សេដ្ឋកិច្ចវៀតណាមរក្សាបានកំណើនរឹងមាំ
កប.អនឡាញ - ទន្ទឹមនឹងទស្សនវិស័យសុទិដ្ឋិនិយមនៃសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចវៀតណាមក៏ត្រូវបានវាយតម្លៃថានឹងបន្តកើនឡើងជាលំដាប់នៅឆ្នាំ២០២៥។
នៅក្នុងបរិបទនៃជម្លោះដ៏យូរអង្វែង និងមាននិន្នាការរីករាលដាលជាច្រើន ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ កាន់តែខ្លាំងឡើង ភាពក្រីក្រ និងបាតុភូតអាកាសធាតុពិបាកព្យាករណ៍កំពុងកើនឡើងក្នុងកម្រិតខ្លាំង និងបរិមាណ ហើយសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៤ បានខិតខំប្រឹងប្រែង "ជំនះពុះពារការលំបាក"។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចពិភពលោកបានឈានដល់ ៣.២% កាលពីឆ្នាំមុន ឆ្ពោះទៅរក ៣.៣% នៅឆ្នាំ ២០២៥។ ជាពិសេស ប្រទេសមួយចំនួន រួមទាំងប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថានឹងកាន់តំណែងនាំមុខគេក្នុងកំណើន។
អត្ថបទមួយដែលបានចុះផ្សាយលើគេហទំព័រ El Popular ជាស្ថាប័នឃោសនារបស់គណបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាពេលថ្មីៗនេះ បានឲ្យដឹងថា វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន និងលើសពីគោលដៅសំខាន់ៗទាំង ១៥ ក្នុងឆ្នាំនេះ ទន្ទឹមនឹងនោះអាចឈានដល់អត្រាកំណើនជាង ៧% ក្នុងឆ្នាំ ២០២៤។ អត្ថបទមួយនេះបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំមានសារៈសំខាន់ជាពិសេសសម្រាប់វៀតណាម ព្រោះនេះគឺជាឆ្នាំនៃការអនុវត្តប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) នឹងមានសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ដ៏មានសារៈសំខាន់ជាច្រើន ប្រព្រឹត្តទៅជាមួយនឹងការរៀបចំប្រព័ន្ធនយោបាយឡើងវិញ និងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បើកយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រជាជាតិវៀតណាម។
|
|
សកម្មភាពដឹកជញ្ជូនទំនិញចេញពីកប៉ាល់កុងតឺន័រចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang វៀតណាម (រូបថត៖ Reuters) |
ទន្ទឹមនឹងនោះ របាយការណ៍មួយរបស់ក្រុមហ៊ុនប្រឹក្សា Oxford Economics (អង់គ្លេស) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើងដល់ ៦.៧% ក្នុងឆ្នាំ ២០២៤ និង ៦.៥% នៅឆ្នាំ ២០២៥ អាស្រ័យដោយឧស្សាហកម្មកែច្នៃ និងផលិតដ៏រឹងមាំ ហើយតម្រូវការក្នុងស្រុកងើបឡើងវិញយ៉ាងឆាប់រហ័ស។ Oxford Economics ជឿជាក់ថា កត្តាជំរុញកំណើនដ៏សំខាន់របស់វៀតណាមក្នុងឆ្នាំ ២០២៥ នឹងនៅតែជាការនាំចេញទំនិញកែច្នៃ និងផលិត។ លើសពីនេះ ក្រុមហ៊ុនបានកត់សម្គាល់ជាពិសេសពីសក្តានុពលបើកចំហរបស់វៀតណាមជាមួយនឹង "ខ្យល់ថ្មី" នៅក្នុងឧស្សាហកម្មផលិតបន្ទះឈីប semiconductor និងសិប្បនិម្មិត (AI)។ Oxford Economics រំពឹងថាកំណើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសវៀតណាមនៅឆ្នាំនេះនឹងឈានដល់ ៧.២% ខ្ពស់ជាងការព្យាករណ៍ ៦.៩% សម្រាប់ឆ្នាំមុន។
