លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួមពិធីបើកការដ្ឋាន និងត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Lao Cai
កប.អនឡាញ - នារសៀលថ្ងៃទី ២២ ខែធ្នូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវដែក Lao Cai - ហាណូយ - Hai Phong និងចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមនៅទីក្រុង Lao Cai។
ផ្លូវដែក Lao Cai - ហាណូយ - Hai Phong ត្រូវបានគេរំពឹងថា នឹងមានថវិកាវិនិយោគសរុបប្រហែល ១១.៦ ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងសរុបជិត ៤០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន ៩ រួមមាន៖ ខេត្ត Lao Cai ខេត្ត Yen Bai ខេត្ត Phu Tho ខេត្ត Vinh Phuc ទីក្រុងហាណូយ ខេត្ត Bac Ninh ខេត្ត Hung Yen ខេត្ត Hai Duong និងខេត្ត Hai Phong។ តាមគម្រោង ផ្លូវដែកនេះនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០២៥ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០៣០។
|
|
លោក Pham Minh Chinh ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លំនៅដ្ឋានសង្គមនៅទីក្រុង Lao Cai (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីបានស្នើថា ដើម្បីសម្រេចបាននូវគោលដៅនៃការចាប់ផ្តើមអនុវត្តគម្រោងនៅចុងឆ្នាំ២០២៥ ក្រសួងគមនាគមដឹកជញ្ជូនវៀតណាមត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដើម្បីបញ្ចប់ការរៀបចំ ហើយជូនឯកសារគម្រោងដល់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
យោងតាមលោកនាយករដ្ឋមន្ត្រី ចាំបាច់កែសម្រួលចំនួន និងទីតាំងនៃស្ថានីយ៍ដឹកទំនិញ និងអ្នកដំណើរឲ្យបានសមស្រប ធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ល្បឿនរថភ្លើង និងផ្លូវរថភ្លើងត្រូវធានាបាននូវព្រមៗគ្នាជាមួយផ្លូវដែកចិន។ ជាពិសេស ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីធានាការតភ្ជាប់ផ្លូវដែកវៀតណាម និងចិនប្រកបដោយរលូន។
*នារសៀលថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គម Golden Square Lao Cai ដែលបណ្តាក់ទុនដោយក្រុមហ៊ុន Dong A Golden Square និងក្រុមហ៊ុន Foodinco Quy Nhon នៃសម្ព័ន្ធក្រុមហ៊ុន Alphanam នៅសង្កាត់ Bac Lenh ទីក្រុង Lao Cai៕
បកប្រែដោយ Thuy Anh