វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការធានាសេរីភាពសាសនា
កប.អនឡាញ - នាថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានទទួលជួបគណៈប្រតិភូគ្រូគង្វាលប្រូតេស្តង់អន្តរជាតិ និងមន្ត្រីពីររូបនៃវិទ្យាស្ថានតភ្ជាប់សកល (IGE/USA) ដឹកនាំដោយគ្រូគង្វាល Bob Roberts ប្រធាន IGE ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែធ្នូ។
ក្នុងជំនួបនេះ លោកប្រធាន VUFO Phan Anh Son បានជម្រាបជូនអំពីសកម្មភាពរបស់ VUFO ស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម និងទំនាក់ទំនងវៀតណាម-អាមេរិក រួមទាំងគោលនយោបាយ និងច្បាប់ទាក់ទងនឹងសាសនានៅវៀតណាម។ លោកប្រធាន VUFO បានសម្តែងនូវការជឿជាក់ថា តាមរយៈបទពិសោធន៍ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចលើកនេះ គ្រូគង្វាល Bob Roberts និងគណៈប្រតិភូនឹងមានសំឡេងដើម្បីរួមចំណែកនាំយករូបភាពនៃប្រទេសវៀតណាមមួយស្រស់ស្អាត រួសរាយរាក់ទាក់ មានសេរីភាពក្នុងជំនឿ និងសាសនា ជូនចំពោះរដ្ឋាភិបាល ប្រជាជនអាមេរិក និងមិត្តភក្តិអន្តរជាតិ។
|
|
ប្រតិភូទាំងឡាយថតរូបជុំគ្នា |
ដោយសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម គ្រូគង្វាល Bob Roberts បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់វៀតណាមក្នុងការធានាសេរីភាពខាងសាសនាជូនប្រជាជន។ គ្រូគង្វាល Bob Roberts បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងជួយសមាជិកស្វែងយល់អំពីគោលនយោបាយ និងច្បាប់ទាក់ទងនឹងសាសនា ស្វែងយល់ និងចែករំលែកបទពិសោធន៍អំពីគំរូសកម្មភាពសាសនានៅវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយក្រសួងការបរទេស វិទ្យាស្ថាននយោបាយជាតិហូជីមិញ គណៈកម្មាធិការសាសនារដ្ឋាភិបាល។
បកប្រែដោយ Duy Hoan