារព្ធខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ក៏ដូចជាសកម្មភាពទូតការពារជាតិសំខាន់ៗផ្សេងទៀតនាពេលខាងមុខ។
ក្នុងឱកាសនេះ បានប្រព្រិត្តទៅពិធីប្រកាស និងប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃល្អ ក្នុងការត្រៀមរៀបចំ និងផ្សព្វផ្សាយអំពីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ ដែលក្នុងនោះ កាសែតកងទ័ពប្រជាជន និងកម្មាភិបាលម្នាក់នៃកាសែតកងទ័ពប្រជាជន បានទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស៕
បកប្រែដោយ Thuy Anh