មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត "អនុសញ្ញាទីក្រុងហាណូយ" ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
កប.អនឡាញ - នារសៀលថ្ងៃទី២៤ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័ត ស្របមតិលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
|
|
ទិដ្ឋភាពនៃកិច្ចប្រជុំអនុម័តលើអនុសញ្ញាទីក្រុងហាណូយ |
បន្ទាប់ពីការចរចាអស់រយៈពេលជិត ៤ ឆ្នាំ "អនុសញ្ញាទីក្រុងហាណូយ" ត្រូវបានបង្កើតឡើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងក្នុងវិស័យអ៊ីនធឺណិត។ ក្រៅពីអត្ថប្រយោជន៍គ្មានដែនកំណត់ និងសក្តានុពលសម្រាប់ការអភិវឌ្ឍមនុស្សជាតិ បច្ចេកវិទ្យាឌីជីថលក៏បង្កហានិភ័យ និងការគំរាមកំហែងផ្នែកសន្តិសុខជាច្រើនផងដែរ ដែលគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសភាគច្រើន។ ការកើនឡើងគួរឱ្យព្រួយបារម្ភនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទាក់ទងនឹងទំហំ ភាពស្មុគស្មាញ និងវិសាលភាពនៃផលប៉ះពាល់ ត្រូវបានគេប៉ាន់ប្រមាណថាបានបណ្តាលឱ្យមានការខាតបង់ដល់សេដ្ឋកិច្ចពិភពលោកប្រហែល ៨០០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ១០,៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលធំជាងផលិតផលក្នុងស្រុកសរុប (GDP) នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ ក្នុងបរិបទនោះ “អនុសញ្ញាទីក្រុងហាណូយ” រួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់ទូលំទូលាយ ឆ្លើយតបនឹងតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់នីតិរដ្ឋក្នុងវិស័យអ៊ីនធឺណិត។
ការជ្រើសរើសរដ្ឋធានីហាណូយរបស់អង្គការសហប្រជាជាតិ ជាទីតាំងសម្រាប់ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានៅឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងបរទេសពហុភាគីរបស់វៀតណាម និង ៤៧ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូវៀតណាម - អង្គការសហប្រជាជាតិ។ ជាលើកដំបូងដែលទីតាំងមួយរបស់វៀតណាមត្រូវបានចុះបញ្ជី និងភ្ជាប់ជាមួយអនុសញ្ញាពហុភាគីជាសាកលទាក់ទងនឹងវិស័យសំខាន់ដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ។ ការជ្រើសរើសនេះឆ្លុះបញ្ចាំងពីការកើនឡើងនូវជំហរអន្តរជាតិ និងកេរ្តិ៍ឈ្មោះរបស់ប្រទេស ក៏ដូចជាការចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវរបស់វៀតណាមក្នុងដំណើរការចរចាអនុសញ្ញាទាំងមូល។
ធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើ “អនុសញ្ញាហាណូយ” ក៏ជាឱកាសសម្រាប់វៀតណាមបន្តលើកកំពស់តួនាទីជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងគួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ ជំរុញពហុភាគីនិយម និងចូលរួមក្នុងការដឹកនាំដំណើរការកសាង និងបង្កើតក្របខ័ណ្ឌអភិបាលកិច្ចឌីជីថលសកល។ ធានាសុវត្ថិភាពតាមអ៊ីនធឺណិត និងអធិបតេយ្យភាពជាតិក្នុងវិស័យអ៊ីនធឺណិត បង្កើតមូលដ្ឋានសម្រាប់អនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថល ដើម្បីត្រៀមខ្លួនជាស្រេចដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យឈានទៅមុខ។ នេះក៏ជាជំហានជាក់លាក់មួយ ដែលរួមចំណែកដល់ការអនុវត្តទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) រួមមាន ៩ ជំពូក និង ៧១ មាត្រា ហើយជាលទ្ធផលនៃកិច្ចចរចាបន្តបន្ទាប់ និងអូសបន្លាយជិត ៤ ឆ្នាំ (២០២១ - ២០២៤) រវាងបណ្តាប្រទេសជាសមាជិក ដើម្បីកសាងក្របខណ្ឌច្បាប់ពហុភាគីដ៏ទូលំទូលាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់នេះ។ បន្ទាប់ពីជិត ២០ ឆ្នាំចាប់តាំងពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែន សហគមន៍អន្តរជាតិមានក្របខ័ណ្ឌច្បាប់ពហុភាគីថ្មីដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៅក្នុងបណ្តាញអ៊ីនធឺណិត៕
បកប្រែដោយ Duy Hoan