រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមកោតសរសើរដល់កងកម្លាំងដែលបានរួមចំណែកដល់ជោគជ័យនៃរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍
កប.អនឡាញ - នាថ្ងៃទី ២២ ខែធ្នូ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើលិខិតលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន កម្មករ និយោជិតនៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបានជោគជ័យនៃរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍។ កាសែតកងទ័ពប្រជាជនបានចុះផ្សាយខ្លឹមសារនៃលិខិតរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang៖
សូមផ្ញើជូនកម្មាភិបាល យុទ្ធជន កម្មករ និយោជិតនៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេស។
សមមិត្តទាំងអស់ជាទីគោរព!
ក្នុងក្តីរំភើបរីករាយ និងមោទនភាព ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋអំពីការប្រារព្ធពិធីបុណ្យសំខាន់ៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗក្នុងរយៈពេល ៣ ឆ្នាំ ២០២៣-២០២៥; ការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ស្ថាប័នមជ្ឈិម មូលដ្ឋាន គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្ស មេបញ្ជាការស្ថាប័ន អង្គភាពនានានៃកងទ័ពទាំងមូល បានរៀបចំដោយជោគជ័យនូវសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ / ២២ ធ្នូ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ / ២២ ខែធ្នូ ឆ្នាំ ២០២៤) ដែលនេះបានបន្សល់ទុកនូវសញ្ញាណសម្គាល់លេចធ្លោ និងអារម្មណ៍ល្អជាច្រើនក្នុងដួងចិត្តរបស់ប្រជាជន និងមិត្តអន្តរជាតិ រួមចំណែកអប់រំប្រពៃណី បដិវត្តន៍ដ៏រុងរឿង ស្មារតីនៃមហាសាមគ្គីភាពជាតិ មោទនភាព និងកម្លាំងនៃកងទ័ពប្រជាជនវៀតណាមវីរភាព។ លើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន កម្មករ និយោជិតនៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេស ខិតខំកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ មានរបៀបរៀបរយ ចំណាន និងទំនើប ជាស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល រួមជាមួយនឹងប្រជាជនទាំងអស់ ការពារយ៉ាងរឹងមាំមាតុភូមិសង្គមនិយមវៀតណាម រក្សាបរិយាកាសសន្តិភាព ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស |
ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងជំនះពុះពារលើការលំបាករបស់កម្មាភិបាល យុទ្ធជន កម្មករ និយោជិតនៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេសបានចូលរួមចំណែកជាច្រើនដល់ជោគជ័យនៃសកម្មភាពរំលឹកខួបអនុស្សាវរីយ៍។
ឆ្នាំ ២០២៥ ជាមួយនឹងភារកិច្ចថ្មី និងសកម្មភាពសំខាន់ៗជាច្រើន អបអរសាទរខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូងវៀតណាម និងឯកភាពប្រទេស (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥) ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២៥) មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ មហាសន្និបាតបក្សភាគកងទ័ពលើកទី ១២ តម្រូវឲ្យមានការខិតខំប្រឹងប្រែង សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់កម្មាភិបាល យុទ្ធជន កម្មករ និយោជិតនៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេស ខ្ញុំសង្ឃឹមថា ជាមួយនឹងប្រពៃណីដ៏រុងរឿងនៃ ៨០ ឆ្នាំកសាង ប្រយុទ្ធ ទទួលបានជោគជ័យ និងការរីកចម្រើន របស់កងទ័ពប្រជាជនវៀតណាមវីរភាព ជាមួយនឹងឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រទេសជាតិទាំងមូល កម្មាភិបាល យុទ្ធជន កម្មករ និយោជិតនៃកងទ័ពទាំងមូល និងកងជីវពលទូទាំងប្រទេស នឹងរួបរួមគ្នា ជំនះការលំបាក បំពេញភារកិច្ចប្រកបដោយជោគជ័យ សក្តិសមនឹងជំនឿជាក់ និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន។
សូមជូនពរអោយសមមិត្តទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យ។
បកប្រែដោយ Duy Hoan