ការព្យាករណ៍សុទិដ្ឋិនិយមខាងលើដោយ Oxford Economics គឺស្រដៀងគ្នាទៅនឹងការព្យាករណ៍នៃអង្គការ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន។ ឧទាហរណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារ UOB របស់សិង្ហបុរី បានដំឡើងការព្យាករណ៍កំណើនរបស់វៀតណាមដល់ ៦.៦% នៅឆ្នាំ ២០២៥។ ធនាគារពិភពលោក (WB) និងធនាគារ HSBC ជឿជាក់ថាវៀតណាមអាចសម្រេចបាននូវអត្រាកំណើន ៦.៥% សម្រាប់ឆ្នាំ ២០២៥។ រីឯធនាគារ Standard Chartered របស់អង់គ្លេសបានប៉ាន់ប្រមាណថាកំណើនរបស់ប្រទេសវៀតណាមនឹងកើនឡើង ៦.៧% ក្នុងឆ្នាំ ២០២៥។ កម្រិតព្យាករណ៍នេះនឹងជួយឱ្យវៀតណាមក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងក្រុមប្រទេសចំនួន ៦ ដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ (ត្រូវបានគេស្គាល់ផងដែរថាជា ASEAN-6 រួមទាំងសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម) ក៏ដូចជានៅកម្រិតទូទាំងពិភពលោក។
ទន្ទឹមនឹងនោះ គេហទំព័រ Fibre2fashion របស់ឥណ្ឌា បានដកស្រង់លទ្ធផលស្ទង់មតិរបស់សមាគមឧស្សាហកម្មម៉ូដអាមេរិក (USFIA) បានឲ្យដឹងថា ក្រុមហ៊ុនផលិតវាយនភណ្ឌ និងកាត់ដេរវៀតណាមកំពុងវិនិយោគលើម៉ាស៊ីនស្វ័យប្រវត្តិ ឌីជីថលូបនីយកម្ម និងសកម្មភាពប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពក្នុងដំណើរការផលិតកម្ម។ លើសពីនេះ វៀតណាមបន្តធ្វើពិពិធកម្មទីផ្សារនាំចេញលើសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) តាមរយៈការទាញយកទីផ្សារថ្មីនៅអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ដូចគ្នានេះដែរ ទំព័រ Financemiddleeast របស់ប្រទេសអារ៉ាប់រួម (UAE) បានលើកច្បាស់ថា ខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់។ ទិន្នន័យពីទីភ្នាក់ងារវាយតម្លៃការទុកចិត្ត Fitch Ratings បង្ហាញថា ទិន្នផលផលិតកម្មរបស់វៀតណាមកើនឡើង ៨.១% ក្នុងឆ្នាំ ២០២៤ ដោយបញ្ជាក់ថា វៀតណាមកំពុងក្លាយជាផ្នែកសំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
នាពេលថ្មីៗនេះ កិច្ចព្រមព្រៀងសំខាន់របស់សាជីវកម្ម Nvidia ក្នុងការទិញយក VinBrain ដែលជាអ្នកបង្កើតផលិតផលកម្មវិធី AI លើវិស័យវេជ្ជសាស្ត្រក្នុងប្រទេសវៀតណាម មិនត្រឹមតែបង្ហាញពីសក្ដានុពលនៃក្រុមហ៊ុនចាប់ផ្តើមបច្ចេកវិទ្យារបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងដាក់ប្រទេសវៀតណាមនៅលើផែនទីបច្ចេកវិទ្យាសកលទៀតផង។ យោងតាមគេហទំព័រ TechCrunch របស់សហរដ្ឋអាមេរិក ការកើនឡើងនៃឧស្សាហកម្មបច្ចេកវិទ្យាជួយពង្រឹងតួនាទីរបស់វៀតណាមជាមជ្ឈមណ្ឌលនវានុវត្តន៍នៅអាស៊ីអាគ្នេយ៍។ TechCrunch វាយតម្លៃថា វៀតណាមនឹងបន្តក្លាយជាគោលដៅសំខាន់សម្រាប់អង្គភាពអាជីវកម្មសកល ដែលស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ អាស្រ័យដោយទីតាំងភូមិសាស្រ្តអំណោយផល និងឧស្សាហកម្មផលិតកម្មដែលមានការប្រកួតប្រជែង ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកំពុងអភិវឌ្ឍ និងបណ្តាទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មជាយុទ្ធសាស្ត្រ៕
បកប្រែដោយ Huyen Trang