វៀតណាម-អូស្ត្រាលី ស្រាវជ្រាវដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ
កប.អនឡាញ - នាថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតនៅវៀតណាម ជាពិសេសគឺការលើកកំពស់ទំនាក់ទំនងវៀតណាម - អូស្ត្រាលី ក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរដ្ឋទូតដែលសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីរៀបចំប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម និងអូស្ត្រាលី (ឆ្នាំ១៩៧៣ - ឆ្នាំ២០២៣) ហើយជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កើនជំនួបប្រាស្រ័យរវាងប្រជាជន និងរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។
លោក Bui Thanh Son បានស្នើថា ភាគីទាំងពីរបង្កើនការចែករំលែកព័ត៌មាន និងពិគ្រោះយោបល់តាមរយៈយន្តការសន្ទនាទ្វេភាគី និងនៅវេទិកាពហុភាគី ព្រមទាំងអនុវត្តយ៉ាងសកម្មនូវកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាល ២០២៤ - ២០២៧ ក្នុងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម - វិនិយោគ អប់រំ ពលកម្ម ស្រាវជ្រាវដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល ថាមពល និងកំណើនបៃតង។ លោកក៏បានស្នើថា អូស្ត្រាលីបន្តជួយគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម ជួយវៀតណាមលើកកំពស់សមត្ថភាពរបស់ខ្លួនក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន។
|
|
លោក Bui Thanh Son ទទួលជួបលោក Andrew Goledzinowski (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
លោក Andrew Goledzinowski បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ និងជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់អូស្ត្រាលីនៅក្នុងតំបន់ ហើយអះអាងថា រដ្ឋាភិបាលអូស្ត្រាលីបន្តយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភវៀតណាម ក៏ដូចជាការជំរុញទំនាក់ទំនងវៀតណាម-អូស្ត្រាលី។
លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផលរបស់ការកសាង អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសមិទ្ធិផលកិច្ចការបរទេសរបស់វៀតណាម ហើយចាត់ទុកនេះជាពេលវេលាល្អសម្រាប់ទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលថ្មី ជាមួយនឹងការរីកចម្រើនលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដូចជា ការពារជាតិ សន្តិសុខ ការអប់រំ ការធ្វើបរិវត្តកម្មឌីជីថល ...
លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងឋានៈណាក៏ដោយ លោកនឹងបន្តយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី៕
បកប្រែដោយ Thuy Anh