ចំណុចភ្លឺនៃការនាំចូល និងនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤
កប.អនឡាញ - នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មកាហ្វេរបស់វៀតណាមមានទំហំនាំចេញជាង ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅឆ្នាំ ២០២៤ ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបានជិត ៨០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំមុន និងលើសផែនការដែលបានកំណត់ជិត ៣ ដង។ នេះជាកម្រិតកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេលជិត៤០ឆ្នាំ នៃកិច្ចការផ្លាស់ប្តូរថ្មីប្រទេស។ ទំហំនៃការនាំចេញបានកើនឡើងក្នុងកម្រិតខ្ពស់ដោយសារការងើបឡើងវិញជាវិជ្ជមាននៃក្រុមមុខទំនិញនាំចេញសំខាន់ៗ។
|
|
សកម្មភាពនាំចូល និងនាំចេញទំនិញមានការងើបឡើងវិញយ៉ាងខ្លាំង ដែលជាចំណុចភ្លឺនៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងឆ្នាំ ២០២៤ (រូបថត៖ tapchicongthuong.vn) |
ក្នុងនោះ ទំហំនាំចេញសរុបនៃកសិផល រុក្ខាប្រមាញ់ និងជលផលត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៦២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៧% បើធៀបនឹងឆ្នាំ ២០២៣។ មុខទំនិញនាំមុខគេគឺបន្លែ និងផ្លែឈើដែលគ្រោងនឹងនាំមកនូវចំណូល ៧,២ ពាន់លានដុល្លារ។ ឆ្នាំ២០២៥ វៀតណាមកំណត់គោលដៅឲ្យក្លាយជាប្រទេសកំពូលទាំង៥ក្នុងពិភពលោកក្នុងការនាំចេញផលិតផលផ្លែឈើ។ នេះគឺជាគោលដៅដែលអាចសម្រេចបាន ខណៈដែលវៀតណាមបានចរចាជាមួយទីផ្សារថ្មីៗជាច្រើនដើម្បីបើកទីផ្សារផ្លែឈើថ្មី។ លោក Dang Phuc Nguyen អគ្គលេខាធិកានៃសមាគមបន្លែ និងផ្លែឈើវៀតណាមបានឲ្យដឹងថា៖ ឆ្នាំនេះការនាំចេញផ្លែឈើសម្រេច ៧,២ ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំក្រោយវាអាចឈានដល់ ៨ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់លេខ ២ គឺអង្ករ។ ក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករប្រមាណ ៩ លានតោន ដោយមានទឹកប្រាក់ជិត ៥,៨ ពាន់លានដុល្លារជាកំណត់ត្រាទាំងក្នុងបរិមាណនិងតម្លៃ។ ចំណាត់ថ្នាក់ទីបីគឺកាហ្វេ ជាមួយនឹងទំហំនៃការនាំចេញប្រហែល ៥,៥ ពាន់លានដុល្លារ។ នេះជាលើកទីមួយហើយដែលទំហំនៃការនាំចេញលើសពី ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កាហ្វេក៏ជាផលិតផលកសិផលដែលមានការកើនឡើងតម្លៃខ្លាំងបំផុតក្នុងចំណោមផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម។
រួមជាមួយនឹងកាហ្វេ គ្រាប់ស្វាយចន្ទីរបស់វៀតណាមក៏បានកត់ត្រាប្រវត្តិសាស្ត្រជាមួយនឹងទំហំនៃការនាំចេញឈានដល់ ៤,៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការណ៍នេះជួយឲ្យវៀតណាមរក្សាជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលេខ ១ លើពិភពលោកអស់រយៈពេលជិត ២ ទសវត្សរ៍។
ក្រៅពីចំណុចភ្លឺនៃវិស័យកសិកម្ម ការនាំចេញវាយនភណ្ឌ និងកាត់ដេរក៏ជាចំណុចលេចធ្លោមួយផងដែរ នៅពេលដែលឆ្នាំនេះគ្រោងនឹងឈានដល់ ៤៤ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជិត ១១% បើធៀបនឹងឆ្នាំ ២០២៣។ ជាមួយនឹងលទ្ធផលនេះ ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមបានវ៉ាដាច់ប្រទេសបង់ក្លាដែស ដើម្បីត្រលប់មកចំណាត់ថ្នាក់ទី ២ លើពិភពលោកវិញ គ្រាន់តែនៅពីក្រោយប្រទេសឥណ្ឌាអំពីអតិរេកការនាំចេញ។ គេគ្រោងថា នៅឆ្នាំ ២០២៥ ទីផ្សារនាំចូលសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងងើបឡើងវិញ ដូច្នេះតម្រូវការរបស់ប្រជាជននឹងបានកែលំអ ហើយឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរនឹងមានទស្សនវិស័យកាន់តែច្រើន៕
បកប្រែដោយ Pham Diep