អ្នកប្រាជ្ញឥណ្ឌាចាប់អារម្មណ៍នឹងសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម
កប.អនឡាញ - អ្នកប្រាជ្ញឥណ្ឌាវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំ២០២៤។ ដើម្បីយល់កាន់តែច្បាស់ពីការវាយតម្លៃនេះ អ្នកយកព័ត៌មានវៀតណាមនៅទីក្រុងញូវដែលីមានការសម្ភាសន៍ជាមួយលោក Reena Marwah សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Delhi និងជាអគ្គលេខាធិការសមាគមអ្នកប្រាជ្ញអាស៊ី។
លោកសាស្ត្រាចារ្យ Marwah ចាត់ទុកថា វៀតណាមមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ពីលើវិស័យពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ ដល់ការបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ទៀតផង។ ដូច្នេះ វឌ្ឍនភាពសង្គមរបស់ប្រជាជនវៀតណាមគឺគួរឲ្យលើកសរសើរ។ ក្នុងរយៈពេលតិចជាង ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (ចាប់តាំងពីឆ្នាំ១៩៨៦) វៀតណាមទទួលបានសមិទ្ធិផលដ៏អស្ចរ្យជាច្រើន។
យោងតាមលោកសាស្រ្តាចារ្យរូបនេះ ការដែលប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់របស់វៀតណាមកើនឡើងពីប្រហែល ២០០ ដុល្លារដល់ជាង ៤,០០០ ដុល្លារនៅឆ្នាំ២០២៤ បានបង្ហាញពីកំណើនគួរឲ្យចាប់អារម្មណ៍។ វៀតណាមមានសេដ្ឋកិច្ចរឹងមាំ ដែលមិនធ្លាប់ជួបប្រទះវិបត្តិហិរញ្ញវត្ថុធំណាមួយឡើយ។
វៀតណាមបានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ឧស្សាហកម្មធំៗ និងសាជីវកម្មពហុជាតិ។ នោះជាមូលហេតុដែលការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលវៀតណាមសម្រេចបាន ២៧.២៦ ពាន់លានដុល្លារអាមេរិក (ទិន្នន័យនៃអគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាមដែលគិតត្រឹមថ្ងៃទី ៣១ ខែតុលា) ហើយវៀតណាមតែងតែស្ថិតក្នុងក្រុមសេដ្ឋកិច្ចដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងពិភពលោក។
|
|
រូបថតឧទាហរណ៍ (រូបថត៖ bnews.vn) |
នាពេលថ្មីៗនេះ ប្រទេសវៀតណាមត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងវិទ្យាស្ថាន Lowy វាយតម្លៃជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អដោយបានយកឈ្នះលើភាពតក់ស្លុតជាច្រើន ដែលបង្ហាញតាមរយៈសមត្ថភាពក្នុងការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
លោកសាស្ត្រាចារ្យ Marwah បានលើកឡើងពីហេតុផលមួយចំនួនសម្រាប់វៀតណាមរក្សាបាននូវអត្រាកំណើនខ្ពស់នោះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន និងការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសជាច្រើន ក៏ដូចជាដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ច។ វៀតណាមក៏បានចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ក្រៅពីមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព លោកសាស្ត្រាចារ្យ Marwah ព្យាករណ៍ថា នៅឆ្នាំ២០២៥ វៀតណាមនឹងប្រឈមមុខនឹងបញ្ហាប្រឈមរបស់ខ្លួន។ ទីមួយគឺឱនភាពពាណិជ្ជកម្មជាមួយអាមេរិក។ ទីពីរគឺការដក "កាតលឿង" សម្រាប់សកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) របស់គណៈកម្មការអឺរ៉ុប។ ទីបីគឺសន្តិសុខថាមពល ដោយសារវៀតណាមបាននិងកំពុងជាប្រទេសនាំចេញថាមពល ហើយនឹងក្លាយជាប្រទេសនាំចូលថាមពលដោយសារតែការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម។ ទី៤ គឺការលើកកម្ពស់សមត្ថភាពសម្រាប់ប្រជាពលករ។ វៀតណាមគប្បីអភិវឌ្ឍឧស្សាហកម្មរបស់ខ្លួនបន្ថែមទៀត ដូច្នេះហើយត្រូវការប្រជាពលករប្រកបដោយគុណភាពខ្ពស់ច្រើនថែមទៀត។ ជាចុងក្រោយ យោងតាមលោកសាស្ត្រាចារ្យ Marwah វៀតណាមគប្បីលើកកម្ពស់គុណភាពនៃផលិតផលកសិកម្ម ព្រោះវានៅតែពឹងផ្អែកខ្លាំងលើការនាំចេញផលិតផលនេះ ព្រមទាំងផ្តោតលើការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពផងដែរ។
ទាក់ទិននឹងកិច្ចការបរទេស លោកសាស្ត្រាចារ្យឥណ្ឌាបានសង្កត់ធ្ងន់ថា វៀតណាមបានបង្កើតទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនត្រឹមតែជាមួយរុស្ស៊ី អាមេរិក ចិន និងឥណ្ឌាប៉ុណ្ណោះទេ ថែមទាំងជាមួយប្រទេសជាច្រើនទៀតផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបន្តទទួលស្វាគមន៍មេដឹកនាំកំពូលៗជាច្រើនលើពិភពលោក ដូចជាលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លោក Joe Biden ប្រធានាធិបតីអាមេរិក និងលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន... នេះបង្ហាញជាថ្មីម្តងទៀតពីតួនាទីកាន់តែសំខាន់ៗរបស់វៀតណាមលើឆាកអន្តរជាតិ៕
បកប្រែដោយ Thanh Cong