យោងតាមអត្ថបទនេះ ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់មួយគឺសម្ព័ន្ធក្រុមហ៊ុន Nvidia (អាមេរិក) ទើបតែបានទិញក្រុមហ៊ុន VinBrain (ក្រុមហ៊ុនដែលអភិវឌ្ឍផលិតផលកម្មវិធីបញ្ញាសិប្បនិមិត្ត (AI) ក្នុងវិស័យវេជ្ជសាស្រ្តនៅប្រទេសវៀតណាម)។ ព្រឹត្តិការណ៍នេះបង្ហាញថា វិស័យបច្ចេកវិទ្យារបស់វៀតណាមកំពុងអភិវឌ្ឍ ហើយវៀតណាមដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរថ្មីរបស់ពិភពលោក។

leftcenterrightdel
អត្ថបទចុះផ្សាយនៅលើ sourceofasia.com (រូបថត៖ vnanet.vn)

ទោះបីជាមានអស្ថិរភាពដែលបណ្តាលមកពីការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏វៀតណាមនៅតែទាក់ទាញសាជីវកម្មបច្ចេកវិទ្យាពិភពលោក ដែលជាសក្ខីភាពនៃភាពធន់របស់វៀតណាម។ ការទិញក្រុមហ៊ុន VinBrain របស់សម្ព័ន្ធក្រុមហ៊ុន Nvidia មិនត្រឹមតែសង្កត់ធ្ងន់លើសក្តានុពលនៃក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យារបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់វៀតណាមនៅលើផែនទីបច្ចេកវិទ្យាសកលផងដែរ។

យោងតាម TechCrunch (គេហទំព័រអំពីសកម្មភាពបច្ចេកវិទ្យាដែលទីស្នាក់ការនៅសហរដ្ឋអាមេរិក) ដំណោះស្រាយ AI របស់ VinBrain លើវិស័យរូបភាពវេជ្ជសាស្ត្រគឺស្របតាមចក្ខុវិស័យរបស់ Nvidia ក្នុងការជម្រុញ AI ក្នុងការថែទាំសុខភាព។ ព្រឹត្តិការណ៍ពោលខាងលើឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការជម្រុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលអភិវឌ្ឍយ៉ាងខ្លាំង។ គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានទាក់ទាញសាជីវកម្មធំៗ ដូចជា Nvidia នៅវៀតណាម។

អ្នកនិពន្ធអត្ថបទវាយតម្លៃថា ដោយមានទីតាំងភូមិសាស្រ្តអំណោយផល និងផ្នែកឧស្សាហកម្មផលិតកម្មមានភាពប្រកួតប្រជែង វៀតណាមបានក្លាយទៅជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់ធុរកិច្ចសកល ដែលកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ ការដែលវៀតណាមអាចរក្សាទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយទាំងអាមេរិក និងចិន ហើយជម្រុញផ្នែកឧស្សាហកម្មក្នុងប្រទេស បានជួយវៀតណាមបញ្ជាក់ពីតួនាទីជាកត្តាសំខាន់ក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិជ្ជាដែលកំពុងអភិវឌ្ឍ និងបណ្ដាទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មជាយុទ្ធសាស្ត្រ វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីកាន់តែធំនៅលើពិភពលោក៕

បកប្រែដោយ Thanh Cong